ពលរដ្ឋ​ខ្មែរ​​គួរតែរួមគ្នា​​​ប្តូរ​ឥរិយាបថ​​បើកបរ​​មិន​​គោរព​​ច្បាប់​​ចេញ​

12-04-2019 2:23 pm 462
កម្មករនៅខេត្តកំពង់ស្ពឺ គ្រោះថ្នាក់ចរាចណ៍ដាច់ដៃ។រូបថតពី FB

​ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​នៅ​កម្ពុជា មិនមាន​ភាព​ធូរស្រាល​សោះឡើយ ពោលគឺ​នៅតែ​ជា​ក្ដីបារម្ភ​ពី​សំណាក់​អ្នកប្រើប្រាស់​ផ្លូវថ្នល់​គ្រប់គ្នា និង គ្រប់ពេល​ទាំងអស់​។ ជាក់ស្តែង របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ បាន​បង្ហាញថា មាន​មនុស្ស​ស្លាប់​ជាង​៥០០​នាក់ និង របួស​ចំនួន​ជាង​១៥០០​នាក់​។​តួលេខ​នេះ គឺមាន​ការកើនឡើង​បើ​ធៀប​ជាមួយ​ឆ្នាំមុន និង បាន​បង្ក​ជា​ក្តីបារម្ភ​ដល់​អ្នកអនុវត្ត​ច្បាប់​។​ការកើនឡើង​នេះ គឺ​ភាគច្រើន​បណ្តាលមកពី​ឥរិយាបថ​មិន​គោរព​ច្បាប់​របស់​អ្នកបើកបរ​ខ្មែរទូទៅ​។​

​វា​ជា​រឿង​គួរឱ្យ​សោកស្តាយ​មួយ​សម្រាប់​សង្គម​កម្ពុជា​បច្ចុប្បន្ន​ដែល​ប្រជាពលរដ្ឋនៅក្នុង​សង្គម​នេះ បាន​ស្គាល់​ពី​សុខសន្តិភាព និង ការអភិវឌ្ឍន៍​ដូច​ប្រទេស​នានា​ដែរ តែ​បែរជា​ពលរដ្ឋ​ជាច្រើន​ស្លាប់ ឬ​របួស​ពិការ​ដោយសារ​គ្រោះថ្នាក់​នៅតាម​ដងផ្លូវ​ទៅវិញ​។​ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់​ពិធីបុណ្យ​ធំៗ​ម្តងៗ ជាពិសេស​បុណ្យចូលឆ្នាំ​ខ្មែរ​ជាដើម ក្ដីបារម្ភ​ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដល់​ផ្លូវ​បាន​កើតមាន​ជា​ហូ​រហែ​។​

​ជាទូទៅ​គ្រោះថ្នាក់​ចរាចរណ៍​បាននិងកំពុង សម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ​នៅ​កម្ពុជា ច្រើនជាង​ជំងឺ​ទូទៅ​ផ្សេងៗ​ទៀត​។ បើ​គិត​ជា​មធ្យម មួយថ្ងៃ​មាន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ពី ៥ ទៅ​១១​នាក់​។ និយាយឱ្យចំ​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​ឃាតករ​សម្លាប់​មនុស្ស​ច្រើនជាងគេបង្អស់​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​។ នេះ​នៅ​មិនទាន់​រាប់បញ្ចូល​ការខូចខាត​ផ្នែក​សង្គម និង សេដ្ឋកិច្ច​ដ៏​សន្ធឹកសន្ធាប់​ផង​ទេ​។​

ស្ថាន​ភាព​នេះ​កំពុង​ក្លាយ​បញ្ហា​គួរឱ្យ​បារម្ភ​សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន ខណៈដែល​ឥរិយាបថ​ក្នុង​ការបើកបរ និង ការមិន​គោរព​ច្បាប់​របស់​ប្រជាពលរដ្ឋ ត្រូវបាន​អ្នកអនុវត្ត​ច្បាប់​យល់ថា គឺជា​កត្តា​ចម្បង​ដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​យោងតាម​ការសិក្សា ឥរិយាបថ​មិន​គោរព​ច្បាប់​មាន​ច្រើន​សណ្ឋាន​ដូចជា ការបើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ដោយ​មិន​ពាក់​មួកសុវត្ថិភាព បើកបរ​ដោយ​មិន​គោរព​សិទ្ធិ​អាទិភាព មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ ឬ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ករណី​យានយន្ត និង កត្តា​ផ្លូវថ្នល់​ជាដើម​។

​ភាពអនាធិបតេយ្យ​ក្នុង​ការធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​គឺជា​បញ្ហា​ធំធេង​ដែល​គេ​ងាយ​នឹង​មើលឃើញ និង​បាន​ជួបប្រទះ​ជា​រៀងរាល់ថ្ងៃ​។ មិនថាតែ​នៅ​ជនបទ​ឬ​ទីក្រុង​ឡើយ ជាទូទៅ អ្នកបើកបរ​មិនសូវ​គិតគូរ​ពី​ស្លាក​សញ្ញា​ចរាចរណ៍​ឬ​គំនូស​បែងចែក​ទ្រូងផ្លូវ​ឡើយ ពោលគឺ របៀប​បើកបរ​នៅ​កម្ពុជា​គឺ​ឱ្យ​តែមាន​ចន្លោះ​ត្រង់ណា គេ​ត្រូវ​រុលចូល​ទៅ​កន្លែង​នោះ​ដោយ​មិន​ខ្វាយខ្វល់​ពី​សិទ្ធិ​អាទិភាព ឬក៏​ឧបសគ្គ​នៅខាងមុខ​នោះឡើយ​។​

​ប្រសិនបើ​ទីកន្លែង​រាង​ស្ងាត់​វិញ អ្នក​កាន់ចង្កូត​យានយន្ត​នឹង​បន្ថែម​ល្បឿន​តាមចិត្ត​ចង់​ដោយ​មិន​គិតពី​ល្បឿន​កំណត់​ឬក៏​គ្រោះថ្នាក់​ជាយថាហេតុ​អ្វី​ទាំងអស់​។ ជាទូទៅ អ្នកធ្វើដំណើរ​សម្លឹងរ​ក​មើល​ភ្នាក់ងារ​ប៉ូលិស​ច្រើនជាង​មើល​ភ្លើង​ក្រហម ឬ​ស្លាក​សញ្ញា​ចរាចរណ៍ មានន័យថា ប្រសិនបើ​គ្មាន​ប៉ូលិស​ឈរ​នៅតាម​ផ្លូវ​ទេ ពួកគេ​នឹង​បន្តដំណើរ​បើទោះបីជា​ភ្លើង​ក្រហម​បាន​ឆេះ​ឡើង ឬក៏​បត់​ឆ្វេង​ទោះបីជា​មាន​ស្លាក​សញ្ញា​ហាមឃាត់​ក៏ដោយ​។​

​ដោយឡែក​អ្នករត់ម៉ូតូឌុប ឬ​កង​បី​វិញ ចូលចិត្ត​ចត​នៅត្រង់​ផ្លូវកែង និង ចត​ចូល​ជ្រៅ​មកលើ​ទ្រូងផ្លូវ​ដោយ​មិន​ខ្វល់ខ្វាយ​ពី​ការរំខាន​អ្នកធ្វើដំណើរ​ផ្សេង​ទៀតឡើយ​។ អ្នកមាន​ឡាន​ទំនើប​មួយចំនួន​ចូលចិត្ត​ចត​សម្ញែង ហើយ​មិន​ញញើត​នឹង​បំពាន​ច្បាប់​។​រីឯ​អ្នកលក់ដូរ​ចូលចិត្ត​យក​ចិញ្ចើមផ្លូវ ឬ​ទ្រូងផ្លូវ​តែម្តង​ធ្វើជា​ទីផ្សារ ខណៈដែល​យានយន្ត​បើក​ទៅមក​យ៉ាង​លឿន​។ ទាំងនេះ​ជាការ​ពិពណ៌នា​ត្រួសៗ​អំពី​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​ដងផ្លូវ​សាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទន្ទឹមគ្នានេះ កម្សោយ​នៃ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ក៏​ជា​កត្តា​ដែល​ធ្វើឱ្យ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទទួល​បរាជ័យ​ផងដែរ​។​មន្ត្រី​នៃ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាច​រណ៍ ធ្លាប់បាន​លើកឡើងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ភាគច្រើន​កើតឡើង​ដោយសារ​ការមិន​គោរព​ច្បាប់ និង ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​មាន​ភាព​ធូររលុង​។

​ម្លោះ​ហើយ​បាន​ជាថ្មីៗ​នេះ រដ្ឋាភិបាល​តាមរយៈ​ក្រសួងមហាផ្ទៃ ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពង្រឹង​វិធានការណ៍​ច្បាប់​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យមាន​ប្រសិទ្ធភាព​។​សម្រាប់​រដ្ឋាភិបាល​ប្រសិនបើ​សមត្ថកិច្ច​មិន​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ទេ ចំនួន​អ្នកស្លាប់​អាច​កើន​ដល់​ជាង​៣​ពាន់​នាក់​នៅ​ឆ្នាំ​២០២០ ហើយ​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​ជារួម​នៅពេលដែល​គ្រប់គ្នា​មិន​គោរព​ច្បាប់ ភាពអនាធិបតេយ្យ​នឹង​កើតឡើង​ជា​ស្វ័យប្រវត្តិ​។ សោកនាដកម្ម កើតឡើង​ស្របពេល​គ្នា​នោះដែរ​។​ដូច្នេះ ដំណោះស្រាយ​កាត់បន្ថយ​ពី​គ្រោះថ្នាក់​ចរាចរណ៍ គ្មានអ្វី​ក្រៅពី​ឱ្យ​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ងាក​មក​គោរព​ច្បាប់​ទាំងអស់គ្នា​នោះឡើយ​។ ការគោរព​ច្បាប់​ចរាចណ៍ ត្រូវ​ដើរ​ទន្ទឹមគ្នា​ជាមួយនឹង​ការអនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ និង​ដូច​ភ្លៀងរលឹម​ពី​អាជ្ញាធរ ទើប​សុវត្ថិភាព​លើ​ដងផ្លូវ​អាច​ធានាបាន​សម្រាប់​សង្គម​ខ្មែរ​ទូទៅ​៕

 

ព័ត៌មានផ្សេងទៀត