បុរសទះកំផ្លៀង លើស្ត្រីម្នាក់ដួលដាច់ផ្ងារ បញ្ជូនទៅតុលាការហើយ

12-04-2019 10:07 pm 612

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនបុរសម្នាក់ ដែលបានបង្កហិង្សាទះកំផ្លៀងស្ត្រីម្នាក់ ឲ្យដួលអុកគូទនៅនឹងថ្នល់ ទៅតុលាការដើម្បីចាត់វិធានការបន្តទៅតាមច្បាប់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពី​បាន​សាកសួរ និងកសា​ងសំណុំរឿងចប់សព្វគ្រប់។

ប្រភពពីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹង ថា ជនសង្ស័យខាងលើ បានសារភាពដែរថា កន្លងមករូបខ្លួន ធ្លាប់ជាប់គុកព្រៃសរយៈពេល១ឆ្នាំរួចម្តងហើយ ក្នុងឆ្នាំ២០០៧-២០០៨ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត ដោ​យ​ត្រូវបានឪពុកម្ដាយបង្កើត ជាអ្នកប្ដឹងឲ្យជាប់គុក ។ សូមជម្រាប ថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណី​ហិង្សា​មួយ​កើតឡើង ដោយជនរងគ្រោះជាស្ត្រីទន់ខ្សោយ មានឈ្មោះ ថា ទូច លីនដា ត្រូវបានបុរស់ម្នាក់បានទះកំផ្លៀងនាងឱ្យដួលអុកគូទនៅនឹងថ្នល់។

បើតាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាងនិងប្អូនស្រី បានដើរចេញពីផ្ទះ ទៅផ្សារ ដើម្បីទិញបាយហូប ហើយក៏ដើរត្រឡប់មកវិញ ដល់​ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿង បានបើកយ៉ាងលឿនសំដៅមករករូបនាង ឃើ​ញដូច្នោះប្អូនស្រីរបស់នាង ក៏ស្ទុះចាប់ដៃនាងអូសគេចចេញ ពេលនោះនាងក៏បានសួរអ្នកបើករថយន្តថា បើកប្រញ៉ាប់ទៅណា? ហើយអ្នកបើករថយន្តក៏បានចុចកញ្ចក់ចុះ និងជេររូបនាងដោយពាក្យសម្តីមិនសមរម្យជាច្រើន ឭដូច្នោះនាងក៏បានជេរតបតវិញ ស្រាប់តែអ្នកបើករថយន្តនោះ ដើរមកវាយនាងចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។  បន្ទាប់មកនាងក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ។

ក្រោយពេលទទួលពាក្យបណ្តឹង អាវុធហត្ថបានបើកការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យ ក្នុងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ។ បន្ទាប់ពីការស្រាវជ្រាវរបស់​សមត្ថកិច្ចអាវុធ​ហ​ត្ថ ជនសង្ស័យបានសារភាពឲ្យដឹង ថា រូបគេមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនមួយកន្លែងនៅលើបណ្តោយផ្លូវម៉ៅសេទុង ហើយរូបគេទើបតែបម្រើការងារបាន ប្រហែល១​ខែ​ប៉ុណ្ណោះ។ រូបគេបានសារភាពទទួលកំហុសថាបានប្រើហិង្សា ដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន៕

 

 ពាក្យគន្លឹះ  អាវុធហត្ថបុរសម្នាក់

ព័ត៌មានផ្សេងទៀត