ស្ថានទូតអាមេរិកប្រចាំកម្ពុជា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៩ ខែមេសា បានលើកឡើងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិនឯណោះវិញ ។ អាមេរិកបន្តថាប្រហែល៨៧%នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនបានជួយដល់ការធ្វើឱ្យមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់កម្ពុជាជាមួយអាមេរិក ឬសហភាពអឺរ៉ុបទេ ។
អត្ថបទដដែលនោះបានបញ្ជាក់អះអាងថា នេះគ្រាន់តែជាផ្លូវមួយទៀតដែលកម្ពុជា បានងាកចេញពីយុទ្ធសាស្ត្រសេដ្ឋកិច្ចដែលមានតុល្យភាព ទៅរកយុទ្ធសាស្ត្រសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន ។
យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២០ ខែមេសា ស្ថានទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងលើទំព័រហ្វេសប៊ុកខ្លួនថា ឱ្យកម្ពុជាប្រុងប្រយ័ត្ន ខណៈដែលសហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម ។
ស្ថានទូតចិនក៏បានលើកជាសំណួរថា តើសហរដ្ឋអាមេរិកធ្លាប់បានជួយអ្វីខ្លះដល់កម្ពុជាសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលចិន បានកសាងផ្លូវចំនួន៣១ខ្សែ និងស្ពានចំនួន៨ សម្រាប់កម្ពុជា ដែលមានប្រវែងសរុបជាង ៣ពាន់គីឡូម៉ែត្រ ។ ចិនក៏បានបន្តលើកឡើងថា ខ្លួនបានជួយកសាងស្ថានីយវារីអគ្គិសនីទាំងអស់នៅកម្ពុជា ស្មើនឹង៨០% នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា និងបានបន្តចោទជាសំណួរទៅអាមេរិកថា តើអាមេរិកបានធ្វើអ្វីខ្លះ?
យើងសូមងាកចេញពីសង្គ្រាមស្លាបប៉ាការវាងមហាអំណាចទាំងពីរ ដោយងាកមកស្តាប់ការយល់ឃើញ និងឆ្លើយតបចំពោះការលើកឡើងរបស់ស្ថានទូតអាមេរិកពីសំណាក់វាគ្មិនបីរូបវិញម្តង រួមមាន លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល, លោក សុខ ទូច អ្នកវិភាគ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក គី សេរីវឌ្ឍន៍ បណ្ឌិតផ្នែកសេដ្ឋកិច្ច ។
ជាបន្តសូមស្តាប់វាគ្មិនទាំងបីរូប ដែលបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុវាយោ ក្នុងនាទីហេតុការណ៍សំខាន់ ដែលរៀបចំជូនដោយ ទេព កោសល្យ ដូចតទៅ…