លោក​គីម ជុង​អ៊ុន​​ទុកពេល​​ត្រឹម​ចុង​ឆ្នាំនេះ​​ឲ្យ​អាមេរិក​គិត​ឡើងវិញ​​ហើយ​ត្រូវ​ឆ្លាត​​ជាង​មុន​

13-04-2019 10:16 am 2481
  ស្តាប់
មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន
ស្តាប់ជាសំឡេង

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​និយាយថា កិច្ចពិភាក្សា​ដែល​គ្មាន​លទ្ធផល​ជាមួយ​អាមេរិក បាន​ធ្វើឲ្យមាន​ហានីភ័យ​ខ្ពស់​នៃ​ការផ្ទុះ​ភាព​តានតឹង​ឡើងវិញ ប៉ុន្ដែ​លោក​ចាប់អារម្មណ៍​ទៅលើ​កិច្ច​ជំនួប​ជាមួយ​លោក​ដូណាល់ ត្រាំ​ម្ដងទៀត ប្រសិនបើ​អាមេរិក​មាន​ឥរិយាបថ​ត្រឹមត្រូវ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​។ លោក​គីម​និយាយថា​លោក​នឹង​រង់ចាំ​មើល​រហូតដល់​ចុង​ឆ្នាំនេះ ដើម្បីឲ្យ​អាមេរិក​សម្រេចចិត្ដ​ប្រកបដោយ​ភាពឆ្លាតវៃ​សមស្រ​បតា​ម​កាលៈទេសៈ​។​

​លោក​គីម​សង្កត់ធ្ងន់​ដូច្នេះ​ថា “​អ្វីដែល​ចាំបាច់​សម្រាប់​អាមេរិក​គឺ​បញ្ឈប់​អ្វីដែល​គេ​បាន​គិតគូរ​កន្លងមក ហើយ​វិល​មក​ជជែក​គ្នា​ជាថ្មី​ជាមួយនឹង​វិធីសាស្ដ្រ​ផ្សេង​។ ក្នុង​កិច្ច​ជំនួប​នៅ​ហាណូយ​អាមេរិក​នាំមក​ជាមួយ​នូវ​ផែនការ​ដែល​គ្មាន​ហេតុផល​ច្បាស់លាស់ ហើយ​អាមេរិក​មិនបាន​ត្រៀមខ្លួន​អង្គុយ​ទល់មុខ​គ្នា​ដោះស្រាយ​បញ្ហា​ឡើយ​។ តាមរយៈ​ការគិត​របស់​អាមេរិក​ដូច្នេះ អាមេរិក​មិន​អាចធ្វើឲ្យ​យើង​ផ្លាស់ប្ដូរ​ទៅរក​គោលដៅ​រួម​បានទេ ទោះបី​អង្គុយ​ចរចា​១០០​ដង ១​ពាន់​ដង​ក៏ដោយ ក៏​មិនអាច​សម្រេច​គោលបំណង​ដែល​គេ​ចង់​បានដែរ​។ ពេលនេះ​ខ្ញុំ​នឹង​អត់ធ្មត់​ហើយ​រង់ចាំ​រហូតដល់​ចុងឆ្នាំ លើក​ទឹកចិត្ដ​ឲ្យ​អាមេរិក​សម្រេចចិត្ដ​ជាថ្មី ប៉ុន្ដែ​វា​ពិតជា​ពិបាក​នឹង​ទទួលបាន​ឱកាសល្អ​ដូច្នេះ​ទៀត​ណាស់​។​”

​ក្នុង​កិច្ច​ជំនួប​លើក​ទី​ពីរ​នៅក្នុង​ប្រទេស​វៀតណាម​ទៀតសោត បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់ ព្រោះ​អាមេរិក​ថា​កូរ៉េខាងជើង​ចង់បាន​ការដកហូត​ទណ្ឌកម្ម​ទាំងស្រុង ប៉ុន្ដែ​អាមេរិក​មិនអាច​ធ្វើតាម​សំណើ​បាន​។ ចំណែក​កូរ៉េខាងជើង​វិញ​ថា ខ្លួន​មិន​បាន​ស្នើឲ្យ​ដក​ទណ្ឌកម្ម​ទាំងស្រុង​ឡើយ គ្រាន់តែ​សុំឲ្យ​បន្ធូរបន្ថយ​ខ្លះ​ប៉ុណ្ណោះ​។ ខ្វែងគំនិត​គ្នា​លើ​បញ្ហា​នេះ​ធ្វើឲ្យ​គ្រប់​យ៉ាងត្រូវ​បរាជ័យ មេដឹកនាំ​ទាំងពី​ត្រឡប់ទៅផ្ទះ​ទាំង​ដៃ​ទទេ​។ ទាក់ទង​កិច្ច​ជំនួប​លើក​ទី​បី ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ជា​អ្នក​ប្រកាស​មុន​។ លោក​ធ្លាប់​និយាយថា​ចង់​ជួប​លោក​គីម​ម្ដងទៀត ហើយ​អាច​ធ្វើឡើង​នៅពេលណា​អាស្រ័យ​លើ​លោក​គីម​ប៉ុណ្ណោះ​។​

​គូរ​បញ្ជាក់ថា ចំណុច​ជាប់គាំង​ធំ​បំផុត​រវាង​អាមេរិក​និង​កូរ៉េខាងជើង​ពេលនេះ គឺ​ការជំរុញឲ្យ​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​មាន​ប្រសិ​ទ្ធភាព​ជាង​មុន​។ តាំងពី​ព្រមព្រៀង​ក្នុង​កិច្ច​ជំនួប​លើក​ទី​១​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១២​មិថុនា​ឆ្នាំមុន ផែនការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដើរ​ទៅមុខ​យឺតយ៉ាវ​ណាស់​។ អាមេរិក​ចង់ឲ្យ​កូរ៉េខាងជើង​ពន្លឿន​ដំណើរការ ដើម្បី​ស្វែងរក​សន្ដិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ​និង​ពិភពលោក​ទាំងមូល ប៉ុន្ដែ​កូរ៉េខាងជើង​មិន​សុខចិត្ដ​ខាតបង់​តែម្នាក់ឯ​ង​ឡើយ ប្រសិនបើ​អាមេរិក​គ្មានអ្វី​យកមក​ដោះដូរ​សោះ​នោះ​៕

ព័ត៌មានផ្សេងទៀត