លោក​កឹម​សុខា​បួងសួង​ទេវតា​ឆ្នាំ​ថ្មី​កម្ចាត់​នូវ​អកុសលធម៌​ចេញពី​អ្នកនយោបាយ​ខ្មែរ​

13-04-2019 11:29 am 1784
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុងឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី ខិត​ជិត​ចូលមក​ដល់ នៅ​ព្រឹក​នេះ លោក កឹម សុខា បាន​បួងសួង​ទៅដល់​ទេវតា​ឆ្នាំ​ថ្មី ឱ្យ​ជួយ​កម្ចាត់​ចេញ​នូវ​អកុសលធម៌​ចេញពី​កាយ វាចា ចិត្ត​របស់​មនុស្ស ពិសេស​ពី​អ្នកនយោបាយ​ខ្មែរ ។ លោក​ក៏​បាន​បង្ហាញ​ក្តី​រំពឹងថា ឆ្នាំ​ថ្មី​នេះ នឹង​ក្លាយជា​ឆ្នាំ​ដែល​ខ្មែរ​វិល​មក​រក​ដំណោះស្រាយ​ជា​វិជ្ជមាន​វិញ...

​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៩ បាន​សរសេរ​ជា​សារ​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ទុ​ង្សា​ទេវី ជួយ​កម្ចាត់​ចេញពី​កាយ វាចា ចិត្ត​របស់​មនុស្ស ជាពិសេស​អ្នកនយោបាយ​ខ្មែរ នូវ​អកុសលធម៌​ទាំងឡាយ រួមមាន លោភៈ ទោសៈ មោហៈ ដូចជា ការ​លោភលន់​គ្មាន​ព្រំដែន ការរំលោភបំពាន ការគំរាមកំហែង អំពើហិង្សា ការ​មួលបង្កាច់​ចោទប្រកាន់ ការ​លាប​ពណ៌ ការជេរប្រមាថ ការ​គំគួន​សងសឹក​គ្នា ដែលជា​មូលហេតុ​នាំឱ្យ​មាន​ការឈឺ​ចាប់ ការបែកបាក់​ក្នុង​សង្គម​ជាតិ និង​នាំឱ្យ​អាប់ឱន​នូវ​តម្លៃ​ពូជសាសន៍ តម្លៃ​នៃ​អ្នកដឹកនាំ ពិសេស​កិត្យានុភាព​ជាតិ ។​

​អតីត​ប្រធាន​បក្សប្រឆាំង​រូបនេះ បន្តថា សូម​ឱ្យ​ឆ្នាំ​ថ្មី​នេះ ជា​ឆ្នាំ​សិរី​សួស្តី ឆ្នាំ​ដែល​ខ្មែរ​វិល​មក​រក​ដំណោះស្រាយ​ជា​វិជ្ជមាន​វិញ ។ លោក​ក៏​បាន​បួងសួង​ឱ្យ​ទេវតា​ឆ្នាំ​ថ្មី ប្រោស​ប្រទាន​ពរជ័យ សូមឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ រួមរស់​ជាមួយ​គ្នា​ដោយ​សុខដុមរមនា ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ រួមមាន មេត្តា ករុណា មុទិតា ឧប្បេ​ក្ខា ។​

​ជាងនេះទៅទៀត លោកក៏​បាន​បួងសួង​ឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល មាន​សុខសន្តិភាព ការរីកចម្រើន ស្ថិតស្ថេរ​គង់វង្ស​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​ជា​ម្ចាស់​ទឹកដី និង​សូម​ឱ្យ​កម្ពុជា ចាក​ផុត​ពី​គ្រោះថ្នាក់​ទាំងឡាយ ដែល​បង្ក​ដោយ​ធម្មជាតិ ឬ​ដោយ​មហិច្ឆិតា​អគតិ​របស់​មនុស្ស ។​

​គូសបញ្ជាក់ថា លោក កឹម សុខា បច្ចុប្បន្ន​កំពុងស្ថិត​នៅ​ក្នុង​ការឃុំ​ឃាំង​ខ្លួន នៅក្នុង​ផ្ទះ​របស់​លោក បន្ទាប់​ពី​មានការ​ផ្ទេរចេញ​ពី​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ។ លោក​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ទាំងយប់ នៅ​កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ក្បត់ជាតិ ។ លោក​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ អស់​រយៈពេល​១២​ខែ និង​៦​ថ្ងៃ ៕

ព័ត៌មានផ្សេងទៀត