បក្ស​មួយ​ស្នើ​អនុវត្ត​អភិក្រម​ទី​៥​លើ​មន្ត្រី​ដែល​បណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​

19-04-2019 1:29 pm 672
  ស្តាប់
ជនជាតិវៀតណាម ដែលសមត្ថកិច្ចបង្រ្កាបបាន ខណៈពួកគេប្រើគ្រឿងចក្រឈូសឆាយផ្លូវ ចូលទៅក្នុងឧទ្យានជាតិវិរៈជ័យ កាលពីថ្ងៃទី១៦ មេសា ។
ស្តាប់ជាសំឡេង

​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បាន​ប្រកាស​សាទរ​ចំពោះ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ឆ្លងដែន នៅ​ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា និង​បាន​បញ្ជាក់ថា នឹង​ស្នើ​ដល់​រាជរដ្ឋាភិបាល អនុវត្ត​អភិក្រម​ទី​៥ លើ​មន្ត្រី​វរៈ​ការពារ​ព្រំដែន​ដែល​មិន​មាន​សមត្ថភាព បណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​កម្ពុជា​-​វៀតណាម...

​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បានប្រកាស​សាទរ​ដល់​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​ជាក់ស្តែង ដោយ​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​មួយ​ចំនួន និង​គ្រឿងចក្រ កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា បើ​ទោះបី​សកម្មភាព​បទល្មើស​នោះ កំពុងស្ថិត​នៅ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ក៏ដោយ ។​

​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​១៨ ខែ​មេសា របស់​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បញ្ជាក់ថា គណបក្ស​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ទៅ​វាយតម្លៃ​ទំហំ​នៃ​ការបាត់បង់​ឈើ​ក្នុងព្រៃ​ឧទ្យាន​ជាតិ​វិរៈ​ជ័យ ដែល​សមត្ថកិច្ច​ចាប់​បាន​បទល្មើស​ជាក់ស្តែង​ខាងលើ​នោះ ដើម្បី​ធ្វើ​បញ្ជី​សារពើពន្ធ ឱ្យ​ក្រុម​ឈ្មួញ​សង​ត្រឡប់​មក​ជាតិ​វិញ ។​

​ជាងនេះទៅទៀត គណបក្ស​ក៏​នឹង​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​សិក្សា​ស្រាវជ្រាវ ស្វែងរក​តម្រុយ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី​ពាក់ព័ន្ធ ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​ស្នើសុំ​រាជរដ្ឋាភិបាល​បន្ត​អនុវត្ត​អភិក្រម​ទី​៥ ទៅលើ​មន្ត្រី​វរៈ​ការពារ​ព្រំដែន​ដែល​មិន​មាន​សមត្ថភាព បណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​កម្ពុជា​-​វៀតណាម ។​

​ក្នុង​សេចក្តីថ្លែងការណ៍ គណបក្ស​នេះ​ក៏​បាន​ស្នើ​ដល់​ពលរដ្ឋ និង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច កុំ​លួច​ចូល​កាប់​ដឹកជញ្ជូន​ព្រៃឈើ ក្រៅ​ពី​ដី​ព្រៃ​សម្បទាន​ដែល​រដ្ឋ​កំណត់​ឱ្យ ដោយ​បាន​អះអាង​ថា បើសិនជា​រកឃើញ​មាន​បទល្មើស​ប្រភេទ​នេះ​កើតឡើង គណបក្ស​នឹង​បន្ត​ស្នើ​រាជរដ្ឋាភិបាល​បញ្ជូន​មន្ត្រី​ជំនាញ​វាយតម្លៃ​ទៅលើ​ឈើ​ដែល​បាន​បាត់បង់ ហើយ​ធ្វើ​បញ្ជី​សារពើពន្ធ ដើម្បី​ប្រមូល​ពន្ធ​ចូល​រដ្ឋ​វិញ​តាមរយៈ​ឱ្យ​ក្រុមហ៊ុន ឬ​បុគ្គល​នោះ​បង់​ត្រឡប់មកវិញ ។​

​គូសបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ និង​គ្រឿងចក្រ​ធន់​ធំ​ចំនួន​៦​គ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ ធ្វើ​ផ្លូវ​ចូលទៅ​ក្នុង​ព្រៃ​ឧទ្យាន​ជាតិ​វិរយៈ​ជ័យ តាម​ច្រក​ព្រៃ​បង្គោល​លេខ​១៤ ស្ថិតក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៥០៥ ខេត្ត​រតនគិរី ជាប់​ជាមួយ​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន ៧១១ ស្រុក​ម៉រៃ ខេត្ត​កន្ទូ​ម វៀតណាម ។​

​បច្ចុប្បន្ន ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​នោះ ត្រូវបាន​ប្រគល់​ជូន​ន​គរ​បាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី ចាត់ការ​តាម​នីតិវិធី ចំណែក​គ្រឿងចក្រ​ចំនួន​៦​គ្រឿង កងរាជអាវុធហត្ថ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​រតនគិរី កំពុង​គ្រប់គ្រង​ស្ថិត​នៅ​បរិវេណ ក្រុមហ៊ុននុ​ភាព​សុភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វិរយៈ​ជ័យ ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី ៕

ព័ត៌មានផ្សេងទៀត