លោកអ៊ូ ច័ន្ទរ័ត្ន ចង់ឃើញមានការដោះលែងលោកកឹម សុខា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

10-04-2019 10:48 am 2713

លោកអ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្ដីនៃអតីតបក្សសង្រ្គោះជាតិ បានថ្លែង ថា រូបលោក និងប្រជាពលរដ្ឋមួយចំនួនទៀត ចង់ឃើញមានការដោះលែងលោកកឹម សុខា អតីតប្រធាននៃអតីតបក្សសង្រ្គោះជាតិ ក្នុងឱកាសពិធី​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកអ៊ូ ច័ន្ទរ័ត្ន បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន ថា ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិដែលនឹងប្រព្រឹត្តទៅនៅ ប៉ុន្មានថ្ងៃខាងមុខនេះរូបលោក ក៏ដូចជាប្រជាពលរដ្ឋខ្មែរផ្សេងទៀត ចង់ឃើញមាន​ការដោះ​លែង​លោកកឹម សុខា និងអ្នកទោស មនសិការដទៃទៀត ដើម្បីការផ្សះផ្សាជាតិ ជីវភាពប្រជាពលរដ្ឋ និងការស្តារលិទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្ស ពេញលេញឡើងវិញនៅកម្ពុជា។

អតីតមន្រ្ដីនៃអតីតបក្សសង្រ្គោះជាតិ ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីពេលថ្មីៗនេះ ក៏បានលើកឡើងដែរ ថា”ខ្ញុំនៅតែមានជំនឿលើការ ដោះស្រាយដោយខ្មែរនិងខ្មែរ ចំពោះបញ្ហាជាតិរប​ស់ខ្លួន ដែល​នឹង​ធ្វើឲ្យមានសុខសន្តិភាពយូរអង្វែង បានដូចប្រទេសជឿនលឿនដទៃ ក្នុងពិភពលោក”។

យ៉ាងណាក៏ដោយលោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច បានឲ្យដឹង​ថា នាបច្ចុប្បន្ននេះ​លោកកឹម​ សុខា​ គឺជាជនជាប់ចោទ ​ដែលស្ថិតនៅក្នុងដំណើរការនីតិវិធី របស់តុលាការ​ដែលនឹងឈានទៅបើក​សវនាការ​កាត់​ទោស​នាពេលខាងមុខ​។

អ្នកនាំពាក្សបក្សប្រជាជនកម្ពុជារូបនេះ បានសរសេរក្នុងគ្រុបតេលេក្រាមអ្នកសារព័ត៌មាន​ថា”បើមិនទាន់ត្រូវបានកាត់ទោស​កឹម​ សុខាមិនទាន់ជាទណ្ឌិតទេ​។ បើមិនទាន់ជាទណ្ឌិត​ ក៏មិនត្រូវបានបញ្ចូលឈ្មោះទៅក្នុង​បញ្ជី​នៃ​ទណ្ឌិត ដែលត្រូវស្នើសុំព្រះរាជទានលើកលែង ឬបន្ធូរបន្ថយទោសពីព្រះមហាក្សត្រដែរ​”៕  

ព័ត៌មានផ្សេងទៀត