លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងជាមន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានបញ្ចេញដំណឹងក្លែងបន្លំ ដើម្បីវាយប្រហារប្រទេសកម្ពុជា និងប្រទេសចិន ដែលជាប្រទេសកំពុងមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា។
ការប្រតិកម្មរបស់លោកខៀវ កាញារីទ្ធ ដូចនេះ បន្ទាប់ពីទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមេសាម្សិលមិញនេះ បានលើកឡើង ថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរបន្ត ថា”ប្រហែល៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។ នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន”។
ទាក់ទងនឹងការលើកឡើងរបស់ស្ថានទូតអាមេរិកខាងលើនេះ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសរសេរនៅលើហ្វេសប៊ុករបស់លោក នារសៀលថ្ងៃទី២០ ខែមេសានេះ ថា”ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយបញ្ចេញដំណឹងក្លែងបន្លំ (fake news) វាយប្រហារប្រទេសម្ចាស់ផ្ទះផង វាយប្រហារប្រទេសមួយទៀតដែលខ្លួនមានទំនាក់ទំនងស្ថានទូតជាមួយផង”។
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារូបនេះ បានសរសេរបន្ត ថា”អ្នក«វិភាគ»នៅទីនេះ ខំបង្ហាញថា គឺពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទេដែលបានបង្កើតការងារនៅស្រុកខ្មែរ តែគេ«ភ្លេច» បង្ហាញរឿងមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចផងដែរ នោះគឺទំហំវិនិយោគចូលមកក្នុងប្រទេសកម្ពុជាវិញតើមានប៉ុន្មាន ? យើងមានតែចង់កសាងទំនាក់ទំនងល្អ ជាមួយគ្រប់ប្រទេស ពិសេសជាមួយសហរដ្ឋអាមេរិក តែមនុស្សខ្លះប្រឹងដុតកម្លោចទំនាក់ទំនងនេះ ព្រោះតែអគតិរបស់ខ្លួនទៅវិញ”៕