កូរ៉េខាងត្បូង​នឹង​​រម្លឹក​ខួប​មួយឆ្នាំ​​នៃ​ការចរចា​​ជាមួយ​កូរ៉េខាងជើង​​ក្នុង​សប្ដាហ៍​​នេះ​

22-04-2019 4:13 pm 576
  ស្តាប់
មេដឹកនាំកូរ៉េខាងជើង(ឆ្វេង)​និងខាងត្បូង​ពេលជួបគ្នា​លើកទី១
ស្តាប់ជាសំឡេង

​កូរ៉េខាងត្បូង​បានបញ្ជាក់​នៅ​ថ្ងៃទី​២២​មេសា​នេះ​ថា នឹង​រៀបចំ​ខួប​លើកដំបូង​នៃ​កិច្ច​ជំនួប​ជា​ប្រវត្ដិសាស្ដ្រ រវាង​លោក​ប្រធានាធិបតីមូន ជែ​អ៊ីន​ជាមួយ​លោក​គីម ជុង​អ៊ុន ប៉ុន្ដែ​ព្រឹត្ដិការណ៍​នេះ​មិន​ទំនងជា​មាន​វត្ដមា​ន​ទីក្រុង​ព្យុងយ៉ាង​ចូលរួម​ទេ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​និង​មេដឹកនាំ​កូរ៉េខាងជើង បាន​ជួបពិភាក្សា​ការងារ​ជាមួយគ្នា​លើកដំបូង​កាលពី​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំមុន នៅក្នុង​តំបន់​ព្រំដែន​ប្រទេស​កូរ៉េខាងត្បូង​។ កិច្ច​ជំនួប​កាលនោះ​ហើយ​ដែល​បើកផ្លូវ​ឲ្យមាន​ស្ថានភាព​ស្ងប់ស្ងាត់​លើ​ឧបទ្វី​ប​កូរ៉េ និង​មាន​កិច្ចប្រជុំ​ជា​បន្ដ​បន្ដទៀត​កើតឡើង ជាក់ស្ដែង​កិច្ច​ជំនួប​កំពូល​រវាង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ជាមួយ​លោក​គីម ជុង​អ៊ុន​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា​ឆ្នាំមុន​ជាដើម​។​

​ដូច្នេះ​ដើម្បី​ជាការ​រម្លឹក​ខួប​មួយឆ្នាំ​នៃ​កិច្ច​ជំនួប​រវាង​លោក​មូននិង​លោក​គីម កូរ៉េខាងត្បូង​នឹង​រៀបចំ​ពិធី​អបអរ​មួយ​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ស្ថិតក្នុង​ភូមិ​ប៉ាន់​មុន​ជុម ជា​ទីតាំង​ដែល​មេដឹកនាំ​ទាំងពីរ​ធ្លាប់​ពិភាក្សាគ្នា​ប្រកបដោយ​ភាព​រួសរាយ​រាក់ទាក់​កន្លងមក​។ ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា ចំពោះ​វត្ដ​មាន​របស់​កូរ៉េខាងជើង​ក្នុង​ពិធី​នេះ​នៅ​មិនទាន់​ច្បាស់ការ​ទេ ក្រសួង​នឹង​ជូន​ព័ត៌មាន​បន្ថែម​នៅពេល​ក្រោយ​។​

​សូមបញ្ជាក់ថា នៅក្នុង​កិច្ច​ជំនួប​លើកដំបូង​កាលពី​ខែមេសា​ឆ្នាំមុន កូរ៉េ​ទាំង​ពីរបាន​ព្រមព្រៀង​លើ​ចំណុច​សំខាន់ៗ​ជាច្រើន ដូចជា​ប្ដេជ្ញា​ស្វែងរក​សន្ដិភាព​លើ​ឧបទ្វីប​កូរ៉េ បញ្ឈប់​ការ​បង្កហេតុ​នៅតាម​តំបន់​ព្រំដែន ព្រមព្រៀង​លើ​ការ​រឹត​ចំណងមិត្ដភាព និង​រឿង​ដែល​សំខាន់បំផុត​មួយទៀត​គឺ​ការព្រមព្រៀង​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ តែ​យ៉ាងណាមិញ​អ្វីដែល​សោកស្ដាយ​គឺថា ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដំណើរការ​យឺតយ៉ាវ​ណាស់ ទោះបីជា​មាន​អាមេរិក​ជា​អ្នក​ជួយ​ជំរុញ​ក៏ដោយ​។ 

​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​បាន​ជួប​ពិភាក្សាគ្នា​ជា​លើក​ទី​ពីរ​កាលពី​ថ្ងៃ​២៧-២៨​ខែកុម្ភៈ​ឆ្នាំ​២០១៩ នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ដើម្បី​ពន្លឿន​ដំណើរការ​រំលាយ​នុយក្លេអ៊ែ​រនេះ​។ ប៉ុន្ដែ​ជា​អកុសល​កិច្ចប្រជុំ​បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង ព្រោះ​ខ្វែងគំនិត​លើ​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​។ បច្ចុប្បន្ន​ទាំង​អាមេរិក កូរ៉េខាងជើង និង​កូរ៉េខាងត្បូង កំពុង​សម្លឹងមើល​កិច្ច​ជំនួប​លើក​ទី​បី ដើម្បី​ស្វែងរក​យុទ្ធសាស្ដ្រ​ថ្មី​ដោះស្រាយ​បញ្ហា​ជាប់គាំង​៕

ព័ត៌មានផ្សេងទៀត