លោក​ម៉ា​ឌូ​រ៉ូ​​បញ្ជា​ឲ្យ​ពង្រីក​​កម្លាំង​​ឈ្លប​ការណ៍​​ខណៈ​លោក​ហ្គៃ​ដូ​​ទៅ​តំបន់​​ដាច់​ភ្លើង​

14-04-2019 2:58 pm 845
ប្រធានាធិបតីវេណេហ្ស៊ូអេឡាលោក​​នី​កូឡាស ម៉ា​ឌូ​រ៉ូ

​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា​លោកនីកូ​ឡាស ម៉ា​ឌូ​រ៉ូ​កាលពី​ថ្ងៃ​សៅរ៍ បាន​បញ្ជា​ឲ្យ​ពង្រីក​កងឈ្លប​ការណ៍​រហូតដល់​ជិត​១​លាន​នាក់ ខណៈដែល​មេដឹកនាំ​បក្សប្រឆាំង​លោក​ជូ​អាន ហ្គៃ​ដូ បាន​ធ្វើដំណើរ​ទៅ​រដ្ឋ​ភាគ​ខាងលិច ជា​តំបន់​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសា​រដាច់​ចរន្ដ​អគ្គិសនី​។ លោក​ហ្គៃ​ដូ​ជា​មេដឹកនាំ​ក្រុមប្រឆាំង​បាន​គ្រប់គ្រង​នៅ​សភា ហើយ​កាលពី​ខែមករា​លោក​បានប្រកាស​តែងតាំង​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​។ លោក​បានទាមទារ​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង ស្ថិតក្រោម​ការគាំទ្រ​ពី​អាមេរិក​និង​បណ្ដា​ប្រទេស​ប្រមាណ​៥០​ទៀត​។ 

​បច្ចុប្បន្ន​លោក​ហ្គៃ​ដូ​និង​លោក​ម៉ា​ឌូ​រ៉ូ​កំពុង​ប្រឆាំង​គ្នា និង​ចង់​ដឹកនាំ​ប្រទេស​រៀងៗ​ខ្លួន​។ លោក​ម៉ា​ឌូ​រ៉ូ​បានប្រកាស​ដាច់ខាត​មិន​ចុះចេញ​ទៅណា​ឡើយ​ព្រោះ​លោក​ជា​ប្រធានាធិបតី​ស្របច្បាប់​។ លោក​ប្ដេជ្ញា​លះបង់​ជីវិត​ការពារ​ប្រទេស និង​ស្វែងរក​វិធីសាស្ដ្រ​ដោះស្រាយ​បញ្ហា​ប្រឈម​បច្ចុប្បន្ន​។ វេ​ណេ​ហ្ស៊ូ​អេ​ឡា​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ខ្វះខាត​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​។ ប្រជាជន​រាប់លាន​នាក់​បាន​ជម្លៀស​ខ្លួន​ទៅ​ក្រៅប្រទេស​។ 

​សូមបញ្ជាក់ថា អាជ្ញាធ​រវេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ចាប់ខ្លួន​មនុស្ស​ជាង​១​ពាន់​នាក់​ហើយ បន្ទាប់ពី​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ឆ្នាំនេះ​។ មន្ដ្រីជាន់ខ្ពស់​របស់លោក​ហ្គៃ​ដូក៏​ត្រូវ​ចាប់ខ្លួន​កាលពី​ឆ្នាំមុន ហើយ​លោក​ហ្គៃ​ដូ​ផ្ទាល់​ក៏មាន​ការបញ្ជាឲ្យ​ចាប់ខ្លួន ដោយសារ​លោក​បាន​រំលោភ​លើ​បម្រាម​របស់​តុលាការ​៕

ព័ត៌មានផ្សេងទៀត