លោក​ត្រាំ​ជំទាស់​នឹង​ដំណោះស្រាយ បញ្ចប់​ការជាប់​ព័ន្ធ​នឹង​សង្គ្រាម​នៅ​យេមែន​

17-04-2019 4:20 pm 877
  ស្តាប់
ស្តាប់ជាសំឡេង

​សេត​វិមាន​អាមេរិក​បានឲ្យដឹង​នៅ​ថ្ងៃ​អង្គារ ពី​ការជំទាស់​របស់លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​ចំពោះ​ដំណោះស្រាយ បញ្ចប់​ការជាប់​ពាក់ព័ន្ធ​របស់​អាមេរិក ជាមួយ​អា​រ៉ាប៊ីសាអូឌីត នៅក្នុង​សង្គ្រាម​នៅ​ប្រទេស​យេមែន​។ នៅក្នុង​សារ​វេតូ​នេះ លោក​ត្រាំ​បាន​ហៅ​ដំណោះស្រាយ​នោះ ថា​ជា​រឿង​ដែល​មិនចាំបាច់ ជា​ការប៉ុនប៉ង​ដ៏​គ្រោះថ្នាក់ ដែល​ធ្វើឲ្យ​អំណាច​រដ្ឋធម្មនុញ្ញ​ចុះខ្សោយ​។​

​ដំណោះស្រាយ បញ្ចប់​ការជាប់​ព័ន្ធ​នឹង​សង្គ្រាម​នៅ​យេមែន ត្រូវបាន​សភា​អាមេរិក​អនុម័ត​នៅក្នុង​ខែ​មេសា និង​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​នៅ​ខែមីនា​។ នេះ​ជា​លើកទីមួយ​ហើយ ដែល​សភា​និង​ព្រឹទ្ធសភា គាំទ្រ​ការដោះស្រាយ​សង្គ្រាម ដែល​បង្ហាញ​ពី​ការ​រួមគ្នា រារាំង​សមត្ថភាព​របស់​ប្រធានាធិបតី ក្នុង​ការបញ្ជូន​កងទ័ព ចូលទៅ​ធ្វើ​សកម្មភាព​ក្នុងប្រទេស​យេមែន​។ 

​អ្នកគាំទ្រ​វិធានការ​ដែល​សភា​និង​ព្រឹទ្ធសភា​អនុម័ត​បាន​លើកឡើងថា យុទ្ធនាការ​ទម្លាក់​គ្រាប់បែក ពីលើ​អាកាស​របស់​អា​រ៉ាប៊ីសាអូឌីត ប្រឆាំងនឹង​ពួក​ឧទ្ទាម នៅក្នុង​ប្រទេស​យេមែន បាន​បង្កើតឲ្យមាន​វិបត្តិ​មនុស្សធ​ម៌យ៉ាង​ធ្ងន់ធ្ងរ ហើយ​ពួកគេ​ក៏បាន​រិះគន់​អា​រ៉ាប៊ីសាអូឌីត ចំពោះ​ការសម្លាប់​ជន​ស៊ីវិល​ផងដែរ​។ ពួក​អ្នកគាំទ្រ​ដំណោះស្រាយ បានលើកឡើង​ដែរថា ការជាប់​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក នៅ​យេមែន បាន​រំលោភ​លើ​តម្រូវការ​រដ្ឋធម្មនុញ្ញ ដែល​សភា​មិនមែនជា​ប្រធានាធិបតី គួរតែ​កំណត់​នៅពេលណា ដែល​ប្រទេស​នេះ​ទៅ​ធ្វើសង្គ្រាម​។​

គួរ​ជម្រាបជូន​ថា សង្គ្រាមស៊ីវិល​ដែលមាន​រយៈពេល​៤​ឆ្នាំ នៅក្នុង​ប្រទេស​យេមែន ក្រៅពី​កងទ័ព​យេមែន មាន​តួអង្គ​ប្រយុទ្ធ​មកពី​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត បាន​ចូលរួម​វាយប្រហារ​ប្រឆាំងនឹង​ពួក​ឧទ្ទាម Houthi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។ នៅក្នុង​សង្គ្រាម​នេះ អាមេរិក​បាន​ផ្តល់ប្រាក់​រាប់ពាន់​លាន​ដុល្លារ​និង អាវុធ​ឲ្យទៅ​ក្រុមចម្រុះ ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត​។ សង្គ្រាម​នេះ បានសម្លាប់​ជន​ស៊ីវិល​យ៉ាងហោចណាស់​៧ ០០០​នាក់ នៅ​ក្នុងនោះ​៦៥​ភាគរយ​បាន​ស្លាប់ ក្រោម​ការវាយប្រហារ​តាម​អាកាស​របស់​ក្រម​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត​។ សង្គ្រាម​​បាន​បង្កើត​នូវ​អ្វីដែល​អង្គការសហប្រជាជាតិ​ហៅថា ជា​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​បំផុត​របស់​ពិភពលោក​៕​

ព័ត៌មានផ្សេងទៀត