លោកអ៊ូ ច័ន្ទរ័ត្ន សម្រេច​ចិត្តមិន​ចូលរួម​វេទិកា​នៅ​កូរ៉េតែ​រំពឹង​មាន​ផល​វិជ្ជមាន​​​

20-04-2019 1:36 pm 3735

លោកអ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្ដីជាន់ខ្ពស់បក្សសង្រ្គោះជាតិ ដែលទើបស្នើសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តមិនចូលរួមវេទិកាស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងសមា​ជអ្នកប្រជាធិ​ប​តេយ្យខ្មែរ នៅកូរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ឡើយ ក៏ព្រោះតែលោកមិនចង់ឲ្យមានការប៉ះពាល់ ដល់ដំណើរការអង្គវេទិកា ក៏ដូចជាអ្នកគាំទ្រលោកសម រង្ស៊ី ដែលមិនពេញចិត្តវត្តមានរូបលោក។

លោកអ៊ូ ច័ន្ទរ័ត្ន និងលោកជីវ កត្តា អតីតមន្រ្ដីជាន់ខ្ពស់បក្សប្រឆាំង ត្រូវបានគណៈកម្មការរៀបចំ អ​ញ្ជើញចូលរួមវេទិកាស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងសមាជអ្នកប្រជាធិបតេយ្យខ្មែរ ដែលធ្វើឡើង​ចាប់ពីថ្ងៃទី​១៩ ដល់ថ្ងៃទី២០​ ខែមេសា ឆ្នាំ២០១៩។ ប៉ុន្ដែក្រុមអ្នកគាំទ្រលោកសម រង្ស៊ី បានបង្ហាញការមិនពេញចិត្ត ចំពោះវត្តមានលោកអ៊ូ ច័ន្ទរ័ត្ន និងលោកជីវ កត្តាឡើយ ក៏ព្រោះតែរូបលោកទាំង២ បានស្នើ​សុំសិទ្ធិធ្វើ​នយោ​បាយឡើងវិញ។

លោកអ៊ូ ច័ន្ទរ័ត្ន បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន​ ថា”ខ្ញុំបានសំរេចចិត្តមិនចូលរួមវេទិការអ្នកប្រជាធិបតេយ្យដែលរៀបចំដោយ អង្គការ Asia Human Rights Peace Forum នៅ នាទីចុងក្រោយ ដោយ​មិនចង់​អោយមានការប៉ះពាល់ ដល់ដំណើរការអង្គវេទិការ និងសតិអារម្មណ៍របស់អ្នកបដិសេធវត្តមានរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំនៅតែរំពឹង និងមានសុទិដ្ឋិនិយម ថានឹងមានផលវិជ្ជមានពីកម្មវិធី ក្នុងការដោះស្រាយបញ្ហាជាតិ”។

សូមជម្រាប ថា វេទិកាខាងលើនេះ មានវេគ្មិនចូលរួមសំខាន់ៗដូចជា៖លោកសម រង្សី,លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា,លោកគឹម សុខ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ,​និងមានមន្រ្ដីអតីត​បក្សសង្រ្គោះជាតិ និងអ្នកគាំទ្រជាច្រើនរូបទៀតចូលរួម។ ក្នុងនោះ ក៏មានការចូលរួមពីតំណា​ងអង្គការសង្គមស៊ីវិល ប្រចាំប្រទេសកូរ៉េខាងត្បូងផងដែរ៕

ព័ត៌មានផ្សេងទៀត