ចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃ មាន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​សរុប​ប្រមាណ​ជាង​៤​លាន​នាក់​

17-04-2019 9:07 am 655
  ស្តាប់
ស្តាប់ជាសំឡេង

​តាម​របាយការណ៍​បឋម​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត បានឱ្យដឹងថា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ មាន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត​សរុប​ប្រមាណ​ជាង​៤​លាន​នាក់ ។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថា តួលេខ​នេះ​មិនទាន់​រាប់​បញ្ចូល​ទាំង​ចំនួន​ប្រជាពលរដ្ឋ​នៅ​តាម​គោលដៅ​បន្ទាប់បន្សំ ដែល​មាន​ចំនួន​មិនតិច​ជាង​៣​លាន​នាក់ ...

​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ មាន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ដែល​បាន​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ និង​តាម​ទីកន្លែង​ប្រារព្ធ​ព្រឹត្តិការណ៍​សង្ក្រាន្ត​សំខាន់ៗ មាន​ចំនួន​សរុប​ប្រមាណ ៤.៧២៦.៦០២​នាក់ កើនឡើង ៦៧,០២% ។ 

​របាយការណ៍​វាយតម្លៃ​បឋម​របស់​ក្រសួងទេសចរណ៍​បញ្ជាក់​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ មាន​ភ្ញៀវទេសចរ​ជាតិ​សរុប​ចំនួន​ប្រមាណ ៤.៦៣៩.៣៤១ នាក់ កើនឡើង ៦៦,៤០ % និង​ភ្ញៀវ​អន្តរជាតិ សរុប​ចំនួន​ប្រមាណ ៨៣.១២៣​នាក់ កើនឡើង ៩៨,២៧% ។​

​ដោយឡែក គិត​នៅក្នុង​ថ្ងៃទី​១៤ ខែ​មេសា មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​ប្រមាណ ៨១៦.៤៩៦ នាក់ ក្នុងនោះ ភ្ញៀវ​ជាតិប្រមាណ ៧៨៣.៨៣២​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ៣២.៦៦៤​នាក់ កើនឡើង ៩,៤០% ។​

​នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​ប្រមាណ ១.៦០៩.៧២១ នាក់ ក្នុងនោះ ភ្ញៀវ​ជាតិប្រមាណ ១.៥៨២.១២៩​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ២៧.៤៧៤​នាក់ កើនឡើង ២៨,៣៣% ។​

​និង​ថ្ងៃ​ទី​១៦ ខែ​មេសា មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​ប្រមាណ ២.២៧៥.១៨៥​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ​មាន​ប្រមាណ ២.២៧៣.១៨០​នាក់ និង​ភ្ញៀវ​អន្តរជាតិ ប្រមាណ ២២.៩៨៥​នាក់ កើនឡើង​ប្រមាណ ១៥៩,៨៥% ។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ថា តួលេខ​ខាងលើ គ្រាន់តែ​ជា​ការវាយតម្លៃ​ជំហាន​ដំបូង ដែល​មិន​ទាន់​គិត​ទៅដល់​គោលដៅ​បន្ទាប់បន្សំ ដូចជា នៅ​វត្ត​អារាម សាលារៀន និង​ទីប្រជុំ​នានា ដែល​មាន​ចំនួន​មិនតិច​ជាង​៣​លាន​នាក់​ទេ ៕

ព័ត៌មានផ្សេងទៀត