ដំណើរ​ចាកចេញ​​ពី​អឺរ៉ុប​​របស់​អង់គ្លេស​​ត្រូវ​ពន្យារពេល​​ដល់​ថ្ងៃទី​៣១​តុលា​

11-04-2019 10:28 am 619
  ស្តាប់
នាយករដ្ឋមន្ដ្រីអង់គ្លេសលោកស្រីថេរ៉េសា ម៉េ
ស្តាប់ជាសំឡេង

នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោកស្រី​ថេរ៉េសា ម៉េនៅ​ថ្ងៃទី​១១​មេសា​នេះ បាន​យល់ព្រម​ទទួលយក​ការផ្ដល់ឲ្យ​របស់​អឺរ៉ុប គឺ​ផ្ដល់​ពេលវេលា​បន្ថែម​៦​ខែ​ទៀត​សម្រាប់ឲ្យ​ត្រៀមខ្លួន​ចាកចេញ​ពី​អឺរ៉ុប​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​លោក​ដូណាល់ ថាស់​។ សហភាព​អឺរ៉ុប​ដែល​នៅសល់​សមាជិក​២៧​ប្រទេស បាន​ឯកភាព​ពន្យារពេល​ចាកចេញ​របស់​អង់គ្លេស រហូតដល់​ថ្ងៃទី​៣១​ខែតុលា​ដូច្នេះ​មានន័យថា​អង់គ្លេស​មាន​ពេល​៦​ខែ​ទៀត​ដើម្បី​ត្រៀមខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ថាស់​នៅលើ​ធ្វី​ត​ទ័​រ នៅ​ចុងបញ្ចប់​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ព្រុច​សែល​កាលពី​ថ្ងៃ​១០​មេសា​។​

​ការឯកភាព​លើ​ការពន្យារពេល​ជាថ្មី​នេះ មេដឹកនាំ​អឺរ៉ុប​សង្ឃឹម​អង់គ្លេស​នឹង​អាច​ដើរចេញ​បាន​ដោយ​គ្មា​ភាពច្របូកច្របល់​ទៀត គឺអាច​ស្វែងរក​កិច្ចព្រមព្រៀង​បាន​ដោយ​ជោគជ័យ​។ អង់គ្លេស​នឹង​នៅតែ​បន្ដ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​រហូតដល់​ក្រោយ​ថ្ងៃទី​២២​ខែ​ឧសភា ហើយ​អង់គ្លេស​នឹងត្រូវ​ចូលរួម​បោះឆ្នោត​សភា​អឺរ៉ុប​។ នាយករដ្ឋមន្ដ្រី​អង់គ្លេសលោកស្រី​ម៉េ​បាន​និយាយថា អង់គ្លេស​នៅតែ​អាច​រៀបចំ​ដំណើរការ​ចាកចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី​២២​ឧសភា​។ លោកស្រី​សង្កត់ធ្ងន់ថា​អ្វីដែល​ជា​អត្ថន័យ​នៃ​ការពន្យារពេល​នេះ គឺ​ចង់ឲ្យ​អង់គ្លេស​ឆ្លងកាត់​ដំណើរកា​រដែ​លបាន​រៀបចំ​។ ប្រសិនបើ​អង់គ្លេស​អាច​ធ្វើបាន​មុន​ថ្ងៃទី​២២​ឧសភា នោះ​អង់គ្លេស​ក៏​មិនចាំបាច់​ចូលរួម​ការបោះឆ្នោត​សភា​អឺរ៉ុប​ដែរ​។​

​សូមបញ្ជាក់ថា ប្រសិនបើ​គ្មាន​ការពន្យារពេល​បន្ថែម​ទេ​អង់គ្លេស​នឹងត្រូវ​ដើរ​ចេញពី​អឺរ៉ុប​នៅ​ថ្ងៃទី​១២​មេសា​នេះហើយ ក្រោយ​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​៤៦​ឆ្នាំ​។ ក្នុង​រយៈពេល​នេះ​អង់គ្លេស​នឹង​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង ដែល​អាច​ប្រឈម​ហានិភ័យ​ខ្ពស់​លើ​វិស័យសេដ្ឋកិច្ច​។ អ៊ីចឹង​ហើយ​ទើប​អង់គ្លេស​ស្វះស្វែង​ចង់​សុំ​អឺរ៉ុប​ទុកពេល​ឲ្យ​បន្ថែម រហូត​មាន​ការសម្រេច​ពី​មេដឹកនាំ​អឺរ៉ុប​ឲ្យ​លើក​ពេល​ដល់​ថ្ងៃទី​៣១​តុលា​។ ប៉ុន្ដែ​មុន​មាន​ការព្រមព្រៀង​ដូច្នេះ ក៏មាន​ការខ្វែងគំនិត​គ្នា​ដែរ​ពិសេស​គឺ​ប្រធានាធិបតី​បារាំង​លោក​អេ​ម៉ា​នូអែល ម៉ា​ក្រុង លោក​មិន​ចង់ឲ្យ​អង់គ្លេស​ពន្យារពេល​យូរពេក​ឡើយ​។​

​ចំពោះ​កិច្ចព្រមព្រៀង​ដែល​លោកស្រី​ម៉េ​បាន​ចរចា​ជាមួយ​អឺរ៉ុប​ជា​ច្រើនសារ ត្រូវ​សមាជិកសភា​អង់គ្លេស​បោះឆ្នោត​ជំទាស់​៣​លើក​ហើយ​។ ពេលនេះ​លោកស្រី​កំពុង​រក​វិធីសាស្ដ្រ​ធ្វើ​យ៉ាងណាឲ្យ​កិច្ចព្រមព្រៀង​ទទួលបាន​ការគាំទ្រ​ពី​សមាជិកសភា មិន​អ៊ីចឹង​ទេ​អង់គ្លេស​នឹង​គ្មាន​ភាពរឹងមាំ​ឡើយ​នៅពេល​ដើរចេញ​ទៅ​រស់នៅ​តែឯង​។ ដូច​បានបញ្ជាក់​ហើយ​ថាបើ​គ្មាន​កិច្ចព្រមព្រៀង​អង់គ្លេស​នឹង​ប្រឈម​ខ្ពស់​ហានិភ័យ​សេដ្ឋកិច្ច ក្រៅពីនេះ​មាន​បញ្ហានយោបាយ សង្គម និង​សន្ដិសុខ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត