ប្រធានាធិបតី​​អាមេរិក​-​កូរ៉េខាងត្បូង​​ពិភាក្សា​ពី​ជំនួប​​លើក​ទី​បី​​ជាមួយ​​កូរ៉េខាងជើង​

12-04-2019 10:33 am 595
  ស្តាប់
លោកមូន​(ឆ្វេង)​​និងលោកត្រាំ​ពេលពិភាក្សានៅសេតវិមាន
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន បាន​ជួបគ្នា​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែលជា​កិច្ច​ជំនួប​លើកដំបូង​តាំងពី​ខែវិច្ឆិកា​ឆ្នាំមុន​។ ក្នុង​កិច្ច​ជំនួប​នោះ​លោក​ត្រាំ​និង​លោក​មូនបាន​ពិភាក្សាពី​ការរំលាយ​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង​។ ចាប់ផ្ដើម​កិច្ចពិភាក្សា លោក​ត្រាំ​និយាយ​ពី​កិច្ច​ជំនួប​លើក​ទី​បី ជាមួយ​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង​។ លោក​ថា​ជំនួប​លើក​ទី​បី​អាច​ចាប់ផ្ដើម​នៅពេលណា​ក៏បាន អាស្រ័យ​លើ​លោក​គីម ជុង​អ៊ុន​ប៉ុណ្ណោះ​។​

​លោក​ត្រាំ​ក៏​នៅ​រក្សា​គោលជំហរ​ទាមទារ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង រំលាយចោល​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​ដដែល ។ លោក​បន្ថែមថា “​យើង​អាច​ធ្វើការ​តាម​ជំហាន​នី​មួយៗ ប៉ុន្ដែ​នៅពេលនេះ​យើង​កំពុង​ពិភាក្សា​ពី​ដំណោះស្រាយ​ដ៏​ធំ​មួយ​។ ដំណោះស្រាយ​នេះ​គឺ​យើង​ត្រូវតែ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​” 

​ចំណែក​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង បាន​និយាយ​ឡើងវិញ​ពី​គោលបំណង​របស់លោក​ត្រាំ គឺ​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោក​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​ការរក្សា​សន្ទុះ​សន្ទនា និង​ការផ្ដល់​ក្ដីសង្ឃឹម​ដល់​ពិភពលោក​ថា កិច្ចប្រជុំ​កំពូល​លើក​ទី​បី​អាមេរិក​និង​កូរ៉េខាងជើង នឹង​ត្រូវធ្វើឡើង​នា​ពេលអនាគត​។ មុន​ជួប​លោក​ត្រាំ​លោក​គីម​ចង្អុលបង្ហាញ​ថា ការដាក់ទណ្ឌកម្ម​មួយចំនួន​លើ​កូរ៉េខាងជើង គួរតែ​ត្រូវ​បន្ធូរបន្ថយ​ដើម្បី​សម្រេច​ឲ្យបាន​នូវ​វឌ្ឍនភាព​ក្នុង​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​

​លោក​មូន​បង្ហាញ​ក្ដីសង្ឃឹ​មនឹង​ប្រើប្រាស់​កិច្ចប្រជុំ​កំពូល​នេះ ដើម្បី​ស្នើ​ឡើងវិញ​នូវ​តំបន់ឧស្សាហកម្ម Kaesong និង​តំបន់​ទេសចរណ៍ Mount Kumgang​នៅ​កូរ៉េខាងជើង​។ លោក​ត្រាំ​និយាយថា​អាមេរិក​អាច​បង្កើន​ទណ្ឌកម្ម​បាន ប៉ុន្ដែ​កាលៈទេសៈ​នេះ​លោក​មិន​ចង់​ធ្វើ​ដូច្នេះ​ទេ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍ សេត​វិមាន​បាន​និយាយថា ប្រទេស​ទាំងពីរ​បានត្រៀម​រួចជាស្រេច​ស្វែងរកជ​ម្រើ​ស​អភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​កូរ៉េខាងជើង ប្រសិនបើ​មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​ត្រូវបាន​បំពេញ​៕

ព័ត៌មានផ្សេងទៀត