កម្ពុជា ​ស្វាគមន៍​គម្រោង​វិនិយោគ​​រោងចក្រ​​ផលិត​សម្ភារ​សិក្សា ​និង​កីឡា​​របស់​ចិន​​

10-04-2019 10:45 am 954

​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក​ប៉ាន សូរ​ស័ក្តិ បានប្រកាស​ស្វាគមន៍ គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​សិក្សា និង​កីឡា​នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ជាពិសេស​វិស័យ​អប់រំ​ជាតិ និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សំខាន់ៗ ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​។ ការស្វាគមន៍ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា ជាមួយ​ប្រតិភូ​ធុរជន​ចិន ខេត្ត​សាន​ស៊ី ដឹកនាំ​ដោយ​លោក វ៉ាង លី​ពីង (Wang Liping) ប្រធាន​ក្រុមហ៊ុន GuangBo Group Co., Ltd និង​ជា​លេខាធិការ​គណៈកម្មកា​របក្ស នៃ​សភា​ប្រជាជន​ទី​១២ កាលពី​ថ្ងៃទី​៩ មេសា ឆ្នាំ​២០១៩​។​

​លោក ប៉ាន សូរ​ស័ក្តិ បានលើកឡើង​អំពី​សក្តានុពល នៃ​ទីតាំង​ភូមិសាស្ត្រ​កម្ពុជា គោលនយោបាយ​គាំពារ​វិនិយោគ គោលនយោបាយ អភិវឌ្ឍន៍​ឧស្សាហកម្ម គម្រោង Plus One នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ការលើកទឹកចិត្ត​ផ្សេងៗ របស់​រដ្ឋាភិបាល ចំពោះ​វិនិយោគិន​បរទេស​។​

​លោក​ប្រាប់​ទៅ​ភាគី​ចិន​ថា បច្ចុប្បន្ន កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១៩​កំពុង​ធ្វើ​ប្រតិបត្តិការ សម្រាប់​ផ្តល់ឲ្យ​វិនិយោគិន បើក​រោងចក្រ ដើម្បី​ទទួល​បានការ លើកលែង​ពន្ធលើប្រាក់ចំណេញ ៩​ឆ្នាំ អាច​គ្រប់គ្រង​ភាគហ៊ុន ១០០% ហើយ​អាច​នាំចេញ​ផលិតផល ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ (​អាស៊ាន​) អាមេរិក និង​សហគមន៍​អឺរ៉ុប​។​

​លោក​វ៉ាង លី​ពីង បាន​សន្យា​ពិនិត្យ​លទ្ធភាព ពង្រីក​ការវិនិយោគ​មក​កម្ពុជា នៅក្នុងពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម ប្រទេស​ទាំងពីរ​នៅ ក្រោម​ក្របខណ្ឌ​ខ្សែក្រវ៉ាត់​១ និង​ផ្លូវ​១​សំដៅ​រួមចំណែក បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា​ផងដែរ​៕

 ពាក្យគន្លឹះ  លោកប៉ានសូរស័ក្តិ

ព័ត៌មានផ្សេងទៀត