ការប្រែប្រួល​អាកាសធាតុ​​ជា​សង្គ្រាម​​មួយ​​វាយលុក​​ពិភពលោក​​ជា​រៀងរាល់ថ្ងៃ

23-04-2019 1:38 pm 1241
ពិភពលោក​កំពុង​រងគ្រោះ​ដោយសារ​ការប្រែប្រួលអាកាសធាតុ

​បើ​គិតពី​សង្គ្រាម​ប្រដាប់អាវុធ​កើតឡើង​តែ​លើ​ប្រទេស​ដែលមាន​ជម្លោះ​ប៉ុណ្ណោះ​។ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​សម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់ ដូចជា​សង្គ្រាមលោកលើកទី​១​និង​សង្គ្រាមលោកលើកទី​២ ពិតជា​មិនអាច​កើតឡើង​បាន​ទៀត​ទេ លើកលែងតែ​សង្គ្រាមស៊ីវិល​។ តែ​សង្គ្រាម​មួយ​ដែល​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​ត្រូវ​ត្រៀមខ្លួន​ប្រយុទ្ធប្រឆាំង គឺ​ការប្រែប្រួល​អាកាសធាតុ​។ បើ​មិន​ត្រៀមខ្លួន​ការពារ​ទេ ការប្រែប្រួល​អាកាសធាតុ​នឹង​បង្ក​មហន្ដរាយ​មិន​នឹកស្មាន​ដល់ ដូច​បណ្ដា​ប្រទេស​មួយចំនួន​បាន​ជួបប្រទះ​រួចហើយ​។ តើ​ការប្រែប្រួល​អាកាសធាតុ​ពិតជា​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​? គួរ​ធ្វើយ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​? 

​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​រៀបចំ​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖ 

សំឡេង៖

​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​បញ្ហា​រលក​កម្ដៅ​កើនឡើង​បាន​បន្ដ​ឥតឈប់ឈរ កត្ដា​នេះ​ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​។ ចាប់តាំងពី​មាន​បដិវត្ដន៍​ឧស្សាហកម្ម កម្ដៅ​លើ​ពិភពលោក​បាន​កើនឡើង​១​អង្សា​សេ ដោយសារតែ​មនុស្ស​ជា​អ្នក​បំពុលបរិយាកាស​។ អ្នកការពារ​បរិស្ថាន​និង​អ្នកជំនាញ​ផ្នែក​អាកាសធាតុ បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​កាន់តែខ្លាំង ព្រោះ​ការប្រែប្រួល​អាកាសធាតុ​នឹង​បង្ក​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ វា​ប្រៀបដូចជា​ការប្រឈមមុខ​នឹង​សង្គ្រាម​មួយ​អ៊ីចឹង​ដែរ​។ សម័យមុន​មនុស្សជាតិ​ប្រឈម​នឹង​សង្គ្រាម​ប្រដាប់អាវុធ ដែល​កាប់សម្លាប់​មនុស្ស​រាប់ម៉ឺន​រាប់សែន​នាក់ ជាក់ស្ដែង​ដូចជា​សង្គ្រាមលោកលើកទី​១​និង​សង្គ្រាមលោកលើកទី​២​។ 
​ប៉ុន្ដែ​ក្នុង​សតវត្ស​ទី​២១​នេះ​សង្គ្រាម​ប្រដាប់អាវុធ​ទ្រង់ទ្រាយ​ធំ​មិន​រំពឹងថា​កើតឡើង​ទៀត​ទេ ដ្បិត​មាន​ការរត់ប្រណាំ​សព្វាវុ​ធ​ពីសំ​ណាក់ប្រទេស​មហាអំណា​ច​ក៏ដោយ អាចមាន​ត្រឹម​សង្គ្រាមស៊ីវិល​ប៉ុណ្ណោះ​។ តែ​អ្វីដែល​មនុស្សជាតិ​ត្រូវ​ជួបប្រទះ​មិនអាច​ប្រកែក​បាន គឺ​សង្គ្រាម​នៃ​ការប្រែប្រួល​អាកាសធាតុ​ដែល​កំពុង​វាយលុក​ជា​រៀងរាល់ថ្ងៃ។ សង្គ្រាម​ប្រដាប់អាវុធ​រងគ្រោះ​តែ​ប្រទេស​មាន​ជម្លោះ​ប៉ុណ្ណោះ ប៉ុន្ដែ​សង្គ្រាម​នៃ​ការប្រែប្រួល​អាកាសធាតុ​គ្រប់​ប្រទេស​ទាំងអស់​សុទ្ធតែ​រងគ្រោះ មិន​ថា​ប្រទេស​អ្នកមាន ប្រទេស​អ្នកក្រ ប្រទេស​មាន​សន្ដិភាព ប្រទេស​អ​សន្ដិភាព​ក្ដី​។​

​នៅពេលដែល​និយាយ​ពី​ភពផែនដី​ដែល​មនុស្ស​កំពុង​រស់នៅ ជន​សាមញ្ញ​ពិតជា​មិនបានរ​ម្ភនោះ​ទេ​ដោយសារ​ពួកគេ​មិនបាន​ដឹងថា​ផែនដី​នេះ​កំពុង​ប្រែប្រួល​យ៉ាងណា កំពុង​រងគ្រោះ​យ៉ាងណា ប៉ុន្ដែ​សម្រាប់​អ្នកជំនាញ​វិញ​បាន​ខិតខំ​ធ្វើការ​គ្មាន​សម្រាក រក​វិធីសាស្ដ្រ​ការពារ​ភពផែនដី​ឲ្យ​រស់នៅ​បាន​យូរអង្វែង ការពារ​ពី​បាតុភូត​ប្រែប្រួល​អាកាសធាតុ​។ បណ្ដា​អង្គការ ស្ថាប័ន និង​សមាគម​ជាច្រើន​ទូទាំង​ពិភពលោក នាំគ្នា​ចងក្រង​ជា​ក្រុម​រួម​ការងារ​រួម​គិត​រក​ដំណោះស្រាយ​ទប់​ទល់នឹង​ការប្រែប្រួល​អាកាស​។​

​អ្នកជំនាញ​ខ្លះ​មើលឃើញថា​ដើម្បី​ជួយសង្គ្រោះ​ផែនដី​បាន ចាំបាច់​ត្រូវ​ចំណាយពេល​រាប់​ឆ្នាំ​ឯណោះ​។ អ្នកខ្លះ​ថា​ការបញ្ចេញ​ឧស្ម័ន​ពុល​កាបូនឌីអុកស៊ីត នឹង​អាច​កាត់បន្ថយ​បាន​ពាក់កណ្ដាល​នៅ​ឆ្នាំ​២០៣០ ហើយ​អាច​កាត់បន្ថយ​បាន​ទាំងស្រុង​នៅ​ឆ្នាំ​២០៥០ ដើម្បី​រួច​ផុតពី​ការប្រែប្រួល​អាកាសធាតុ​។ តែ​នេះ​គ្រាន់តែ​ជា​ការប៉ាន់ប្រមាណ​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​មាន​បណ្ដា​ប្រទេស​មួយចំនួន​មិនបាន​រួម​ដៃ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​ឡើយ​។ 

​ជា​ការទប់ស្កាត់​កុំឲ្យ​គ្រោះថ្នាក់​ពី​ការប្រែប្រួល​អាកាសធា​តុប​ន្ដ​កើតឡើង កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​ត្រូវបាន​ចុះ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​កៀរគរ​បណ្ដា​ប្រទេស​ធំៗ​ឲ្យចូល​រួម​។ ប៉ុន្ដែ​ជា​រឿង​អកុសល​ដែល​មហាអំណាច​អាមេរិក ជា​ប្រទេសមួយ​មានការ​បំពុលបរិយាកាស​ខ្លាំង​បំផុត​លើ​លោក​ដែរនោះ បែរជា​ប្រកាស​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទៅវិញ ព្រោះតែ​គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ តាម​ការបញ្ជាក់​កន្លង​មក​អាមេរិក​ថា បើសិនជា​ព្រម​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​នេះ អាមេរិក​ប្រាកដជា​ខាតបង់​សេដ្ឋកិច្ច​ខ្លាំង ហើយ​មិន​ស្មើភាព​ទេស​សម្រាប់​អាមេរិក​។ ដូច្នេះ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ដូណាល់ ត្រាំ ដែល​កំពុង​គិត​សេដ្ឋកិច្ច​ជាធំ​នោះ លោក​បានសម្រេច​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ទី​ក្រុងប៉ារីស​។​

​យើង​ចាប់អារម្មណ៍​ពី​ផលប៉ះពាល់​ដោយសារតែ​ការ​ប្រួល​ប្រួល​អាកាសធាតុ គឺ​វា​ធ្វើឲ្យ​អាកាសធាតុ​ឡើង​កម្ដៅខ្លាំង​ដូច​បានបញ្ជាក់​ខាងដើ​ម​។ បើតាម​ការបញ្ជាក់​ពី​អង្គការ​តាមដាន​សីតុណ្ហភាព គិតតែ​ក្នុង​តំបន់​អាស៊ាន​សីតុណ្ហភាព​បាន​ប្រែប្រួល​យ៉ាងខ្លាំង​។ ក្នុងនោះ​មានដូចជា​មី​យ៉ាន់​ម៉ា​សីតុណ្ហភាព​បាន​កើនឡើង​រហូតដល់​៤៧.២​អង្សា​សេ ថៃ​៤៤.៦​អង្សា​សេ វៀតណាម​៤២.៧​អង្សា​សេ កម្ពុជា​៤២.៦​អង្សា​សេ ហ្វីលីពីន​៤២.២​អង្សា​សេ ឡាវ​៤២​អង្សា​សេ ម៉ាឡេស៊ី​៤០.១​អង្សា​សេ ឥណ្ឌូនេស៊ី​៣៩.៥​អង្សា​សេ សិង្ហ​បុរី​៣៧​អង្សា​សេ និង​ព្រុយ​ណេ​៣៥​អង្សា​សេ​។ តាម​តួលេខ​នេះ​បញ្ជាក់ថា សីតុណ្ហភាព​ពិតជា​កើនឡើង​បើ​ប្រៀបធៀប​ពីមុន​។ បើ​សីតុណ្ហភាព​កើនឡើង​ឥតឈប់ឈរ នោះ​ទឹកកក​នៅ​តំបន់​ប៉ូល​នឹង​រលាយ​ធ្វើឲ្យ​បណ្ដា​ទីក្រុង​ធំៗ​ត្រូវ​ជន់​លិច​ក្រោម​ទឹកសមុទ្រ​។ ក្រៅពី​រលក​កម្ដៅ​កើនឡើង​ខ្ពស់ ការប្រែប្រួល​អាកាសធាតុ​បណ្ដាលឲ្យមាន​ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត​ជាដើម ដែល​ក្នុង​មួយឆ្នាំៗ​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់​ដោយសារតែ​បញ្ហា​នេះ​។ 

​និយាយ​ពី​វិធានការ​ដើម្បី​ជួយសង្គ្រោះ​ផែនដី គឺ​ត្រូវ​ទប់ស្កាត់​ការបញ្ចេញ​ឧស្ម័ន​ពុល​ទៅក្នុង​បរិយាកាស ឧទាហរណ៍​ដូចជា​ផ្សែង​ពុល​ចេញពី​រោងចក្រ សហគ្រាស ក្រុមហ៊ុន​ឧស្សាហកម្ម​នានា​។ បើ​ទប់ស្កាត់មិបា​ន​ត្រូវប្រើប្រាស់​បច្ចេកវិទ្យា​ដែល​កាត់បន្ថយ​ការ​បំពុលបរិយាកាស​។ ទាំងនេះ​ក៏​ជា​វិធានការ​ដែល​បណ្ដា​ប្រទេស​លោកខាងលិច​កំពុង​អនុវត្ដ​។ អ្វីដែល​សំខាន់​មួយទៀត​នោះ​ប្រទេស​អ្នកមាន​កំពុង​លើក​ទឹកចិត្ដ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ដ ផលិត​រថយន្ដ​អគ្គិសនី​វិញ​ម្ដង ឈប់​ផលិត​រថយន្ដ​ដែល​ប្រើ​ចំហេះ​ឥន្ធនៈ​ទៀត​។ ធ្វើដូច្នេះបាន​គឺ​ពិតជា​អាច​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ពុល​ចេញពី​រថយន្ដ ដែលជា​ផ្នែក​មួយ​នៃ​កត្ដា​ប្រែប្រួល​អាកាសធាតុ​។ ម្យ៉ាងវិញទៀត​ការកាប់បំផ្លាញ​ព្រៃឈើ ការ​ចោល​សម្រាប​ពាសវាល​ពាសកាល ក៏​សុទ្ធតែជា​សកម្មភាព​រួម​ចំណែក​បំផ្លាញ​ផែនដី ធ្វើឲ្យ​អាកាសធាតុ​ប្រែប្រួល ហេតុនេះ​ត្រូវតែ​ទប់ស្កាត់​ទង្វើ​ទាំងអស់នេះ​ឲ្យបាន ទោះ​មិនបាន​១០០​ភាគរយ​តែ​អាច​កើតឡើង​តិចតួច​បំផុត​។ 

​ជារួម​មក​ទោះ​បច្ចុប្បន្ន​ការប្រែប្រួល​អាកាសធាតុ​មិនទាន់​ស្ថិតក្នុង​កម្រិត​ធ្ងន់ធ្ងរ​បំផុត ប៉ុន្ដែ​ប្រសិន​បណ្ដោយឲ្យ​សកម្មភាព​បំផ្លាញ​ផែនដី សកម្មភាព​ជំរុញ​ការបំផ្លាញ​ធម្មជាតិ​កាន់តែខ្លាំង មិនយូរ​ទេ​ផែនដី​ទាំងមូល​នឹងត្រូវ​ធ្លាក់​ក្នុង​គ្រោះមហន្ដរាយ​នៃ​ការប្រែប្រួល​អាកាសធាតុ ហើយ​ជីវិត​មនុស្ស​សត្វ​​នៅលើ​ផែនដី​ក៏ត្រូវ​បាត់បង់​ជា​បន្ដបន្ទាប់​។ ដូច្នេះ​ប្រជាជន​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ត្រូវ​បណ្ដុះ​គំនិត​ស្រឡាញ់​ផែនដី ស្រឡាញ់​បរិស្ថាន ស្រឡាញ់​ធម្មជាតិ វា​ប្រៀបដូចជា​ការស្រឡាញ់​ជិវិត​ខ្លួនឯង​អ៊ីចឹង​ដែរ​៕

ព័ត៌មានផ្សេងទៀត