លោកវេង សាខុន ស្នើស្នងការក្រុងភ្នំពេញ ចាត់វិធានការចំពោះបុគ្គល ក្លែងបន្លំស្លាកលេខរដ្ឋ

09-04-2019 11:13 am 867

ភ្នំពេញ៖លោកវេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទៅលោកឧត្ដមសេនីយ៍ឯកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការ​ចំពោះ​បុគ្គល ក្លែងបន្លំស្លាកលេខរដ្ឋ១៧-២-០៨៤៥ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បំ​ពាក់លើរថយន្តផ្ទាល់ខ្លួន។

ក្នុងលិខិតរបស់លោកវេង សាខុន ផ្ញើទៅលោកស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ បានឲ្យដឹង ថា នាវេលាម៉ោង១២រំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២​០១​៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកលុចស៊ីRX-350 ពាក់ស្លាកលេខរដ្ឋ១៧-២-០៨៤៥ បានបើកបុករបាំងទ្រូងផ្លូវ នៅចំណុចមុខវត្តទួលទំពូង ស្ថិតក្នុងសង្កាត់​ទួលទំពូង​១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លិខិតរបស់លោករដ្ឋមន្រ្ដីក្រសួងកសិកម្មដដែល បានបញ្ជាក់ ថា ក្នុងករណីនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមបញ្ជាក់ ថា រថយន្តបង្កហេតុម៉ាកលុចស៊ីសRX-350ខាងលើ ពុំមែនជារ​ថយន្តរបស់​ក្រសួងក​សិ​កម្មរុក្ខាប្រមាញ់ និងនេសាទនោះ គឺជារថយន្តឯកជនក្លែងបន្លំ ស្លាកលេខរដ្ឋមកបំពាក់លើរថយន្តផ្ទាល់ខ្លួន។ 

ជាក់ស្ដែងរថយន្តរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលមានលេខស្លាករដ្ឋ១៧-២-០៨៤៥ គឺមានម៉ាកMitsubishi Pajero Sport 25L 4WD ពណ៌ស ផលិតឆ្នាំ២០១៥ ដូចមានប័ណ្ណសម្គាល់យានយន្ត ជូន​ភ្ជាប់មកជាមួយ។ ចំណែកនាពេលថ្មីៗនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សង្កេតឃើញមានរថយន្តមួយចំនួនទៀត បានបន្លំបំពាក់ស្លាកលេខរដ្ឋ១៧ ដែលរួមមាន៖រថយន្តម៉ាកAlphad ពណ៌ស​ ស្លាក​លេខ​រដ្ឋ១៧-២-០៩១៧ និងរថយន្តម៉ាកAudi ពណ៌ស ស្លាកលេខរដ្ឋ១៧-២-០៩១៩ផងដែរ។

បន្ទាប់ពីបានរៀបរាប់ខាងលើរួចមក លោកវេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ បានស្នើលោកឧត្ដមសេនីយ៍ឯកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ​ជនដែលបានក្លែងបន្លំប្រើប្រាស់ស្លាកលេខរដ្ឋ ដោយខុសច្បាប់នេះ តាមការគួរ៕

ព័ត៌មានផ្សេងទៀត