លោក​​សម រង្ស៊ី​​ទៅ​ដល់​​កូរ៉េខាង​ត្បូង​​ខណៈ​​«​​បាតុកម្ម​ភ្លើង​ទៀន​»​​ចាប់​ផ្តើម​​​​​ថ្ងៃស្អែក​​

19-04-2019 10:26 am 7634
លោក សម រង្ស៊ី ពេលទៅដល់កូរ៉េខាងត្បូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។

​លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៩ មេសា ទៅដល់​ប្រទេស​កូរ៉េខាងត្បូង​ហើយ ដើម្បី​ចូលរួម​សមាជ​អ្នកប្រជាធិបតេយ្យ និង មហា​បាតុកម្ម​ភ្លើងទៀន​លើក​ទី​២​។​ជា​មហា​បាតុកម្ម ធ្វើឡើង​ក្រោម​ប្រធានបទ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស  សន្តិភាព និង ដើម្បី​ទាមទារ​ការស្តា​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើងវិញ​។​ប៉ុន្តែ​បាតុកម្ម​នេះ រដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា គ្មាន​តម្លៃ​សម្រាប់​ប្រយោជន៍​ប្រទេសជាតិ​នោះទេ​។

​តាម​ការគ្រោងទុក មហា​បាតុកម្ម​ភ្លើងទៀន​ដែល​រៀបចំឡើង​ដោយ​ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នេះ ក្នុង​ទីក្រុង​ខ្វាង​ជូ​នៃ​ប្រទេស​កូរ៉េខាងត្បូង​។​មុន​មួយថ្ងៃ​នៃ​មហា​បាតុកម្ម​ចាប់ផ្តើម​លោក សម រង្ស៊ី រួមទាំង​ថ្នាក់ដឹកនាំ​ក្រុមប្រឆាំង​ដ៏ទៃទៀត បាន​ទៅដល់​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​មហា​បាតុកម្ម​លើក​ទី​២​នេះ​។​

​ក្រៅពី​វត្តមាន​លោក សម រង្ស៊ី គឺ​ក៏​ឃើញ​ផងដែរ លោក គឹម សុខ ជា​អ្នក​អត្ថាធិប្បាយ​នយោបាយ ដែល​ទទួលបាន​សិទ្ធ​ជ្រកកោណ​នៅ​ប្រទេស​ហ្វាង​ឡង់ លោក ជុន ច័ន្ទ​បុត្រ​ជា​ថ្នាក់ដឹកនាំ និង​ជា​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី និង សកម្មជន​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​សំខាន់ៗ​មួយចំនួន​ផ្សេងទៀត​។​បើតាម​ប្រធាន​ចលនា​យុវជន​ខ្មែរ​នៅ​កូរ៉េខាងត្បូង បាន​អះអាងថា ពលរដ្ឋ​ខ្មែរ​មកពី​បណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក​នឹង​ជួបជុំគ្នា​នៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​មហា​បាតុកម្ម​ភ្លើងទៀន​លើក​ទី​២ ក្នុង​គោលបំណង​ទាមទារ​ការស្តា​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​

​យ៉ាងណាក៏ដោយ បាតុកម្ម​នៅ​ក្រៅប្រទេស​នេះ រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា គ្មាន​តម្លៃ​ណាមួយ សម្រាប់​ប្រយោជន៍​ប្រទេស​កម្ពុជា​ទេ ហើយ​រដ្ឋាភិបាល ក៏​មិនមាន​ចំណាត់ការ​លើ​ក្រុមបាតុករ​ប្រឆាំងនឹង​រដ្ឋាភិបាល​ដែរ​។​មិនមាន​ចំណាត់ ដោយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្លែង​ពន្យល់ថា រដ្ឋាភិបាល​មិន​ចង់ឃើញ​រូបភាព​ប្រទូសរ៉ាយ​រវាង​ខ្មែរ និង ខ្មែរ នៅលើ​ទឹកដី​បរទេស ព្រោះ​វា​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់ និង កិត្តិយស​ជាតិ​។​រដ្ឋាភិបាល​អាច​មានលទ្ធភាព​តាម​ផ្លូវច្បាប់ ក្នុង​កិច្ច​ចាត់វិធានការ​ដោយ​ប្រការ​ណាមួយ​ក្នុងករណី​ចាំបាច់​។

​សូម​រំឭកថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​ចលនា​យុវជន​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ធ្វើ បាតុកម្ម​ភ្លើងទៀន នៅលើ​ទឹកដី​កូរ៉េខាងត្បូង​។​កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៨ ពោល​មុន​មួយថ្ងៃ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ពួកគេ​ក៏​ធ្វើបាតុកម្ម​ភ្លើងទៀន​ម្តង​ដែរ​នៅលើ​ទឹកដី​កូរ៉េខាងត្បូង ដើម្បី​ប្រឆាំង​ការបោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី​៦ ដែល​មិនមាន​វត្តមាន​អតីត​គណបក្សប្រឆាំង​ធំជាងគេ​ចូលរួម​។ បាតុកម្ម​ភ្លើងទៀន​កាលណោះ ធ្វើឡើង​ក្រោម​ប្រធានបទ រាត្រី​តស៊ូ ដើម្បី​ប្រជាធិបតេយ្យ​កម្ពុជា​៕


ព័ត៌មានផ្សេងទៀត