នៅកូរ៉េថ្ងៃនេះ​ខ្មែរមួយ​ក្រុម​ធ្វើមហាបាតុកម្ម រីឯ​មួយក្រុម​ទៀត​​ប្រគំ​តន្ត្រី​សប្បុរសធម៌ ​​​​

20-04-2019 12:46 pm 3322

នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមមេដឹកនាំអតីតគណបក្សប្រឆាំង និងអ្នកគាំទ្រជាពលរដ្ឋខ្មែរមួយចំនួន នឹងរៀបចំមហាបាតុកម្មមួយ ហៅថាមហាបាតុកម្មភ្លើងទៀន ដើម្បីទាមទារ​ឲ្យ​មានការ​ ស្តារ​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ឡើងវិញ​។​

ការធ្វើមហាបាតុកម្មនេះ បន្ទាប់ពីក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំង ប្រចាំប្រទេសកូរ៉េខាងត្បូង សហការ​ជាមួយ​អង្គការAsia Human Rights and Peace Forum (AHPF) បានរៀបចំវេទិកាស្ដីពីសិទ្ធិមនុស្ស ប្រជាធិ​ប​តេយ្យ និងសន្តិភាព។ ក្នុងវេទិកានេះ មានវាគ្មិនកិត្តិយសដូចជា៖លោកសម រង្សី,លោកគឹម សុខ អ្នកវិ​ភាគ,លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា,តំណាងអង្គការសង្គមស៊ីវិលនៃប្រទេសកូរ៉េខាងត្បូង ព្រមទាំងប្រជាពលរដ្ឋខ្មែរមួយចំនួនទៀត។

រីឯពលរដ្ឋខ្មែរមួយក្រុមទៀត នៅកូរ៉េខាងត្បូង នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះដែរ នឹងរៀបចំការប្រ​គំតន្ត្រីសប្បុរសធម៌ ដើម្បីស្វែងរកមូលនិធិ ជួយមន្ទីរពេទ្យគន្ធបុប្ផា។ ព្រឹត្តិការណ៍ប្រគំតន្រ្ដីនេះ ដឹ​ក​នាំ​​ដោយលោក​ឧកញ៉ាឡេង ណាវ៉ាត់ត្រា អតីតពលករខ្មែរនៅកូរ៉េខាងត្បូង ហើយបច្ចុប្បន្នជាអគ្គនា​យកក្រុមហ៊ុនបុរីឡេង ណាវ៉ាត្រា។

លោកឧកញ៉ាឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាប្រុសស្រីល្បីៗជាច្រើនរូប ទៅសម្ដែងនិងច្រៀងរាំអបអរសាទរឆ្នាំថ្មី ហើយក៏មានការរាំវង់ បំបែកកំណត់ត្រាពិភពលោកប្រចាំឆ្នាំ២០១៩ និងស្វែងរកមូលនិធិ ជួយដល់​មន្ទីរ​​ពេទ្យគន្ធបុប្ផាផងដែរ។ ការប្រគំតន្រ្ដីនេះ មិនមានការលក់សំបុត្រឡើយ គឺបងប្អូនពលករខ្មែរអាចចូលរួម ទស្សនាដោយសេរី ហើយមានតារាចម្រៀងល្បីៗជាច្រើនរូប​ ទៅច្រៀងនៅទីនោះរួមមាន៖កញ្ញាឡូ រ៉ាម៉ម​,លោក ខេម,លោក វុទ្ធា, កញ្ញាបាន ម៉ុន្នីល័ក្ខ,លោក ចាន់ សម័យ,កញ្ញ៉ាយូរី, លោក Bmo និងលោកTampoជាដើម៕  

 

 

ព័ត៌មានផ្សេងទៀត