អន្ដរជាតិ​នាំគ្នា​​គាំទ្រ​ស្រីលង្កា​​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​​សម្លាប់​មនុស្ស​​ជិត​៣០០​នាក់​

22-04-2019 3:25 pm 925
  ស្តាប់
កងកម្លាំងសន្ដិសុខស្រីលង្កា​កំពុងយាមនៅទីតាំងរងគ្រោះ
ស្តាប់ជាសំឡេង

​បណ្ដា​មេដឹកនាំ​អន្ដរជាតិ​ជាច្រើនរូប ក្នុងនោះ​មានដូចជា​មេដឹកនាំ​ជប៉ុន អង់គ្លេស ឥណ្ឌា សិង្ហ​បុរី អាមេរិក​ជាដើម បាន​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក ក្នុង​ព្រះវិហារ​និង​សណ្ឋាគារ​ជាច្រើន​កន្លែង​នៅ​ប្រទេស​ស្រីលង្កា​។ មេដឹកនាំ​ទាំងអស់​បាន​សរសេរ​សារ​ចូលរួម​រំលែក​ទុក្ខ​ជនរងគ្រោះ​និង​រដ្ឋាភិបាល​ស្រីលង្កា ហើយ​និយាយថា​សកម្មភាព​ហិង្សា​ដូច្នេះ ត្រូវតែ​រារាំង​កុំឲ្យ​កើតឡើង​ដាច់ខាត​មិនថានៅ​កន្លែង​ណាក៏ដោយ​។ 

​ចំណែក​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​សរសេរ​សារ​បង្ហោះ​លើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​ថា លោក​ពិតជា​សោកស្ដាយ​ដែលមាន​ហេតុការណ៍​នេះ​កើតឡើង​។ លោក​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​ស្រីលង្កា​។ អាមេរិក​នឹង​ស្ថិតនៅ​ជាមួយ​ស្រីលង្កា ហើយ​ត្រៀម​រួចជាស្រេច​ដើម្បី​ផ្ដល់ជំនួយ​។ ក្រសួងការបរទេស​អា​មេរិក​បានចេញ​ការព្រមាន​មួយ​ផងដែរ ឲ្យ​ប្រជាជន​របស់ខ្លួន​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារ​ក្រុម​ភេរ​វករ​អាច​និង​បន្ដ​រៀប​ផែនការ​វាយប្រហា​រលើ​គោលដៅ​ផ្សេងៗ​ទៀត​នៅ​ស្រីលង្កា​។ ចំពោះ​ទីតាំង​អាច​នឹងរង​ការវាយប្រហារ​មានដូចជា​កន្លែង​កម្សាន្ដ ហាង​ទំនិញ សណ្ឋាគារ កន្លែង​បួងសួង អាកាសយានដ្ឋាន និង​ទីសាធារណៈ​នានា​។ 

​ដោយសារតែ​ស្ថានការណ៍​កំពុង​តានតឹង​ខ្លាំង រដ្ឋាភិបាល​ស្រីលង្កា​បាន​រឹតបន្ដឹង​សន្ដិសុខ​ទូទាំងប្រទេស ហើយ​បម្រាម​គោចរ​ត្រូវដាក់​នៅក្នុង​រដ្ឋធានី​Colombo​ចាប់ផ្ដើម​ពី​ម៉ោង​៨​យប់​។ ជុំវិញ​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​យ៉ាង​កក្រើក​នេះ ស្រីលង្កា​មិនទាន់​បានប្រកាសឲ្យ​ដឹង​ទេ ហើយក៏​ពុំទាន់​មាន​ក្រុម​ណាមួយ​ចេញមក​ទទួលខុសត្រូវ​ដែរ​។ ប៉ុន្ដែ​តាម​ការបញ្ជាក់​ពី​នាយករដ្ឋមន្ដ្រី​ស្រីលង្កា អាជ្ញាធរ​ទទួលបាន​ព័ត៌មាន​ខ្លះៗ​ហើយ ដោយ​ក្រុម​ជំនាញ​កំពុង​បន្ដ​ការស៊ើបអង្កេត​។ រហូត​មកដល់ពេលនេះ​មាន​ជនសង្ស័យ​២៤​នាក់​ត្រូវបាន​ចាប់ខ្លួន ស្របពេល​ក្រុម​ជំនាញ​កំពុង​ស៊ើប​ថា​តើ​ការវាយប្រហារ​មាន​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ភេរ​វករ​នៅ​ក្រៅប្រទេស​ឬ​យ៉ាងណា​។​

​សូមបញ្ជាក់ថា ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​កន្លែង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ បណ្ដាលឲ្យ​មនុស្ស​ស្លាប់​កើនឡើង​ដល់​ជិត​៣០០​នាក់​និង​របួស​ប្រមាណ​៥០០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​។ វា​ជា​ការវាយប្រហារ​ដ៏​សាហាវឃោឃៅ និង​សម្លាប់​មនុស្ស​ច្រើន​បំផុត​មួយ​នៅក្នុង​ប្រវត្ដិសាស្ដ្រ​ស្រីលង្កា​៕

ព័ត៌មានផ្សេងទៀត