តួកគីនឹងមិនចុះញ៉មចំពោះសម្ពាធអាមេរិកឡើយ រឿងទាមទារឲ្យលុបចោលផែនការទិញប្រព័ន្ធការពារមីស៊ីលS-400ពីរុស្ស៊ីនោះ។ តួកគីនឹងបន្ដទិញបន្ថែមទៀតប្រសិនបើអាមេរិកមិនលក់ប្រព័ន្ធការពារដែនអាកាសឲ្យ ហើយម្យ៉ាងទៀតតួកគីនឹងសម្លឹងមើលជម្រើសផ្សេង ដែលអាចជំនួសយន្ដហោះចម្បាំង F-35របស់អាមេរិកផងដែរ។ រដ្ឋមន្ដ្រីការបរទេសតួកគីលោកMevlut Cavusoglu បាននិយាយនៅថ្ងៃទី១០មេសានេះថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនព្រមលក់ប្រព័ន្ធការពារដែនអាកាស ឬលុបចោលផែនការបញ្ជាទិញយន្ដហោះចម្បាំងF-35របស់តួកគី នៅមានវិធីសាស្ដ្រផ្សេងដែលស័ក្ដិសម។
លោករដ្ឋមន្ដ្រីបានបន្ថែមថា សំណើមួយដែលទីក្រុងអង់ការ៉ាបានដាក់ទៅរដ្ឋមន្ដ្រីនៃអង្គការណាតូកាលពីសប្ដាហ៍មុន ជុំវិញការបង្កើតក្រុមបច្ចេកទេសសម្រាប់ដោះស្រាយកង្វល់ប្រទេសជាសមាជិក ក្នុងការទិញប្រព័ន្ធការពារមីស៊ីលS-400ពីរុស្ស៊ី មិនបានទទួលការឆ្លើយតបជាវិជ្ជមាននោះទេ។ ប៉ុន្ដែយ៉ាងណាមិញកិច្ចព្រមព្រៀងនេះមិនអាចលុបចោលបានឡើយ ព្រោះវាបានចុះហត្ថលេខារួចរាល់ហើយ។ អ៊ីចឹងគ្រប់យ៉ាងមានតែបន្ដដំណើរទៅមុខទៀត។
កិច្ចព្រមព្រៀងដែលមានតម្លៃ២.៥ពាន់លានដុល្លារអាមេរិក ត្រូវបានឯកភាពរវាងទីក្រុងម៉ូស្គូនិងទីក្រុងអង់ការ៉ាក្នុងខែធ្នូឆ្នាំ២០១៧។ ប៉ុន្ដែតួកគីបានស្ថិតក្រោមសម្ពាធកាន់តែខ្លាំងពីអាមេរិកនិងសម្ព័ន្ធមិត្ដផ្សេងទៀតជាសមាជិកអង្គការណាតូ ដោយពួកគេទាមទារឲ្យបោះបង់កិច្ចព្រមព្រៀងទិញលក់ប្រព័ន្ធការពារមីស៊ីលS-400ជាមួយរុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោនទទូចថាប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ី មិនត្រូវគ្នាជាមួយប្រព័ន្ធរបស់ណាតូដែលមានស្រាប់ ហើយអាចប៉ះពាល់ដល់សន្ដិសុខនៃយន្ដហោះចម្បាំង F-35។ តួកគីគឺជាដៃគូមួយរបស់អាមេរិកក្នុងការអភិវឌ្ឍយន្ដហោះចម្បាំងនេះ។ អ៊ីចឹងហើយទើបអាមេរិកចង់ឲ្យតួកគីលុបចោលកិច្ចព្រមព្រៀងជាមួយរុស្ស៊ី។
កាលពីថ្ងៃទី០៩មេសាគណៈកម្មការកិច្ចការបរទេសនិងសព្វាវុធនៃព្រឹទ្ធសភាអាមេរិក បានប្រឆាំងនឹងការលក់ប្រព័ន្ធការពារមីស៊ីលS-400ឲ្យតួកគី។ គណៈកម្មការព្រមានថាបើតួកគីហ៊ានទិញនោះនឹងមានហានិភ័យចំពោះការអនុវត្ដទណ្ឌកម្ម។ សមាជិកព្រឹទ្ធសភាបាននិយាយថា នៅចុងឆ្នាំនេះតួកគីនឹងត្រូវសម្រេចចិត្ដថាគួរជ្រើសយកប្រព័ន្ធការពារមីស៊ីល S-400របស់រុស្ស៊ី ឬយន្ដហោះចម្បាំងF-35របស់អាមេរិក។ តួកគីមិនអាចជ្រើសយកទាំងពីរបានឡើយ៕