រដ្ឋមន្ដ្រីការបរទេសប៉ាគីស្ថានលោកShah Mehmood Qureshi បានអះអាងកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលរបស់លោកទទួលបានព័ត៌មានដែលអាចជឿទុកចិត្ដបាន គឺប្រទេសឥណ្ឌាមានផែនការរៀបចំការឈ្លានពានប្រឆាំងប៉ាគីស្ថានឆាប់ៗនេះ។ ប៉ុន្ដែឥណ្ឌាឆ្លើយតបវិញដោយចោទប្រកាន់លោកQureshi បានញុះញង់ចង់ឲ្យមានសង្គ្រាមផ្ទុះឡើង។
ទំនាក់ទំនងរវាងប្រទេសនុយក្លេអ៊ែរទាំងពីរ បានតានតឹងជាមួយគ្នាបន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែក នៅក្នុងតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌាកាលពីខែកុម្ភៈ សម្លាប់ទាហានឥណ្ឌាចំនួន៤០នាក់។ ក្រោយមកក្រុមភេរវករមានមូលដ្ឋានក្នុងប្រទេសប៉ាគីស្ថាន បានចេញមុខទទួលខុសត្រូវ។ ឥណ្ឌាក៏ចោទប្រកាន់ថាប៉ាគីស្ថានជាអ្នកផ្ដល់ការគាំទ្រដល់ក្រុមភេរវករទាំងនោះ។
ប៉ុន្ដែប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់ និងអះអាងថាខ្លួនមិនបានពាក់ព័ន្ធជាមួយការវាយប្រហារលើកងទ័ពឥណ្ឌាទេ។ នាយករដ្ឋមន្ដ្រីប៉ាគីស្ថានលោកImran Khan ប្រកាសផ្ដល់កិច្ចសហការ ក្នុងការស៊ើបអង្កេតករណីនេះផងដែរប្រសិនបើឥណ្ឌាយល់ព្រម។ យ៉ាងណាមិញការសង្ស័យនៅតែកើតមានទៅវិញទៅមកមិនទាន់បញ្ចប់បញ្ហាបានទេ។
ដោយឡែកពេលថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងMultan លោករដ្ឋមន្ដ្រីការបរទេសQureshiលើកឡើងថា អគ្គរដ្ឋទូតនៃសមាជិកអចិន្ដ្រៃយ៍ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិប្រចាំក្នុងទីក្រុងអ៊ីស្លាម៉ាបាដ បានផ្ដល់ដំណឹងពីផែនការឈ្លានពានរបស់ឥណ្ឌាពីរថ្ងៃមកហើយ។
លោកបន្ថែមដូច្នេះថា “យើងមានព័ត៌មានដែលអាចជឿជាក់បាន ឥណ្ឌាបានរៀបចំគ្រោងការថ្មីមួយ ដែលផែនការនោះកំពុងស្ថិតក្រោមការពិភាក្សា ពីឱកាសឈ្លានពានប្រឆាំងនឹងប្រទេសប៉ាគីស្ថាន ដែលអាចធ្វើឡើងចន្លោះពីថ្ងៃទី១៦ដល់ថ្ងៃទី២០មេសា។ ខ្ញុំនិយាយជាមួយនឹងការទទួលខុសត្រូវ ហើយខ្ញុំមានគោលជំហរទទួលខុសត្រូវ។ ខ្ញុំដឹងថាអ្វីដែលខ្ញុំនិយាយនឹងមានជាចំណងជើងនៅក្នុងសារព័ត៌មានអន្ដរជាតិ។” លោកQureshiសង្កត់ធ្ងន់ថា ផែនការឈ្លានពានមានគោលបំណងបង្កើនការគាបសង្កត់ផ្នែកការទូតប្រឆាំងប៉ាគីស្ថាន។
សូមរម្លឹកថា តំបន់កាស្មៀក្លាយជាតំបន់ព្រំដែនជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន តាំងពីបញ្ចប់អាណានិគមរបស់អង់គ្លេសក្នុងឆ្នាំ១៩៤៧។ ប្រទេសទាំងពីរនៅតែអះអាងទាមទារយកមកកាន់កាប់រៀងៗខ្លួន ហើយក៏បានប៉ះទង្គិចគ្នាដោយអាវុធជាច្រើនលើកច្រើនសារហើយដែរ៕