លោកយឹម ស៊ីណន ស្នើអ្នកគាំទ្រអតីតCNRP កុំទាន់រិះគន់វេទិកានៅកូរ៉េខាងត្បូង

19-04-2019 1:45 pm 3082

លោកយឹម ស៊ីណន ​ប្រធាន​​ចលនា​យុវជន​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ ហើយជាគណៈកម្មការរៀបចំវេទិកាសិ​ទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងសមាជអ្នកប្រជាធិបតេយ្យខ្មែរនៅកូរ៉េខាងត្បូងនោះ បានស្នើដល់អ្នកគាំទ្រ​អតីត​បក្សសង្រ្គោះជាតិ កុំទាន់រិះគន់វេទិកាមួយនេះ ដោយរង់ចាំលទ្ធផលចុងក្រោយសិន។ ការស្នើនេះ បន្ទាប់ពីមានការរិះគន់ ទៅលើការចូលរួមរបស់លោកអ៊ូ ច័ន្ទរ័ត្ន និងលោកជីវ កត្តា អតីតមន្រ្ដីជាន់ខ្ពស់CNRP ដែលបាន​ស្នើ​សុំសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីពេលថ្មីៗនេះ ក្នុងវេទិកាសិ​ទ្ធិមនុ​ស្ស និងប្រជាធិបតេយ្យ និងសមាជអ្នកប្រជាធិបតេយ្យខ្មែរ នៅកូរ៉េខាងត្បូងនេះដែរ។

យ៉ាងណាក៏ដោយលោកយឹម ស៊ីណន បានសរសេរឆ្លើយតប នៅលើហ្វេសប៊ុករបស់ខ្លួន ថា”រឿងខ្លះអាចហួសពីសមត្ថភាពអ្នកគាំទ្រគិត ឯរឿងខ្លះទៀតយើងគិតមិនដល់នឹងមិនស៊ីជម្រៅ ដូច្នេះគួរកុំរៀនមើល​ងាយ​កិច្ច​ការ ដែលគណកម្មរៀបចំកំពុងធ្វើ គួររង់ចាំលទ្ធផលចុងក្រោយ យកមកពិនិត្យ។

ជាមួយគ្នានេះលោកយឹម ស៊ីណន ក៏បានបញ្ជាក់ដែរ ថា វេទិកាសិ​ទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងស​មាជអ្នកប្រជាធិបតេយ្យខ្មែរ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ មានវេគ្មិនចូល​រួម​សំខាន់ៗដូចជា៖លោកសម រង្សី នឹងឡើងថ្លែងការមុន ប្រកាសឆន្ទៈបញ្ជាក់មហាជន ពីភាពវិជ្ជ​មានប្រជាធិបតេយ្យ។ លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា នឹងពន្យល់លម្អិ​តអត្ថន័យ អំពីក្ដីសង្ឃឹម​ប្រ​ជា​ធិ​បតេយ្យ ជាប្រវ​ត្តិសាស្រ្តរបស់កម្ពុជា។ និងលោកគឹម សុខ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ នឹងថ្លែងអំពីការរំ​លោភសិទ្ធិសេរីភាព ព្រមទាំងការទាមទារសិទ្ធិសេរីភាព៕

 

 

 ពាក្យគន្លឹះ  លោកយឹម​ ស៊ីណនអតីតCNRP

ព័ត៌មានផ្សេងទៀត