លោក​គីម​និង​លោកពូ​ទីន នឹង​ជួប​ពិភាក្សាគ្នា​លើកដំបូង នៅ​ថ្ងៃទី​២៥​មេសា​

23-04-2019 4:56 pm 426
  ស្តាប់
លោកគីម ជុងអ៊ុននៅខាងឆ្វេងលោកវ៉្លា ឌៀមៀពូទីន
ស្តាប់ជាសំឡេង

​ប្រភព​ស្និទ្ធ​នឹង​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង​ទៅកាន់​ប្រទេស​រុស្ស៊ី បាន​ប្រាប់​កាសែត​រុស្ស៊ី​Kommersant​ថា ជំនួប​ពិភាក្សា​លើកដំបូង រវាង​លោក​គីម និង​លោក​វ៉ា្ល ឌៀ​មៀ​ពូ​ទីន នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥​ខែមេសា​ឆ្នាំ​២០១៩ ។ ទីកន្លែង​ជួបពិភាក្សា​វិញ ទំនង​រៀបចំ​ធ្វើ​នៅ សាកលវិទ្យាល័យ Far Eastern Federal ស្ថិតនៅក្នុង​ទីក្រុង​Vladivostok ប្រទេស​រុស្ស៊ី​។ នៅ​បរិវេណ​នៃ​សាកលវិទ្យាល័យ​នេះ គេ​ឃើញ​មាន​ការរៀបចំ ដូចជា​ការ​ដោត​ទង់ជាតិ នៃ​ប្រទេស​កូរ៉េខាងជើង និង​ទង់ជាតិ​នៃ​ប្រទេស​រុស្ស៊ី​ជាដើម​។ ទន្ទឹមនឹង​ថ្ងៃ​ពិភាក្សា​កាន់តែ​ខិតជិត​មកដល់ គេ​បាន​ប្រទះឃើញ​លោក Kim Chang Son ជំនួយការ​កំពូល​រប​ស់លោក​គីម បង្ហាញ​វត្តមាន​នៅក្នុង​ក្រុង​Vladivostok កាលពី​ថ្ងៃអាទិត្យ​ផងដែរ​។​

​ចំណែក រ​បៀប​វារៈ​នៃ​កិច្ចប្រជុំ​វិញ រួមមាន​ការនិយាយ អំពី ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​រុស្ស៊ី​, ការរំលាយ​នុយក្លេអ៊ែរ និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​។ នេះ​បើ​យោងទៅតាម​ប្រភពព័ត៌មាន ពី​ក្រសួងការបរទេស​កូរ៉េខាងត្បូង​។ ចំពោះ ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង រុស្ស៊ី​ក៏​ធ្លាប់​ចូលរួម អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង បោះបង់​អាវុធ​នុយក្លេអ៊ែ​រដែរ​។ កាលនោះ​គេ​ហៅថា កិច្ចចរចា​នុយក្លេអ៊ែរ​៦​ភាគី រួមមាន​រុស្ស៊ី កូរ៉េខាងត្បូង ជប៉ុន ចិន អាមេរិក​និង​កូរ៉េខាងជើង រៀបចំ​ធ្វើឡើង​នៅ​ឆ្នាំ​២០០៩​។ កូរ៉េខាងត្បូង​រំពឹងថា រុស្ស៊ី​នឹង​ឆ្លៀតឱកាស​នេះ ជំរុញ​រឿង​ដ៏​រសើប​មួយ​នេះ ឲ្យ​ស្ទុះ​ទៅមុខ បន្ទាប់ពី​លោក​ដូណាល់ ត្រាំ​និង​លោក​គីម មិនអាច​ស្វែងរក​កិច្ចព្រពមព្រៀង​រួម​ជាមួយគ្នាបាន ក្រោយ​ការចរចា​២​លើក នៅ​សិង្ហ​បុរី​និង​វៀតណាម​។  អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី​លោក​Dmitry Peskov​បាន​និយាយថា រដ្ឋាភិបាល​រុស្ស៊ី​នឹងធ្វើ​គ្រប់យ៉ាង​តាម​លទ្ធភាព ដើម្បី​ជំរុញ​ការរំលាយ​នុយក្លេអ៊ែ​រលើ​ឧបទ្វីប​កូរ៉េ​។ 

​សម្រាប់​អ្នកជំនាញ​ជនជាតិ​រុស្ស៊ី បាន​និយាយថា ការធ្វើដំណើរ​ឆ្លងដែន ដើម្បី​ទៅ​ជួប​លោក​ពូន​ទីន ពី​សំណាក់​លោក​គីម គឺ​កូរ៉េខាងជើង​ចង់បង្ហាញ​ឲ្យ​អាមេរិក​ឃើញថា ខ្លួន​មិន​ឯកោ​ទេ គឺ​នៅមាន​ប្រទេស​មហាអំណាច​ដូច​រុស្ស៊ី​ជា​ញាតិ​ដែរ​។ អ្នកជំនាញ​ខ្លះ​ទៀតថា ការងា​កមក​ពូន​ជ្រុំ​ទំនាក់ទំនង​ជាមួយ​រុស្សី គឺ​កូរ៉េខាងជើង​មិន​ចង់​ពឹងពាក់​ខ្លាំង ទៅលើ​អាមេរិក ចិន និង​កូរ៉េខាងត្បូង​ដូច​សព្វថ្ងៃ​។ ការបើកចំហ​ទំនាក់ទំនង នឹង​អាចជួយ​បំបែក​ភាពជាប់គាំង ដែល​កូរ៉េខាងជើង​បាននិងកំពុង​ជួបប្រទះ ជាពិសេស​ទណ្ឌកម្មសេដ្ឋកិច្ច ដែលជា​លទ្ធផល​ពី​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​កន្លងមក​។​

សូម​បញ្ជាក់ដែរថា មេដឹកនាំ​កូរ៉េខាងជើង​និង​រុស្ស៊ី បាន​ជួបប្រជុំគ្នា​លើកចុងក្រោយ នៅ​ឆ្នាំ ២០១១​។ កាលនោះ គឺជា​ការជួបពិភាក្សារ​វាង​អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev និង​អតីត​ប្រធានាធិបតី​កូរ៉េខាងជើង​លោក​គីម ជុងអ៊ីល ត្រូវជា​ឪពុក​របស់លោក​គីម ជុង​អ៊ុន​៕

ព័ត៌មានផ្សេងទៀត