ប្រជាមតិ​លើក​ទី​ពីរ​​ស្ដីពី​​អង់គ្លេស​​ចេញពី​អឺរ៉ុប​​នៅតែ​ជា​ជម្រើស​​មួយ​ក្នុង​សភា​

13-04-2019 2:47 pm 420
​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស​Philip Hammond

​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស​បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា ការធ្វើប្រជាមតិ​ជា​លើក​ទី​ពីរ​ស្ដីពី​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប នៅតែ​អាចជា​ជម្រើស​មួយ​ដាក់​ទៅ​សភា​ដដែល ទោះបីជា​រដ្ឋាភិបាល​អង់គ្លេស​ជំទាស់​ដាច់ខា​តនឹង​ផែនការ​នេះក៏ដោយ​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​លោក​Philip Hammond​បានឲ្យដឹងថា លោក​សង្ឃឹម​សភា​អង់គ្លេស​នឹង​អាច​បំបែក​ភាពជាប់គាំង រកឃើញ​កិច្ចព្រមព្រៀង​ចាកចេញ​ពី​អឺរ៉ុប​នៅ​ចុង​ខែមិថុនា​។ បើ​ធ្វើដូច្នេះបាន​នោះ​នឹង​អាច​បញ្ចប់​ការអំពាវនាវ​ឲ្យ​រៀបចំ​ការធ្វើប្រជាមតិ​ជាថ្មី​។ ប៉ុន្ដែ​បើ​រក​កិច្ចព្រមព្រៀង​មិន​បានទេ ការរៀបចំ​ប្រជាមតិ​លើក​ទី​ពីរ​នឹង​នៅតែ​ជា​ជម្រើស​មួយ​ដដែល​។ វា​ជា​សំណើ​អាច​ពឹងផ្អែក​លើ​ភស្ដុតាង​ទាំងអស់ ដែល​ទំនង​នឹងដាក់​ទៅ​សភា​ក្នុងដំណាក់កាល​ណាមួយ​។ 

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​រដ្ឋាភិបាល​លោកស្រី​នាយករដ្ឋមន្ដ្រី​អង់គ្លេស​ថេរ៉េសា ម៉េ កំពុង​ជាប់គាំង​ក្នុង​ការស្វែងរក​កិច្ចព្រមព្រៀង​ដើរ​ចេញពី​អឺរ៉ុប ព្រោះតែ​សមាជិកសភា​អង់គ្លេស​មិន​គាំទ្រ​។ ពួកគេ​ចង់ឲ្យ​អង់គ្លេស​នៅតែ​ជា​សមាជិក​របស់​អឺរ៉ុប​ដដែល និង​ទទូច​ឲ្យ​រៀបចំ​ការធ្វើប្រជាមតិ​ជាថ្មី​ផង​៕

ព័ត៌មានផ្សេងទៀត