ឥណ្ឌូនេស៊ី​៖លោក​វី​ដូ​ដូ​ប្រកាស​ពី​ជោគជ័យ ខណៈ​គូប្រជែង​ច្រានចោល​លទ្ធផល​បោះឆ្នោត​

19-04-2019 10:45 am 707
  ស្តាប់
លោកចូកូ វីដូដូនៅខាងឆ្វេងលោកPrabowo Subianto
ស្តាប់ជាសំឡេង

​លទ្ធផល​ក្រៅផ្លូវការ នៃ​ការបោះឆ្នោត​ប្រធានាធិបតី នៃ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ពុធ បានចង្អុលបង្ហាញ ពី​ជ័យជម្នះដ៏​កក់ក្តៅ សម្រាប់​លោក​ចូកូ វី​ដូ​ដូ ដោយ​ទទួលបាន​សំឡេងគាំទ្រ នាំមុខ​លើ​គូប្រជែង គឺ​លោក Prabowo Subianto ជិត ១០ ភាគរយ​។ លទ្ធផល​មិន​ផ្លូវការ​នេះ បង្ហាញ​ពី​លទ្ធភាព​មួយ អនុញ្ញាតឲ្យ​លោកវីដូ​ដូ​ជាប់ឆ្នោត ក្លាយជា​ប្រធានាធិបតី​អាណត្តិ​ទី​ពីរ​ទៀត​។ បើទោះបីជា​លទ្ធផល​ផ្លូវការ មិនទាន់​ដល់ពេល​ត្រូវ​ប្រកាស​ក៏ដោយ ប៉ុន្តែ​លោក​វី​ដូ​ដូ បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា លោក​បានទទួល ការអបអរសាទរ​ពី​មេដឹកនាំ​នៃ​រដ្ឋ​ចំនួន ២២​រួចទៅហើយ រួម​មានដូចជា មេដឹកនាំ​ម៉ាឡេស៊ី​លោក Mahathir Mohamad និង​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan​ជាដើម​។​

​ប៉ុន្មាន​នាទី​ក្រោយ​លោក​វី​ដូ​ដូ ប្រកាស​ពី​ភាពជោគជ័យ នៅក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ធ្វើ​នៅ​ភាគខាងត្បូង​ទីក្រុង​ចា​កាតា លោក Prabowo Subianto បានរៀបចំ​សន្និសីទ​សារព័ត៌មាន ដាច់ដោយឡែក​មួយ​ដែរ​។ នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ លោក​Subianto បាន​បដិសេធ​មិន​ទទួលយក​លទ្ធផល​បោះឆ្នោត​ក្រៅផ្លូវការ​ឡើយ ហើយ​បានប្រកាស​ពី​ជ័យជម្នះ​ដូចគ្នា​។ លោក​អះអាងថា ក្រុម​របស់លោក មាន​ភស្តុតាង​បង្ហាញថា មាន​ភាពមិនប្រក្រតី​កើតឡើង នៅក្នុង​ការបោះឆ្នោត តាមរយៈ​ការលួចបន្លំ​សន្លឹកឆ្នោត​ជាច្រើន​។ ផ្អែកទៅលើ​ភស្តុតាង​នេះ អ្នកនាំពាក្យ​ម្នាក់​របស់លោក Prabowo បាន​និយាយថា នឹង​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​ធម្មនុញ្ញ ប្រសិនបើ​គណៈកម្មការ​បោះឆ្នោត បញ្ជាក់​ពី​ការទទួល​ជ័យជម្នះ របស់លោក​វី​ដូ​ដូ​។​

​ទន្ទឹមនឹងនោះ ក្រុមគាំទ្រ​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីររូប គ្រោង​រៀបចំ​ក្បួន​បាតុកម្ម​រៀងៗ​ខ្លួន ដើម្បី​គាំទ្រ និង​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ក្រៅផ្លូវការ​។ ក្រុម​អ្នកគាំទ្រ​លោក Prabowo​ថា ត្រូវ​ដង្ហែ​ក្បួន​បាតុកម្ម នៅក្នុង​ទីក្រុង​ចា​កាតា​នៅ​ថ្ងៃ​សុក្រ​នេះ​។ ប៉ុន្តែ​ប្រធាន​ប៉ូលីស​ជាតិ​លោក Tito Karnavian បាន​ព្រមាន​ប្រឆាំងនឹង​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម មិន​ថា​ជា​ការប្រមូលផ្តុំ ដើម្បី​អបអរសាទរ​ជ័យជម្នះ ឬ​ប្រមូលផ្តុំ​ធ្វើបាតុកម្ម ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោតឡើយ​។ ស្រដៀង​គ្នា​នេះដែរ មន្ត្រី​ផ្នែក​សន្តិសុខ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ចៀសវាង ប្រព្រឹត្ត​ទង្វើ​អនាធិបតេយ្យ​ណាមួយ​ដែល​រំលោភច្បាប់​។ ចំណែក​លោក​វី​ដូ​ដូ បានប្រកាសឲ្យ​អ្នកគាំទ្រ​រក្សា​ភាពស្ងប់ស្ងាត់ និង​អត់ធ្មត់​រង់ចាំ​លទ្ធផល​ផ្លូវការ ដែល​គ្រោង​ប្រកាស​នៅ​ថ្ងៃទី​២២​ខែឧសភា​ខាងមុខ​៕

 ពាក្យគន្លឹះ  ឥណ្ឌូនេស៊ីបោះឆ្នោត

ព័ត៌មានផ្សេងទៀត