ក្រុមបាតុករ​​អាវ​លឿង​​ផ្ទុះ​កំហឹង​​ជុំវិញ​​ការផ្ដល់​មូលនិធិ​​សង់​ព្រះវិហារ​​Notre Dame

21-04-2019 8:15 am 777
រូបភាព​ក្រុមបាតុករ​ដែលតវ៉ា​​ក្នុងទីក្រុងប៉ារីស​​ប្រទេស​បារាំង

​ក្រុមបាតុករ​អាវ​លឿង​ជាច្រើន​នាក់​បាននាំគ្នា​តវ៉ា​នៅក្នុង​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង អំពាវនាវ​ឲ្យជួយ​ផ្ដល់​មូលនិធិ​គាំទ្រ​ដល់​ជនក្រីក្រ​ផង ខណៈដែល​ជំនួយ​ជា​ទឹកប្រាក់​យ៉ាងច្រើន​ត្រូវបាន​ផ្ដល់​សម្រាប់​ការសាងសង់​ព្រះវិហារ​Notre Dame​ឡើងវិញ ក្រោយពី​ត្រូវ​អគ្គីភ័យ​ឆេះ​ថ្មីៗ​នេះ​។ ក្រុមបាតុករ​បាននាំគ្នា​ប្រមូលផ្ដុំ​នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សៅរ៍ និង​នាំគ្នា​និយាយថា​ការ​ផ្ដល់ជំនួយ​សាងសង់​ព្រះវិហារ​ឡើងវិញ ត្រូវបាន​គេ​គិត​ខ្លាំង​ជាការ​ជួយសង្គ្រោះ​មនុស្ស​។ 

​ប្រាក់​ជំនួយ​សម្រាប់​សង់​វិហារ​អាយុកាល​ជាច្រើន​សតវត្ស​នេះ បានមកពី​បណ្ដា​ក្រុមហ៊ុន​លក់​គ្រឿងសម្អាង​ល្បីៗ រួមទាំង​បណ្ដា​ក្រុមហ៊ុន​ជាច្រើន​ទៀត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឲ្យដឹងថា ទឹកប្រាក់​ជំនួយ​រំពឹង​នឹង​កើនឡើង​ដល់​ជាង​១​ពាន់​លាន​ដុល្លារ​។ ជុំវិញ​បញ្ហា​នេះ​កម្មករ​រោងចក្រ​អាយុ​២៣​ឆ្នាំ​ម្នាក់​និយាយថា វា​ជា​រឿង​គួរឲ្យ​សោកស្ដាយ​ណាស់​ដែលជន​គ្មាន​ផ្ទះសម្បែង​និង​ជនក្រីក្រ​ជាច្រើន មិន​ត្រូវបាន​គេ​យកចិត្ដទុកដាក់ ខណៈដែល​ប្រាក់​ជាច្រើន​ត្រូវ​ចំណាយ​ទៅលើ​ការសាងសង់​ព្រះវិហារ​ទៅវិញ​។​

​ចំណែក​ស្ដ្រី​ម្នាក់ទៀត​និយាយថា នាង​គ្មាន​ការងារ​ធ្វើ​ហើយ​ស្នាក់នៅ​ក្នុង​រថយន្ដ​៦​ខែ​មកហើយ​។ ព្រះវិហារ​ដែល​ឆេះ​ពិតជា​ត្រូវ​សាងសង់​ឡើងវិញ​មែន ប៉ុន្ដែ​នៅមាន​បញ្ហាសំខាន់ៗ​ជាង​នេះ​ជាច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ក៏​បានបង្ហាញ​ការព្រួយបារម្ភ​ផងដែរ ជុំវិញ​ការធ្លាក់ចុះ​នៃ​ការបរិច្ចាគ​សម្រាប់​ការងារ​មនុស្សធម៌​ដទៃទៀត​៕

 ពាក្យគន្លឹះ  បារាំងបាតុកម្ម

ព័ត៌មានផ្សេងទៀត