​កម្ពុជា​​ថ្កោលទោស​​ការវាយប្រហារ​​គ្រាប់បែក​​នៅ​ស្រីលង្កា​​សម្លាប់​មនុស្ស​ជិត​៣០០​នាក់​​

22-04-2019 3:43 pm 1739

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តី​ថ្លែង ការណ៍​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា ចំពោះ​អំពើហឹង្សាដ៏​សាហាវឃោឃៅ លើ​វិហារ​គ្រីស្តសាសនា និង​សណ្ឋាគារ នៅ​ប្រទេស​ស្រីលង្កា នា​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩ ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​២៩០​នាក់ និង​ជាង​៥០០​នាក់​ទៀត​រងរបួស​។ កម្ពុជា​បានចាត់ទុក​ទង្វើ​នេះ ជាការ​បង្កឱ្យមាន​ការ​ភ័យខ្លាច និង​ជ្រុលនិយម​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​នេះ នឹង​មិនត្រូវ​អត់ឱន​ឱ្យ​ជាដាច់ខាត​។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​២១ មេសា ឆ្នាំ​២០១៩​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល កម្ពុជា​សូម​សម្តែង​នូវ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ស្រីលង្កា ជាពិសេស​គ្រួសារ​នៃ​ជនរងគ្រោះ ដែល​បាន​បាត់​បង់ជីវិត​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ដ៏​គួរឱ្យ​ស្អប់ខ្ពើម នៅ​ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩​ផងដែរ​៕

ព័ត៌មានផ្សេងទៀត