លោក​Pompeo​​ថា​​អាមេរិក​នឹង​​ចាត់វិធានកា​រ​លើ​រុស្ស៊ី​​ករណី​ជ្រៀតជ្រែក​​ការបោះឆ្នោត​

20-04-2019 3:27 pm 656
  ស្តាប់
​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​Mike Pompeo
ស្តាប់ជាសំឡេង

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​Mike Pompeo បាន​ប្ដេជ្ញា​កាលពី​ថ្ងៃ​សុក្រ​ថា​អាមេរិក​នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​លើ​រុស្ស៊ី បន្ទាប់ពី​រដ្ឋអាជ្ញា​ពិសេស​អាមេរិក​លោក​Robert Mueller បង្ហាញ​ជា​សាធារណៈ​នូវ​របាយការណ៍​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់ថា ទីក្រុង​ម៉ូស្គូ​ប៉ុនប៉ង​ជួយ​ឲ្យ​ជ្រើសរើ​សលោក​Donald Trump​ជា​ប្រធានាធិបតី​។ មួយថ្ងៃ​បន្ទាប់ពី​របាយការណ៍​៤០០​ទំព័រ​បានបង្ហាញ​ជា​សាធារណៈ លោក​Pompeo​និយាយថា​រដ្ឋបាល​របស់លោក​Trump បានលើកឡើង​ពី​ការជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៦ ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​រុស្ស៊ី​។​

​លោក​Pompeo​បន្ថែម​ក្នុង​សន្និសីទកាសែត​ថា អាមេរិក​នឹង​បញ្ជាក់ឲ្យ​ច្បាស់លាស់​ចំពោះ​រុស្ស៊ី ថា​អ្វីដែល​គេ​បាន​ធ្វើជា​ទង្វើ​មិនអាច​ទទួលយកបាន​ដាច់ខាត​។ អាមេរិក​និង​ចាត់វិធានការ​ឲ្យ​តឹងរ៉ឹង​បំផុត ឲ្យ​រុស្ស៊ី​ទទួលខុសត្រូវ​ចំពោះ​រឿង​ដែល​គេ​បានធ្វើ ហើយ​អាមេរិក​នឹង​បន្ដ​ដាក់​សម្ពាធ​ឲ្យ​រុស្ស៊ី​ឈប់​ជ្រៀតជ្រែក​ការបោះឆ្នោត​នៅ​អាមេរិក​នាពេល​ក្រោយ រួមទាំង​ការជ្រៀតជ្រែក​ការបោះឆ្នោត​នៅ​ទូទាំង​ពិភពលោក​។​

​គួរ​បញ្ជាក់ថា នៅក្នុង​របាយការណ៍រ​បស់​អគ្គ​រដ្ឋអាជ្ញា​ពិសេស​លោក​Robert Mueller គាំទ្រ​ការអះអាង​របស់លោក​Trump​គឺ​មិនបាន​គប់គិត​ជាមួយ​រុស្ស៊ី​ឡើយ ហើយក៏​មិន​បានរៀបចំ​ផែនការ​អ្វី​ជាមួយ​រុស្ស៊ី​រារាំង​ឬ​រំខាន់​ដល់​ការបោះឆ្នោត​ដែរ​។ ដ្បិត​របាយការណ៍​បង្ហា​ញ​ដូច្នេះ ប៉ុន្ដែ​នៅ​មិន​ច្បាស់​ថា​លោក​Trump​បាន​រារាំង​ប្រព័ន្ធ​យុត្ដិធម៌​នៅ​អាមេរិក​ឬ​យ៉ាងណាទេ​។ 

​លោក​Mueller​បានចាប់ផ្ដើម​កិច្ចការ​ស៊ើបអង្កេត​តាំង​ពី​ខែឧសភា​ឆ្នាំ​២០១៧ ដើម្បី​ស្វែងរក​ការពិត​ថា​តើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​ប្រធានាធិបតី​Donald Trump បាន​គប់គិត​ជាមួយ​រុស្ស៊ី​ឬ​យ៉ាងណា​។ លោក​ក៏បាន​ស៊ើបអង្កេត​រឿង​ដែល​លោក​Trump សម្រេចចិត្ដ​បណ្ដេញ​នាយក​FBI​លោក​James Comey​ចេញពី​តំណែង​នៅពេលនោះ ជា​ការរារាំង​នៃ​ដំណើរការ​យុត្ដិធម៌​ឬទេ​។ ប៉ុន្ដែ​លោក​Trump​បាន​ច្រានចោល​ដាច់ខាត​ថា លោក​មិនបាន​គប់គិត​ជាមួយ​រុស្ស៊ី​ឬ​ធ្វើឲ្យ​រាំងស្ទះ​ដល់​ប្រព័ន្ធយុត្ដិធម៌​ឡើយ​៕

ព័ត៌មានផ្សេងទៀត