បន្ទាប់ពីមានការអញ្ជើញអង្គការវេទិកាសិទ្ធិមនុស្ស និងសន្តិភាពអាស៊ី(AHRPF) ប្រចាំនៅប្រទេសកូរ៉េខាងត្បូងរួចមក លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានសម្រេចចិត្តចូលរួមក្នុងវេទិកាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងសមាជអ្នកប្រជាធិបតេយ្យខ្មែរ ដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ។
លោកព្រាប កុល បានសរសេរក្នុងហ្វេសប៊ុករបស់លោក ថា គោលបំណងសំខាន់បំផុតរបស់លោក ដែលចូលរួមក្នុងវេទិកាខាងលើនេះ គឺចង់ចាប់ផ្តើមការជជែកពិភាក្សា ក្នុងចំណោមអ្នកនយោបាយ ក៏ដូចជាតួអង្គពាក់ពន័្ធសំខាន់ៗទាំងអស់ អំពីការបង្កើតវប្បធម៌នយោបាយថ្មី ដែលមានភាពសុចរិត និងដែលមិនបង្កគ្រោះថ្នាក់ដល់ជាតិ និងដែលលើកទឹកចិត្តឲ្យមានការសាមគ្គី និងឯកភាពជាតិ ក្នុងចំណោមខ្មែរ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជារូបនេះ បានសរសេរបញ្ជាក់ ថា”នេះជាបេសកកម្មដ៏លំបាក ដែលមានការប្រឈមច្រើន ហើយក៏អាចមានគ្រោះថ្នាក់ផងដែរ។ ប៉ុន្តែខ្ញុំស្ម័គ្រចិត្តប្រថុយគ្រោះថ្នាក់ ដើម្បីមានឱកាសចូលរួម បង្កើតដំណោះស្រាយគន្លឹះ សម្រាប់ប្រជាជាតិខ្មែរទាំងមូល និងដើម្បីស្វែងរកលទ្ធភាពដោះស្រាយ បញ្ហាជម្លោះនយោបាយខ្មែរបច្ចុប្បន្នផង និងដើម្បីទប់ស្កាត់ការកើតឡើងវិញដដែលៗនៃទំនាស់នយោបាយខ្មែរ ដូចដែលយើងបានឆ្លងកាត់ និងបានដឹងឮស្រាប់”៕