តារា​កំប្លែង​​អ៊ុយ​ក្រែន​​ឈ្នះឆ្នោត​​យ៉ាង​ភ្លូកទឹកភ្លូកដី​​ជា​ប្រធានាធិបតី​

22-04-2019 9:07 am 1226
លោក​​Volodymyr Zelensky

​បន្ទាប់ពី​ការបោះឆ្នោត​ជុំ​ចុងក្រោយ​កាលពី​ថ្ងៃទី​២១​មេសា​បានបញ្ចប់ លទ្ធផល​បាន​បង្ហាញថា​អ្នកកំប្លែង​ដែល​គ្មាន​បទពិសោធន៍​នយោបាយ ហើយ​ទើប​ចូលប្រឡូក​ក្នុង​នយោបាយ​ថ្មីថ្មោង​លោក​Volodymyr Zelensky បានទទួល​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី ជាប់​ជា​ប្រធានាធិបតី​ថ្មី​អ៊ុ​យក្រែន​។ លោក​ទទួលបាន​សំឡេងគាំទ្រ​រហូតដល់​៧៣​ភាគរយ​ឈ្នះ​ដាច់​គូប្រជែង​គឺ​លោក​Petro Poroshenko ដែលជា​ប្រធានាធិបតី​អ៊ុយ​ក្រែ​នបច្ចុប្បន្ន​។ ប្រសិនបើ​លទ្ធផល​នេះ​ត្រឹមត្រូវ​ពិតប្រាកដ​ហើយ នោះ​លោក Zelensky​នឹងត្រូវ​ជ្រើសរើស​ជា​ប្រធានាធិបតី​ថ្មី​អ៊ុយ​ក្រែន​សម្រាប់​អាណត្ដិ​៥​ឆ្នាំ​។ 

​សូមបញ្ជាក់ថា លោក​Volodymyr Zelensky កើត​នៅ​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​១៩៧៨ បច្ចុប្បន្ន​មាន​វ័យ​៤១​ឆ្នាំ​។ លោក​ពុំមាន​បទពិសោធន៍​នយោបាយ​ទេ ដែល​បទពិសោធន៍​ការងារ​របស់លោក​ជា​អ្នក​កំប្លែង ជា​អ្នក​ផលិត​ភាពយន្ដ​។ លោក​បាន​ចូលប្រឡូក​ក្នុង​អាជីព​ជា​អ្នក​ក​ប្លែង​តាំងពី​អាយុ​១៧​ឆ្នាំ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​រហូតដល់​សព្វថ្ងៃ​។ 

​ចំពោះ​អាជីព​នយោបាយ​លោក​ទើប​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​២០១៨ ហើយ​បាន​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ទើប​បង្កើត​ថ្មី សម្រាប់​ការបោះឆ្នោត​កាលពី​ថ្ងៃទី​៣១​ខែ​មីនាឆ្នាំ​២០១៩ ជា​ការបោះឆ្នោត​ជុំទីមួយ​។ លទ្ធផល​ទទួល​បានកា​ល​នោះ​គឺ​លោក​មាន​សំឡេងគាំទ្រ​ច្រើនជាងគេ​ជាមួយ​លោក Poroshenko ប៉ុន្ដែ​មិន​គ្រប់​៥០​បូក​១​ទេ​។ ដូច្នេះហើយ​ទើបត្រូវ​ជ្រើសរើស​ឲ្យចូល​រួម​ការបោះឆ្នោត​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​២១​មេសា​។ ទីបំផុត​លោក​ក៏​ទទួលបាន​លទ្ធផល​យ៉ាង​ល្អ​គាប់ចិត្ដ​៕

ព័ត៌មានផ្សេងទៀត