ក្រុម​រដ្ឋ​អ៊ីស្លាម​​​​​អះអាង​ទទួលខុសត្រូវ​​​​ការវាយប្រហារ​​ដ៏​កក្រើក​​នៅ​ស្រីលង្កា​

24-04-2019 9:36 am 582
  ស្តាប់
ទិដ្ឋភាពនៅទីតាំងរងគ្រោះនិងរូបជនសង្ស័យ​បំផ្ទុះគ្រាប់អត្ដឃាត
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ដ្រី​ស្រីលង្កា​លោក​Ranil Wickremesinghe បាន​និយាយថា​ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)​ទំនងជា​បាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក នៅក្នុង​ព្រះវិហារ​និង​សណ្ឋាគារ​ជាច្រើន​កន្លែង​កាលពី​ចុង​សប្ដាហ៍​មុន​។ លោក​ថា​រដ្ឋាភិបាល​ជឿជាក់​ការវាយប្រហារ​មិនអាច​កើតឡើង​បានទេ ប្រសិនបើ​គ្មាន​ជំនួយ​ពី​ក្រុម​ភេរ​វករ​នៅ​ក្រៅប្រទេស​។ កាលពី​ថ្ងៃ​អង្គារ​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចេញមុខ​ទទួលខុសត្រូវ ប៉ុន្ដែ​មិនបាន​ផ្ដល់ព័ត៌មាន​ឬ​ភស្ដុតាង​លម្អិត​ឡើយ​។ 

​ចំណែក​ប្រធានាធិបតី​ស្រីលង្កា​កាលពី​ថ្ងៃ​អង្គារ​បាន​ប្ដេជ្ញា​ដែរថា នឹង​ពង្រឹង​កម្លាំងយោធា​ឲ្យ​កាន់តែខ្លាំ​ងជាង​មុន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការវាយប្រហារ​។ លោក​ប្រធានាធិបតី​Maithripala Sirisena​បាន​និយាយថា លោក​នឹង​រៀបចំ​កងកម្លាំង​សន្ដិសុខ​និង​កម្លាំង​ប៉ូលិស​ឡើងវិញ ស្ថិតក្រោម​ការគ្រប់គ្រង​របស់លោក​។ ការធ្វើកំណែទម្រង់​នេះ​នឹង​រៀបចំឡើង​ឲ្យបាន​ឆាប់​បំផុត គឺ​នឹង​បញ្ចប់​ក្នុងពេល​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​នៅ​ព្រះវិហារ​និង​សណ្ឋាគារ​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន បណ្ដាលឲ្យ​មនុស្ស​ស្លាប់​កើនឡើង​ដល់​ជាង​៣០០​នាក់ និង​រងរបួស​ប្រមាណ​៥០០​នាក់​។  នេះ​ជា​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ប្រវត្ដិសាស្ដ្រ​ស្រីលង្កា ហើយ​មេដឹកនាំ​អន្ដរជាតិ​បាន​ផ្ញើ​សារ​រំលែក​ទុក​ក៏ដូចជា​គាំទ្រ​ស្រីលង្កា​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​។ 

​មុន​ការវាយប្រហារ​កើតឡើង អាជ្ញាធរ​ទទួលបាន​សារ​ព្រមាន​មួយ​ថា​នឹង​មានការ​បំផ្ទុះ​គ្រាប់បែក​កើតឡើង ប៉ុន្ដែ​ដំណឹង​នេះ​មិន​បានដឹង​ដល់​ថ្នាក់ដឹកនាំ​ឡើយ​។ ដូច្នេះហើយ​ស្រីលង្កា​ប្ដេជ្ញា​នឹង​បង្កើន​សកម្មភាព​ប្រឆាំង​អំពើ​ភេរវកម្ម​។ បន្ទាប់ពី​ការវាយប្រហារ​អាជ្ញាធរ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤០​នាក់​ផងដែរ ដែល​ភាគច្រើន​គឺជា​សមាជិក​ក្រុម​National Thowheed Jamath ជា​ក្រុម​អ៊ីស្លាម​និយម​នៅ​ក្នុងស្រុក​។ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ថា​តើ​ក្រុម​នេះ មាន​ពាក់ព័ន្ធ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​មែនឬ​យ៉ាងណា​៕

ព័ត៌មានផ្សេងទៀត