លោកសុខ ឥសាន៖គណបក្សប្រជាជនរឹងមាំដោយសារសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ

18-04-2019 8:54 pm 991

លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច បានអះអាង ថា គណបក្សប្រជាជនកម្ពុជាមានភាពរឹងមាំ ដោយសារតែគណបក្សមួយនេះ មានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ហើយសាមគ្គីឯកភាពផ្ទៃក្នុងនេះទៀតសោត ក៏ជាកត្តាស្លាប់រស់របស់គណបក្ស ប្រជាជនកម្ពុជា។

លោកសុខ ឥសាន បានសរសេរនៅក្នុងគ្រុបតេលេក្រាម អ្នកសារព័ត៌មាន នាយប់ថ្ងៃទី១៨ ខែមេសានេះ ថា ប្រទេសជាតិកម្ពុជា បានសុខសន្តិភាព​ ស្ថិរភាពនយោបាយ និងសុវត្ថិភាព​សណ្តាប់ធ្នាប់សា​ធារណសង្គមល្អ​ អាស្រ័យដោយមានការដឹកនាំរបស់បក្សមួយ ដែលានមាគ៌ានយោបាយត្រឹមត្រូវ នោះគឺគណបក្សប្រជាជនកម្ពុជា​។ លោកថា គណបក្សប្រជាជនកម្ពុជារឹងមាំ ​ក៏ដោយសារគណបក្សនេះមានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ហើយសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គឺជាកត្តាស្លាប់រស់របស់គណបក្សប្រជាជនកម្ពុជា​ និងក៏ជាកត្តានាំមកនូវជ័យជំនះរបស់គណបក្ស។

អ្នកនាំពាក្យបក្សកាន់អំណាច បានសរសេរបន្ត ថា ថ្នាក់ដឹនាំគណបក្សប្រជាជនកម្ពុជា ប្រកាន់គោលកា​រណ៍រក្សាមន្ត្រីចាស់ និងបង្កើនកម្លំាងថ្មី​ ដើម្បីរួមគ្នាជាកម្លាំងសរុប ដើម្បីដោះស្រាយរាល់សភាព​ការណ៍ស្មុគ្រស្មាញ​ទាំងឡាយ ដែលបានកើតឡើងជាយថាហេតុ ហើយថា គណបក្សប្រជាជនកម្ពុជា ​គ្មានវប្បធ៌មច្របាច់ក្រូចយកទឹក ហើយបោះសំបកចោលនោះឡើយ។

​លោកសុខ ឥសាន បានសរសេរបញ្ជាក់ ថា”អាស្រ័យដោយនយោបាយទឹកត្រជាក់ត្រីកុមនេះ​ ទើបគណបក្សប្រជាជនកម្ពុជា​ ត្រូវបានប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមគាំទ្រ និងមានជំនឿលើការដឹកនាំ​ប្រទេស​មាន​សន្តិភាព​ ស្ថិរភាពយោបាយ និងសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណសង្គមល្អ​ធ្វើឲ្យប្រជាជនមានជីវភាពរីកចំរើនរុងរឿង សម្បូរសប្បាយដែលធ្វើឲ្យប្រជាជនគាំទ្រ​ បោះឆ្នោតឲ្យឈ្នះឆ្នោតជារហូតតទៅ​។ នេះ​ហើយដែលហៅថា គណបក្សប្រជាជនកម្ពុជាគឺជាមជ្ឈមណ្ឌលនៃសុខ​ដុមនីយកម្មសង្គមកម្ពុជា​។ បក្សទេវតាធ្វើអំពើល្អ​ ទទួលផលល្អ​”៕  

 

ព័ត៌មានផ្សេងទៀត