លោកហ៊ុន សែន៖សម្រាប់ឆ្នាំថ្មីរាជរដ្ឋាភិបាល បន្តធ្វើកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ តាមអភិក្រមទាំង៥

08-04-2019 10:50 pm 760

ភ្នំពេញ៖លោកនាយករដ្ឋមន្រ្ដីហ៊ុន​ សែន បានចេញសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសបុ​ណ្យ​ចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់នេះ ដោយ​លោក​ហ៊ុន សែន បានបញ្ជាក់ ថា សម្រាប់ឆ្នាំថ្មី រាជរដ្ឋាភិបាលនឹងបន្តការធ្វើកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ តាមអភិក្រម(ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់)។

នៅក្នុងសារលិខិតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ បានរំលឹក ថា ឆ្នាំចាស់ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ បានកន្លងផុតទៅ ដោយផ្លាស់ជំនួស​វិញនូវឆ្នាំថ្មី ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ទោះបីកម្ពុជាបានប្រឈម នឹងឧបសគ្គគ្រប់បែបយ៉ាងទាំងក្នុង និងក្រៅប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលបន្តកសាងប្រទេសជាតិ ឲ្យមានវឌ្ឍនភាពលើគ្រប់វិស័យ ការពារបាន​ឯក​រាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រឆាំងដាច់ខាតរាល់សកម្មភាព ដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ បង្កឲ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមជាតិកម្ពុជា។

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានរំលឹកនៅក្នុងសារលិខិតផ្ញើជូនជនរួមជាតិដដែលនេះ ថា”ជាលទ្ធផលកម្ពុជារក្សាបាន នូវសុខសន្តិភាព ឯករាជ្យជាតិ អធិបតេយ្យភាពរបស់ខ្លួន ព្រមទាំងបញ្ចៀសបាន​នូវគ្រោះ​មហន្ត​រាយ​ជាថ្មី សម្រាប់ពលរដ្ឋកម្ពុជា ដែលកំពុងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងកិច្ចអភិវឌ្ឍប្រទេសជាតិ”។

សម្រាប់ឆ្នាំថ្មីវិញលោកហ៊ុន សែន បានរៀបរាប់ថា”សម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងខិតខំពុះពារគ្រប់បែបយ៉ាងជាបន្តទៀត ដើម្បីបន្តថែរក្សាការពារស​ន្តិភាព ស្ថិរ​ភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ឲ្យកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋទាំងមូលសម្រេចបាន នាពេកន្លងទៅ”។

ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន​ បានគូសបញ្ជាក់ ថា”រាជរដ្ឋាភិបាលនឹងបន្តការធ្វើកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ តាមអភិក្រម(ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះ​កាត់)ក្នុងនោះ​មានការពង្រឹង​អភិបា​ល​កិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្ស ការកែលម្អប្រព័ន្ធអប់រំឲ្យកាន់​តែមាន​គុ​ណ​ភាពខ្ពស់ ការលើកកម្ពស់ប្រព័ន្ធការពារសង្គម ការលើកកម្ព​ស់សេវាសុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំណង់​ ផ្លូវ ស្ពាន និងធារាសាស្រ្ដ បង្កើនប្រភពថា​មពលអគ្គិសនី អភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេស​ចរណ៍ និងវិស័យកសិកម្ម ឲ្យកាន់តែរីកចំរើនថែមទៀត”៕

ព័ត៌មានផ្សេងទៀត