អ៊ុយ​ក្រែន​​រៀបចំ​​ការបោះឆ្នោ​ត​ប្រធា​នា​ធិបតី​​ជុំ​ចុងក្រោយ​​នៅ​ថ្ងៃទី​២១​មេសា​

20-04-2019 10:53 am 287
រូបភាពប្រជាជនអ៊ុយក្រែនពេលបោះឆ្នោត​កន្លងមក

​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អ៊ុ​យក្រែន ធ្វើឡើង​កាលពី​ថ្ងៃទី​៣១​ខែ​មីនាឆ្នាំ​២០១៩​នេះ រក​ពុំ​ឃើញ​បេក្ខជន​ប្រធានាធិបតី​ដែលមាន​សំឡេងគាំទ្រ​ច្រើន​បំផុត អាច​ក្លាយជា​ប្រធានាធិបតី​បានទេ​។ ដូច្នេះ​កាបោះឆ្នោត​ត្រូវធ្វើឡើង​ជុំ​ទី​ពីរ​បន្ដទៀត ដែល​នឹង​ប្រព្រឹត្ដទៅនៅ​ថ្ងៃទី​២១​មេសា​។ ការបោះឆ្នោត​ជុំ​ទី​ពីរ​មាន​បេក្ខជន​ប្រធានាធិបតី​តែ​ពីររូប​ប៉ុណ្ណោះ​ត្រូវ​ប្រជែង​គ្នា គឺ​ប្រធានាធិបតី​បច្ចុប្បន្ន​លោក​Petro Poroshenko និង​បេក្ខជន​ប្រធានាធិបតី​ថ្មីថ្មោង​ហើយ​ជា​អ្នកកំប្លែង​ល្បីឈ្មោះ​លោក​Volodymyr Zelensky​។ អ្នក​ទាំងពីរ​សុទ្ធតែជា​បេក្ខជន​មាន​សំឡេងគាំទ្រ​ភាគច្រើន​ក្នុង​ការបោះឆ្នោត​ជុំទីមួយ ជាហេតុ​ត្រូវបាន​ជ្រើសរើស​យកមក​ប្រជែង​គ្នា​ក្នុង​ការបោះឆ្នោត​ជុំ​ចុងក្រោយ​នេះ​។​

​ដ្បិត​លោក​Zelensky​ជា​អ្នកនយោបាយ​ថ្មីថ្មោង​គ្មាន​បទពិសោធន៍​ក៏ពិតមែន ប៉ុន្ដែ​លោក​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាជន​អ៊ុ​យក្រែន​។ បើតាម​ការស្ទង់មតិ​បង្ហាញថា​តារា​កំប្លែង​វ័យ​៤១​ឆ្នាំ​រូបនេះ មាន​ការពេញចិត្ដ​ខ្លាំង​ជាង​លោក​Poroshenko​។ ការដែល​ប្រជាជន​អ៊ុយ​ក្រែន​ងាកមក​គាំទ្រលោក​Zelensky ព្រោះ​ពួកគេ​ចង់បាន​អ្នកដឹកនាំ​ថ្មី ដោយសារ​ស្ថិតក្រោម​ការដឹកនាំ​របស់លោក​Poroshenko មាន​អំពើពុករលួយ​កើតឡើង មាន​វិបត្ដិ​សេដ្ឋកិច្ច និង​មាន​ជម្លោះ​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​ផងដែរ​៕

ព័ត៌មានផ្សេងទៀត