បាតុកម្មពីរ​ថ្ងៃ អង់គ្លេស​ចាប់ខ្លួន​មនុស្ស​២៩០​នាក់

17-04-2019 4:43 pm 751
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមបាតុករ​រាប់ពាន់នាក់ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម បិទផ្លូវ​សំខាន់ៗ​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ត្រង់ចំណុច​Oxford Circus , Marble Arch និង​ស្ពាន Waterloo ដែល​បង្កឲ្យមាន​ចលាចល ផ្នែក​ចរាចរ​។ អ្នកខ្លះ បាន​ប្រមូលយក​ផើង​ផ្កា ដាក់​តំរៀប​កាត់​ទទឹងផ្លូវ អ្នកខ្លះ អង្គុយ រីឯ​អ្នកខ្លះ​ទៀត​បាន​ស្រាក់​ដៃ​គ្នា​បិទផ្លូវ អមដោយ​ការស្រែក​ទាមទារ និង​កាន់​ផ្ទាំង​បដា​ផ្សេងៗ​។ បាតុកម្ម បាន​ធ្វើឲ្យមាន​ការរំខា​ន​យ៉ាងធ្ងន់ធ្ងរ ដល់​ការដឹកជញ្ជូន​សាធារណៈ ព្រមទាំង​បង្ក​ការលំបាក​ដល់​អ្នកធ្វើអាជីវកម្ម​នៅក្នុង​តំបន់ និង​ក្នុង​ទីក្រុង​ឡុង​ដ៍ ដែល​ធ្វើដំណើរ​ទៅធ្វើ​ជំនួញ​ប្រចាំថ្ងៃ​របស់​ពួកគេ​។​

​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ភាពអនាធិបតេយ្យ​ក្នុង​រាជធានី ប៉ូលិស​បាន​បង្ក្រាប ដោយ​ចាប់ខ្លួន​បាតុករ​ចំនួន​២៩០​នាក់ នៅក្នុង​ការតវ៉ា​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​អង្គារ​។ ការចាប់ខ្លួន​ធ្វើ​ឡើងក​ក្រោម​ហេតុផល​ថា ក្រុមបាតុករ​បាន​ធ្វើបាតុកម្ម រំលោភច្បាប់ ធ្វើឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ និង​ធ្វើឲ្យ​រាំងស្ទះ​ផ្លូវ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​។ ការចាប់ខ្លួន​នេះ ក៏​ជា​ការព្រមាន​ដល់​ក្រុមបាតុករ​ឯទៀត ដែលមាន​គម្រោង​ធ្វើបាតុកម្ម​ពេញ​មួយ​សប្តាហ៍​នេះ​ផងដែរ​។ យ៉ាងណាក៏ដោយ មិនទាន់មាន​សេចក្តីរាយការណ៍​ថា មាន​មនុស្ស​របួស នៅក្នុង​ការតវ៉ា​នេះ​នោះទេ​។​

​គួរ​ជម្រាបជូន​ថា បាតុកម្ម​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ដឹកនាំ​ដោយ​ក្រុម​មួយ​មាន​ឈ្មោះថា​Extinction Rebellion​។ ក្រុមអ្នកតវ៉ា ទាមទា​រឲ្យរដ្ឋាភិបាល​ចាត់វិធានការ​ម៉ឹងម៉ាត់ ដើម្បី​ទប់ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ ដោយ​ត្រូវ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ឲ្យនៅ​កម្រិត​សូ​ន្យត្រឹម​ឆ្នាំ​២០២៥៕ 

 ពាក្យគន្លឹះ  អង់គ្លេសបាតុកម្ម

ព័ត៌មានផ្សេងទៀត