រថភ្លើង​៤​ទូ​ជា​អំណោយ​របស់​រដ្ឋាភិបាល​ថៃ បាន​មកដល់​កម្ពុជា​ហើយ​

20-04-2019 8:10 am 567

​រថភ្លើង​ចំនួន​៤​ទូ ដែល​នឹង​ត្រូវ​ប្រគល់ជូន​ដោយ​រាជរដ្ឋាភិបាល​ថៃ បាន​បញ្ជូន​ដល់​ស្ថានីយ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ដើម្បី​សាកល្បង​និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស មុន​នឹង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ជិះ​ពី​ស្ថានីយ​បាន​ខ្លង​លឹក​របស់​ថៃ មក​ស្ថានីយ​ប៉ោយ​ប៉ែត នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ខាងមុខ ។​

​រថភ្លើង​ដឹក​អ្នកដំណើរ DMU (Diesel Multiple Unit) នេះ ផលិត​ដោយ​ក្រុមហ៊ុន Hitachi របស់​ជប៉ុន និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ ៣២០​នាក់ ។ 

​គូសបញ្ជាក់ថា នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ខាងមុខនេះ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្រោង​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង DMU ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​ថៃ ជូន​ដល់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ។​

​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ក៏​នឹង​ជិះ​រថភ្លើង​រួម​គ្នា​ពី​ស្ថានីយ​បាន​ខ្លង​លឹក មក​ស្ថានីយ​ប៉ោយប៉ែ​ត​ផងដែរ ។​

​ក្រៅពីនេះ បើ​គ្មាន​ការប្រែប្រួល​ទេ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ គ្រោង​នឹង​រៀបចំ​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​) និង​ពិធីបើកការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ៕​

ព័ត៌មានផ្សេងទៀត