នាយករដ្ឋមន្រ្ដី បន្តអំពាវនាវដល់សមត្ថកិច្ច សម្រួលដល់ការធ្វើ ដំណើររបស់ពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

15-04-2019 9:58 am 387

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានបន្តអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវពង្រឹងការការពារសន្តិសុខ ក្នុងឱកាសពិធីបុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែលបានដំណើរការមួយថ្ងៃកន្លងទៅហើយ។

លោកហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី១៥ ខែមេសានេះ ថា”ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញបងប្អូនជនរួមជាតិ និងក្មួយៗ ព្រមទាំងចៅៗបានជួបជុំធ្វើបុណ្យទាន​សប្បា​យ​រីករាយជាមួយក្រុមគ្រួសារសាច់សារលោហិតជិតឆ្ងាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង។ សូមស្វាគមន៍ផងដែរ ដល់បងប្អូនខ្មែររស់នៅក្រៅប្រទេស ដែលបានធ្វើ​ដំណើរមកចូល​រួមសប្បាយ​រីក​រាយ ក្នុងថ្ងៃចូលឆ្នាំថ្មីនៅក្នុងប្រទេសជាតិ”។

ប្រមុខរាជរដ្ឋាភិបាល បានសរសេរបន្ត ថា”សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនានា បន្តយកចិត្តទុក​ដាក់ជួយ សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ នៅតាមច្រកនានា រួមទាំងព្រលានយន្តហោះ និង​ពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាព ដល់បងប្អូនប្ថរជាពលរដ្ឋ និងទេសចរ បានកំសាន្ត សប្បាយរីករាយនៅក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីនះ”។

ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក៏បានអរគុណដល់គ្រប់ខេត្តក្រុង ដែលបានរៀបចំសង្រ្កាន្តឆ្នាំថ្មី ជាមួយនឹងកម្មវិធីកំសាន្តជាច្រើន ដើម្បីផ្តល់ការសប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវ​ទេស​ចរ។ នេះក៏ជាឱកាសយុវជន-យុវនារី ព្រមទាំងទេសចរបរទេស បានស្វែងយល់កាន់តែច្រើន អំពីវប្បធម៌ និងប្រពៃណីជាតិដ៏ល្អ ឯករបស់កម្ពុជាផងដែរ៕

ព័ត៌មានផ្សេងទៀត