មន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​​ថា ចំណាកស្រុក​​ដើម្បី​ការងារ​ បង្ហាញ​នូវ​ការ​រីកចម្រើន​​ផ្នែក​សេដ្ឋកិច្ច​​

16-04-2019 2:23 pm 3498
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​ពី​ធី​សំណេះសំណាល​ជាមួយ​កម្មករ​ចំណាកស្រុក​ប្រមាណ​ជាង​៥០០​នាក់ នៅក្នុង​ស្រុក​កំចាយមារ កាលពី​ថ្ងៃទី ១៥ មេសា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ស្តើង សុខុម បាន​លើកឡើងថា ចំណាកស្រុក​ដើម្បី​ការងារ គឺជា​ការបង្ហាញ​នូវ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ពលកម្ម និង​សេដ្ឋកិច្ច​មុខរបរ​។ លោក​ថា ការបញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុងស្រុក ជាពិសេស​ការទាញយក​ជំនាញ​ពី​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​មកជួយ​អភិវឌ្ឍន៍​ក្នុងប្រទេស​កម្ពុជា​នាពេល​អនាគត​។​

​បើតាម​លោក​ស្តើង សុខុម​ថា ពលករ​កម្ពុជា ដែល​បានធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ ទាំង​នៅ​ក្នុងប្រទេស និង​ក្រៅប្រទេស គឺជា​ចំណែក​មួយ​ដ៏​សំខាន់​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏បាន​រួមចំណែក​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស មាន​ការរីកចម្រើន​ផងដែរ​។ 

​លោក​ថា ពលករ​កម្ពុជា ដែល​ធ្វើការ​នៅ​បរទេស​ប្រមាណ​ជាង ១,២​លាន​នាក់ គឺជា​ចរន្ត​សេដ្ឋកិច្ច​មួយ ដែលមាន លក្ខណៈ​ជា​សកល គឺ​គេ​មក​ធ្វើការ​នៅក្នុង​ប្រទេស​យើង យើង​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​គេ​។ បានសេចក្តីថា យើង​ស្វែងរក​ការងារ​ដែលមាន​ប្រាក់ខែ​ខ្ពស់ ចំណែក​គេ​ក៏​មក​ធ្វើការ​នៅ​ក្នុងប្រទេស​យើង​ទៅតាម​ជំនាញ និង​សមត្ថភាព​របស់​។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​បាន​ខិតខំ​ទាក់ទាញ​វិនិយោគទុន​បរទេស​មក​បង្កើត​រោងចក្រ បង្កើត​ការងារ​ជូន​ពលរដ្ឋ​ធ្វើ គឺ​ដើម្បី​កាត់បន្ថយ​នូវ​ចំណាកស្រុក​នេះឯង​។ អ្នក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ កូរ៉េ ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហ​បុរី គឺ​ក្រៅពី​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ពេល​ត្រឡប់មកវិញ​បាន​នាំនូវ​ជំនាញ និង​បទពិសោធន៍​ការងារ​ល្អៗ​មក​ជាមួយ​ទៀតផង​។​

​លោក​ស្តើង សុខុម ក៏​ងាក​មក​និយាយ​អំពី​ការដក EBA ពី​កម្ពុជា​។ លោក​ប្រាប់​ពលករ​ទាំងអស់​កុំឲ្យ​ខ្វល់​អ្វី​ទាំងអស់ តែ​អ្វីដែល​សំខាន់ លោក​ស្តើង សុខុម ប្រាប់ថា គឺ​ត្រូវខិតខំ​ធ្វើ​ការងារ​រក្សា​ឲ្យបាន​នូវ​សុខ​ដុមនីយកម្ម​ក្នុង​រោងចក្រ ដែលជា​ឆ្នាំងបាយ​របស់​កម្មករ​៕

ព័ត៌មានផ្សេងទៀត