ទីបំផុត​ក្បាល​សាកសព​យាយ​ចៅ​ពីរ​នាក់​ដែល​ឃាតករ​សម្លាប់​​រក​ឃើញ​ហើយ​

20-04-2019 9:18 am 1168

​ទីបំផុត​លលាដ៍ក្បាល សាកសព​ជនរងគ្រោះ យាយ និង​ចៅស្រី ដែល​ត្រូវបាន​ជនដៃដល់​សម្លាប់​កាត់​ក្បាល កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា នៅ​ខេត្ត​កំពង់ចាម សមត្ថកិច្ច​បាន​រកឃើញ​ហើយ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ។ សមត្ថកិច្ច​ជំនាញ​បាន​អះអាង​ថា លលាដ៍ក្បាល​ដែល​រកឃើញ​នោះ គឺ​ពិត​ជា​របស់​ជនរងគ្រោះ​ពិតមែន ...

​ក្បាល​សាកសព​យាយ និង​ចៅស្រី ដែល​ត្រូវបាន​ឃាតក​សម្លាប់ កាប់​ដាច់ចេញ​ពី​ខ្លួន រួច​យក​ទៅ​កប់​ចោល​ឆ្ងាយ​ពី​កន្លែងកើតហេតុ ក្នុង​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ​លលាដ៍ក្បាល​ហើយ នៅ​យប់​ថ្ងៃទី​១៨ ខែ​មេសា វេលា​ម៉ោង​១៧:៣០​នាទី ។​

​បើ​តាម​ស្នងការរង​ខេត្ត​កំពង់ចាម លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បាន​ប្រាប់ថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា លលាដ៍ក្បាល​ជនរងគ្រោះ ត្រូវបាន​ប្រទះឃើញ​នៅ​ក្រោយ​ផ្ទះ​របស់​ឈ្មោះ ប្រាក់ សេង​ហឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្ថិតនៅក្នុង​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពួន ចំណែក​លលាដ៍ក្បាល​ក្មេងស្រី​រងគ្រោះ ស្ថិត​នៅក្នុង​របង​ដីចម្ការ​ជាប់​ព្រំ ដែល​មាន​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ ស្ថិត​នៅ​ទិស​ខាងលិច​ឆៀង​ខាងជើង ត្រូវបាន​សត្វ​ឆ្កែ​របស់​ម្ចាស់ផ្ទះ បាន​អូស​យកទៅដាក់​ចំណុច​ខាងលើ ។​

​លោក​បញ្ជាក់ថា ឆ្លង​តាម​ការ​ធ្វើ​កោសល្យវិច្ឆ័យ​ពី​សមត្ថកិច្ច​ជំនាញ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា លលាដ៍ក្បាល​ទាំងនោះ គឺ​ពិតជា​ក្បាល​របស់​ជនរងគ្រោះ​ឈ្មោះ ពូ អូន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ និង​ចៅស្រី​ឈ្មោះ ខូវ សាវឿន អាយុ​៦​ឆ្នាំ ដែល​ត្រូវបាន​ជនល្មើស​សម្លាប់​កាប់​ក្បាល កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ពិតប្រាកដ​មែន ។​

​គូសបញ្ជាក់ថា ជនដៃដល់​ឈ្មោះ ស៊ឹម ខេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ត្រូវបាន​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ចាប់​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ក្នុងករណី​ឃាតកម្ម​ខាងលើ ។ 

​ជនដៃដល់​បាន​សារភាពថា មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ គឺ​កើតឡើង​ដោយសារ​រឿង​គំនុំ ។ យ៉ាងណាក៏ដោយ រហូតមកទល់​ពេលនេះ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ចាម និង​ត្រូវបាន​តុលាការ​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន ៕

 ពាក្យគន្លឹះ  ឃាតកម្មកាត់ក្បាល

ព័ត៌មានផ្សេងទៀត