យានអវកាស​​អ៊ីស្រាអែល​​ធ្លាក់​លើ​ឋាន​​ព្រះ​ចន្ទ​​ពេល​ចុះចត​

12-04-2019 3:10 pm 495
រូបភាពដែលថតបានដោយយានអវកាសអ៊ីស្រាអែល​មុនពេលធ្លាក់

​អ៊ីស្រាអែល​ស្ទើរតែ​ទទួលជោគជ័យ​ជា​លើកដំបូង​ទៅហើយ ក្នុង​ការបញ្ជូន​យានអវកាស​ទៅ​ចុះចត​នៅ​ឋាន​ព្រះ​ចន្ទ​។ យានអវកាស​មាន​ឈ្មោះថា​Beresheet បាន​ជួប​បញ្ហា​គ្រឿង​ម៉ាស៊ីន​នៅពេល​ចុះចត ធ្វើឲ្យ​វា​ធ្លាក់​លើឋាន​ព្រះចន្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ គោលបំណង​នៃ​ការបញ្ជូន​យានអវកាស​ទៅ​ឋាន​ព្រះ​ចន្ទ​របស់​អ៊ីស្រាអែល ដើម្បី​ផ្ដិត​យក​រូបភាព​និង​ធ្វើ​ពិសោធន៍​នៅ​ទីនោះ​ផងដែរ​។ អ៊ីស្រាអែល​សង្ឃឹម​នឹង​ក្លាយជា​ប្រទេស​ទី​បួន ដែល​អាច​ចុះចត​នៅ​ឋាន​ព្រះ​ចន្ទ​បាន​បន្ទាប់ពី​រុស្ស៊ី អាមេរិក និង​ប្រទេស​ចិន តែ​បែរជា​ត្រូវ​បរាជ័យ​ទៅវិញ​។ យ៉ាងណាមិញ​នេះ​អាច​ចាត់ទុកជា​ជោគជ័យ​មួយ​ដែរ ព្រោះ​យានអវកាស​អ៊ីស្រាអែល​ក៏បាន​ទៅដល់​ឋាន​ព្រះ​ចន្ទ គ្រាន់តែ​មិនបាន​ចុះចត​ដោយ​ជោគជ័យ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា យាន​អវកាស​Beresheet​បង្កើតឡើង​ដោយ​អង្គការក្រៅរដ្ឋាភិបាល​អ៊ីស្រាអែល SpaceIL សហការ​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​អ៊ីស្រាអែល Israel Aerospace Industries​។ គម្រោង​នេះ​បាន​ចំណាយ​ប្រាក់​ចំនួន​១០០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​SpaceIL​ចេញ​រហូតដល់​៤០​លាន​ដុល្លារ​។ សល់​ប៉ុន្មាន​ទៀត​ជា​ការរួមវិភាគទានរ​បស់​បណ្ដា​វិស័យ​ឯកជន​និង​រដ្ឋ​ជាច្រើន​ទៀត​។ Beresheet​ត្រូវបាន​បាញ់​បង្ហោះ​តាមរយៈ​គ្រាប់​រ៉ុក​ក្កែ​ត​Falcon 9  កាលពី​ថ្ងៃទី​២២​កុម្ភៈ​ចេញពី​មជ្ឈមណ្ឌល​Cape Canaveral រដ្ឋ​Florida​សហរដ្ឋអាមេរិក​៕ 

ព័ត៌មានផ្សេងទៀត