ក្រោយ​ដឹកនាំ​​រដ្ឋប្រហារ​​មួយថ្ងៃ​​ប្រមុខ​យោធា​​ស៊ូដង់​​ប្រកាស​​ចុះ​ចេញ​ពី​តំណែង​

13-04-2019 9:18 am 4342
  ស្តាប់
មេដឹកនាំ​យោធា​ស៊ូដង់​លោក​Awad Ibn Auf
ស្តាប់ជាសំឡេង

​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​និង​ជា​មេដឹកនាំ​យោធា​ស៊ូដង់​លោក​Awad Ibn Auf បានប្រកាស​ចុះ​ចេញពី​តំណែង​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃ​សុក្រ គឺ​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​លោក​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី​Omar al-Bashir​ចេញពី​តំណែង​។ ក្រោយ​ប្រកាស​ចុះ​ចេញពី​តំណែង លោក​បានតែងតាំង​ឧត្ដមសេនីយ៍​Abdel Fattah Abdelrahman Burhan ឲ្យ​កាន់តំណែង​ជំនួស​លោក​។​

​ករណីនេះ​កើតឡើង​បន្ទាប់ពី​ក្រុមបាតុករ​មិន​ព្រម​ចាកចេញ​ពី​ដងផ្លូវ ហើយ​និយាយថា​មេដឹកនាំ​យោធា​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី​Bashir​។ កងទ័ព​បញ្ជាក់​នឹង​កាន់តំណែង​ពីរ​ឆ្នាំ បន្ទាប់ពីនោះ​នឹង​ផ្ទេរអំណាច​តាមរយៈ​ការបោះឆ្នោត​។ លោក​Bashir​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង បន្ទាប់ពី​មាន​ការតវ៉ា​តាំងពី​ខែធ្នូ​ឆ្នាំមុន​ជុំវិញ​បញ្ហា​តម្លៃ​ឡើងថ្លៃ​។ ក្នុង​ការតវ៉ា​មាន​មនុស្ស​យ៉ាងហោចណាស់​៣៨​នាក់​ស្លាប់បាត់​បង់ជីវិត​។ លោក​Bashir​ក៏ត្រូវ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​ចោទប្រកាន់​ពីបទ​រៀបចំ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុ​ស្សជាតិទា​ក់​ទងនឹង​ជម្លោះ​នៅ​Darfur​។​

​រីឯ​លោក​Ibn Auf​ត្រូវបានតែងតាំង​ជា​ប្រមុខ​ភ្នាក់ងារ​យោធា​ស៊ើបអង្កេត​ពិសេស អំឡុងពេល​មាន​ជម្លោះ​នៅ​តំបន់​Darfur​ក្នុង​ទសវត្ស​ឆ្នាំ​២០០០ ហើយ​អាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​លោក​ក្នុង​ឆ្នាំ​២០០៧​។ ក្រុមបាតុករ​ក្នុង​រដ្ឋធានី​Khartoum នាំគ្នា​អបអរសាទរ​នឹង​ការចុះ​ចេញពី​តំណែង​របស់លោក​Ibn Auf​។ សមាគមវិជ្ជាជីវៈ​ស៊ូដង់​ដែល​ដឹកនាំ​ការតវ៉ា បាន​និយាយថា​ការសម្រេចចិត្ដ​របស់​លោក​Ibn Auf គឺជា​ជ័យជម្នះ​សម្រាប់​ក្រុមបាតុករ​។ ពួកគេ​ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​ទៅរក​ការគ្រប់គ្រង​តាមបែប​ស៊ីវិល​វិញ មុនពេល​ពួកគេ​ត្រឡប់ទៅផ្ទះ​។​

​គួរ​ជម្រាបជូន​ថា បន្ទាប់ពី​រដ្ឋប្រហា​ររដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​ស៊ូដង់ក៏​បានប្រកា​សដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​រយៈពេល​បី​ខែ រដ្ឋធម្មនុញ្ញ​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន ព្រំដែន​ក៏ត្រូវ​បិទ​រហូត​មាន​ការជូនដំណឹង​ជាថ្មី​។ ចំណែក​ការហោះហើរ​ដែនអាកាស​ត្រូវ​បិទ​រយៈពេល​២៤​ម៉ោង​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​បានឲ្យដឹង​ដែរថា បម្រាម​គោចរ​នឹងដាក់​ចាប់ពី​ម៉ោង​១០​យប់​រហូតដល់​ម៉ោង​៤​ព្រឹក ដែល​បម្រាម​គោចរ​នេះ​ក៏ត្រូវ​ក្រុមបាតុករ​ជំទាស់​ដាច់ខាត​ដែរ​។ ការប្រឈមមុខ​ជាថ្មី​បង្ក​ជា​ក្ដីបារម្ភ​ខ្លាច​មាន​ការប៉ះទង្គិច​កើតឡើង​រវាង​ក្រុមបាតុករ​និង​យោធា ហើយក៏​អាច​កើតមាន​គ្រោះថ្នាក់​ពិតប្រាកដ​មួយ គឺ​ការប្រើ​អាវុធ​ដាក់គ្នា​រវាង​កងកម្លាំង​សន្ដិសុខ​និង​ក្រុម​ជីវពល​។ ទាំង​អង្គការសហប្រជាជាតិ​និង​សហភាព​អាហ្វ្រិក​បានចេញ​ការអំពាវនាវ​ឲ្យ​អត់ធ្មត់​ខ្ពស់​៕ 

ព័ត៌មានផ្សេងទៀត