មន្ដ្រី​កូរ៉េខាងជើង​​លត់​មន្ដ្រី​​អាមេរិក​ចាស់ដៃ​​រឿង​​រំលាយ​នុយក្លេអ៊ែ​រ​

21-04-2019 8:54 am 482
  ស្តាប់
ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​John Bolton
ស្តាប់ជាសំឡេង

​មន្ដ្រី​នៃ​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​John Bolton ដែល​បាន​និយាយ​ពាក់ព័ន្ធ​នឹង​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​Bloomberg លោក​Bolton​និយាយថា​ការចង្អុលបង្ហាញ​ពិតប្រាកដ​ពី​កូរ៉េខាងជើង ដែលថា​បាន​សម្រេចចិត្ដ​ដើម្បី​បោះបង់​អាវុធ​នុយក្លេអ៊ែរ ត្រូវតែមាន​ជា​ចាំបាច់​មុន​កិច្ច​ជំនួប​ជាថ្មី​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​។​

​សម្ដី​នេះ​ធ្វើឲ្យ​អនុ​រដ្ឋមន្ដ្រីការបរទេ​ស​កូរ៉េខាងជើង​ឆ្លើយតប​ថា អ្វីដែល​លោក​Bolton​និយាយ​ជា​គំនិត​ឯកតោភាគី ហើយ​ព្រមាន​នឹង​គ្មាន​រឿង​ល្អ​កើតឡើង​ឡើយ ប្រសិនបើ​លោក​Bolton​នៅតែ​បន្ដ​លើកឡើង​ពី​រឿង​មិន​គប្បី​ដូច្នេះ​ទៀត​។ កូរ៉េខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានទាមទារ​ឲ្យ​ផ្លាស់ប្ដូ​ររដ្ឋមន្ដ្រីការបរទេ​ស​អាមេរិក​លោក​Mike Pompeo​ចេញ​ផងដែរ និង​បាន​បន្ទោស​ថា​លោក​Pompeo​ធ្វើឲ្យ​កិច្ចប្រជុំលើក​ទីពីរ រវាង​អាមេរិក​និង​កូរ៉េខាងជើង​នៅ​វៀតណាម​បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។​

​យ៉ាងណាមិញ​សម្រាប់​អាមេរិក​មិនបាន​ផ្លាស់ប្ដូរ​គោលជំហរ​ទេ គឺ​បន្ដ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កូរ៉េខាងជើង​ដដែល រហូតដល់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ត្រូវបាន​រំលាយ​ទាំងស្រុង​ទើប​ដកចេញ​វិញ​។ ប៉ុន្ដែ​កូរ៉េខាងជើង​ចង់ឲ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ខ្លះ មិន​អ៊ីចឹង​ទេ​គេ​មិន​អាចរំលាយ​នុយក្លេអ៊ែរ​បានឡើយ ព្រោះ​បើ​រំលាយ​ដូចជា​ចាញ់​ប្រៀប​អាមេរិក​ពេក​។ អាមេរិក​ទទួលបាន​ផលចំណេញ​តែ​កូរ៉េខាងជើង​បែរជា​ខាត​ទៅវិញ ហេតុនេះ​កូរ៉េខាងជើង​ត្រូវតែ​ទទួលបាន​ការដោះដូ​រដែ​ល​សមស្រប​។​

​ការរិះគន់​របស់​កូរ៉េខាងជើង​លើ​មន្ដ្រីជាន់ខ្ពស់​អាមេរិក​ជា​បន្ដបន្ទាប់​ដូច្នេះ ត្រូវបាន​គេ​ជឿជាក់ថា​ក្នុង​គោលបំណង​ចង់បាន​ការធ្វើសម្បទាន​ពី​អាមេរិក មុន​ចាប់ផ្ដើម​កិច្ច​ជំនួប​លើក​ទី​បី​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃ​អនាគត​។ ទាំង​លោក​Donald Trump​និង​លោក​Kim Jong Un សុទ្ធតែ​បង្ហាញ​ជំហរ​ចង់​ជួបគ្នា​ម្ដងទៀត ប៉ុន្ដែ​មិនទាន់​ដឹង​កាលបរិច្ឆេទ​ឡើយ​៕

ព័ត៌មានផ្សេងទៀត