រដ្ឋបាល​លោក​ត្រាំ​ដាក់ទណ្ឌកម្ម​ថ្មី លើ​គុយបា​និង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​

18-04-2019 4:11 pm 751
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋបាល​លោក​ដូណាល់ ត្រាំ បាន​បន្ត​ដាក់ទណ្ឌកម្ម​និង​វិធានការ​ថ្មីៗ​បន្ថែម លើ​ប្រទេស​គុយបា​និង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទៀតហើយ​។ ការបន្ត​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​គុយបា ដើម្បី​ព្រមាន​ដល់​ប្រទេស​នេះ ឲ្យ​បញ្ឈប់​ការគាំទ្រ​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា រីឯ​ការបន្ត​ដាក់ទណ្ឌកម្ម លើ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡាវិ​ញ ដើម្បី​បង្កើន​សម្ពាធ​លើ​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​ឲ្យ​ចុះ​ចេញពី​តំណែង ប្រធានាធិបតី​នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ 

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា​សហរដ្ឋអាមេរិក​កំពុង​កំណត់​ទិសដៅ លើ​យោធា​របស់​ប្រទេស​គុយបា និង​សេវា​ស៊ើបការណ៍​សម្ងាត់ រួមទាំង​ក្រុមហ៊ុន​អាកាសចរណ៍​គ្រប់គ្រង​ដោយ​យោធា​, សម្រាប់​ទណ្ឌកម្ម​បន្ថែម និង​ត្រូវ​រឹតបន្តឹង​ការធ្វើដំណើរ និង​ការ​រឹតបន្តឹង​ការធ្វើ​ពាណិជ្ជកម្ម​។​

​សម្រាប់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡាវិ​ញ អាមេរិក​បាន​ដាក់ទណ្ឌកម្ម លើ​ធនាគារកណ្តាល​របស់​ប្រទេស​នេះ ដើម្បី​ហាមឃាត់​ការ​ចរាចរ​ប្រាក់​ដុល្លារ ដែល​អាមេរិក​យល់ថា​វា​មាន​សារៈសំខាន់​ក្នុង​ការរក្សា​អំណាច​របស់លោក​ម៉ា​ឌូ​រ៉ូ​។ ឆ្លើយតប​នឹង​ទណ្ឌកម្ម​នេះ លោក​ម៉ា​ឌូ​រ៉ូ​បានហៅថា ជា​រឿង​ខុសច្បាប់​ទាំងស្រុង​ហើយ​។ 

ទន្ទឹមនឹងនោះ អាមេរិក ប្រឆាំងនឹង​ការ​ដាក់ពង្រាយ​សម្ភារ​យោធា ដែល​បង្ហាញ​ពី​ការគាំទ្រ​មេដឹកនាំ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ផងដែរ​។ អាមេរិក​ចង់​សំដៅ​ទៅលើ​តួអង្គ​អន្តរជាតិ រួមមាន​ប្រទេស​រុស្ស៊ី ដែល​ថ្មីៗ​នេះ​បាន​ប្រើ​យន្តហោះ​យោធា​ដឹកទំនិញ​៣៥​តោន និង​បុគ្គលិក​១០០​នាក់​ទៅកាន់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ ចំណែក​គុយបា​ត្រូវគេ​ចោទថា បាន​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ ជាមួយនឹង​សមាជិក​កងកម្លាំង​សន្តិសុខ​រាប់ពាន់នាក់ នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដែរ​។ លោក John Bolton  ថា អាមេរិក​នឹង​ពិចារណា​សកម្មភាព​បង្កហេតុ​បែបនេះ ដែល​ជាការ​គំរាម​ដល់​សន្តិភាព​អន្តរជាតិ​និង​សន្តិសុខ​នៅក្នុង​តំបន់​។​

​យ៉ាងណាក៏ដោយ គុយបា​មិន​ចុះ​ញ៉ម​នឹង​ការព្រមាន​របស់​អាមេរិក​ឡើយ​។ គុយបា​មិន​បោះបង់ចោល​សម្ព័ន្ធមិត្ត​យូរអង្វែង គឺ​លោក​ម៉ា​ឌូ​រ៉ូ​នោះទេ​។ ប្រធានាធិបតី​គុយបា​លោក Miguel Diaz-Canel​បាន​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ថា គ្មាន​នរណាម្នាក់​នឹង​បំបែក​ពួកគេ​បានទេ មិន​ថា ដោយ​ការ​លួងលោម ឬ​ដោយ​ការប្រើប្រាស់​កម្លាំងយោធា​។ លោក​ថា គុយបា​មិន​ចុះចាញ់​ឡើយ​។ ចំណែក​ប្រធានាធិបតី វេ​ណេ​ហ្ស៊ូ​អេ​ឡា នៅតែ​រក្សា​ជំហរ​ដដែល​មិន​ចុះចាញ់​នឹង​ទណ្ឌកម្ម​អាមេរិក​ឡើយ ខណៈ​លោក​នៅតែ​រក្សាបាន​ការគាំទ្រ​ច្រើន​លើសលុប ពី​ក្រុម​យោធា​ដែល​ស្មោះស្ម័គ្រ​នឹង​គាត់​៕

ព័ត៌មានផ្សេងទៀត