លោកសុខ ឥសាន រិះគន់ក្រុមលោកសម រង្ស៊ី ថាប្រព្រឹត្តផ្ទុយគោលការណ៍ ប្រជាធិបតេយ្យ

21-04-2019 9:44 am 3212

លោកសុខ​ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច បានរិះគន់ក្រុមលោកសម​ រង្ស៊ី និងអ្នកគាំទ្រថា បាន ប្រព្រឹត្តអំពើផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ដោយរំលោភលើសិទ្ធិសម្រេចរបស់បុគ្គល ដែលគោរ​ពច្បាប់រដ្ឋ។ ការរិះគន់នេះបន្ទាប់ពីលោកអ៊ូ ច័ន្ទរ័ត្ន និងលោកជីវ កត្តា អតីតមន្រ្ដីជាន់ខ្ពស់បក្សប្រឆាំង ដែលបានស្នើសុំសិទ្ធិ ធ្វើនយោបាយឡើងវិញកាលពីពេលថ្មីៗនេះ ត្រូវបានក្រុមលោកសម​ រង្ស៊ី បដិសេធមិ​នឲ្យចូលរួមក្នុង​សន្និ​សីទ​ស្តីពី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសន្តិភាព ដែលប្រារព្វធ្វើឡើងនៅប្រទេ​សកូរ៉េខាងត្បូង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ។

លោកសុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងគ្រុបតេលេក្រាម​អ្នកសារព័ត៌​មាន ថា”ពួកឧទ្ទាមក្រៅច្បាប់​មួយចំនួន ដែលអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យ បានប្រព្រឹត្តអំពើផ្ទុយពី​គោលការណ៍​ប្រជា​ធិបតេយ្យ​ ដោយរំលោភលើសិទ្ធិសម្រេច របស់បុគ្គលដែលគោរពច្បាប់រដ្ឋ​។ ដោយគ្រាន់តែបំពេញបែបបទ សុំនីតិសម្បទាធ្វើនយោបាយឡើងវិញ​ ត្រូវគេបដិសេធមិនឲ្យចូលក្នុងហ្វូងពួកគេ។ តើអាកប្បកិរិយា​បែប​នេះ គឺជាអ្នកប្រជាធិបតេយ្យដែរឬទេ​?”។  

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានសរសេរបញ្ជាក់ ថា”ជាអ្នកប្រជាធិបតេយ្យ គឺត្រូវចេះគោរពសិទ្ធិអ្នកដទៃ និងគោរពច្បាប់​ ហើយត្រូវមានការយោគយល់គ្នា ដើម្បីសុខដុមនីយកម្មសង្គម​។ ដូច្នេះ​អ្នកដែលធ្វើផ្ទុយ​ពីនេះ មិនមែនជាអ្នកប្រជាធិបតេយ្យពិតប្រាកដឡើយ​ តែ​គឺជាអ្នកប្រជាធិបតេយ្យតិ​រច្ឆា​ន”។

សូមជម្រាប លោកអ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្ដីជាន់ខ្ពស់បក្សសង្រ្គោះជាតិ បានសម្រេចចិត្តមិនចូលរួមវេទិកាស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងសមាជអ្នកប្រជាធិបតេយ្យខ្មែរ នៅកូរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០​១៩ឡើយ ក៏ព្រោះតែលោកមិនចង់ឲ្យមានការប៉ះពាល់ ដល់ដំណើរការអង្គវេទិកា ក៏ដូចជាអ្នកគាំទ្រលោកសម រង្ស៊ី ដែលមិនពេញចិត្តវត្តមានរូបលោក។

លោកអ៊ូ ច័ន្ទរ័ត្ន និងលោកជីវ កត្តា អតីតមន្រ្ដីជាន់ខ្ពស់បក្សប្រឆាំង ត្រូវបានគណៈកម្មការរៀបចំ អញ្ជើ​ញចូលរួមវេទិកាស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងសមាជអ្នកប្រជាធិបតេយ្យខ្មែរ ដែលធ្វើ​ឡើងចាប់ពីថ្ងៃ​ទី​១៩ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។ ប៉ុន្ដែក្រុមអ្នកគាំទ្រលោកសម រង្ស៊ី បានបង្ហាញការមិនពេញចិត្ត ចំពោះវត្តមានលោកអ៊ូ ច័ន្ទរ័ត្ន និងលោកជីវ កត្តាឡើយ ក៏ព្រោះតែរូបលោកទាំង២ បានស្នើសុំសិទ្ធិធ្វើ​នយោ​បាយ​ឡើងវិញ។

លោកអ៊ូ ច័ន្ទរ័ត្ន បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន ថា”ខ្ញុំបានសំរេចចិត្តមិនចូលរួមវេទិការអ្នកប្រជាធិបតេយ្យដែលរៀបចំដោយ អង្គការ Asia Human Rights Peace Forum នៅ នាទីចុងក្រោយ ដោយមិនចង់​អោយមានការប៉ះពាល់ ដល់ដំណើរការអង្គវេទិការ និងសតិអារម្មណ៍របស់អ្នកបដិសេធវត្តមានរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំនៅតែរំពឹង និងមានសុទិដ្ឋិនិយម ថានឹងមានផលវិជ្ជមានពីកម្មវិធី ក្នុងការដោះស្រាយបញ្ហាជាតិ”។

សូមជម្រាប ថា វេទិកាខាងលើនេះ មានវេគ្មិនចូលរួមសំខាន់ៗដូចជា៖លោកសម រង្សី,លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា,លោកគឹម សុខ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ,និង​មានមន្រ្ដីអតីត​បក្សសង្រ្គោះជាតិ និងអ្នកគាំទ្រជាច្រើនរូបទៀតចូលរួម។ ក្នុងនោះ ក៏មានការចូលរួមពីតំណា​ងអង្គការសង្គមស៊ីវិល ប្រចាំប្រទេសកូរ៉េខាងត្បូងផងដែរ៕

ព័ត៌មានផ្សេងទៀត