HRW ​ទាមទារ​​ជាថ្មី​​ឲ្យ​ដោះលែង​​លោក​កឹម សុខា​ នៅមុន​​ចូលឆ្នាំ​ខ្មែរ​

08-04-2019 11:14 am 2092
  ស្តាប់
ស្តាប់ជាសំឡេង

​មកដល់ពេលនេះ លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាត់បង់​សេរីភាព​រយៈពេល​ជាង​៦០០​ថ្ងៃ​មកហើយ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្ដរជាតិ (Human Rights Watch) បាន​បន្ដ​ទាមទារ​ជាថ្មី​ឲ្យ​ដោះលែង​លោក​កឹម សុខា ជាបន្ទាន់​ពី​ការចាប់​ឃុំខ្លួន​ក្នុងផ្ទះ និង​ជំរុញ​ឲ្យ​អន្ដរជាតិ​ដាក់​សម្ពាធ​បន្ថែមទៀត​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ 

​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​អន្ដរជាតិ (Human Rights Watch) កាលពីពេល​ថ្មីៗ​នេះ ក៏​ថ្កោលទោស​ផងដែរ​ ចំពោះ​ស្ថាប័ន​តុលាការ​នៅ​កម្ពុជា ថា មាន​ភាព​«​លម្អៀង​នយោបាយ​» ទៅរក​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់អំណាច ជាពិសេស​ការអូសបន្លាយ​នីតិវិធី​ស៊ើបអង្កេត​របស់​ចៅក្រម​ស៊ើបសួរ ដែល​ប្រើពេល​អស់​ជាង ១៨​ខែ​មកហើយ ប៉ុន្ដែ មិនទាន់​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​របស់ខ្លួន​នៅឡើយ​។​

​អង្គការ​អន្ដរជាតិ​មួយ​នេះ ក៏បាន​ជំរុញ​បន្ថែម​ទៅ​ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ដាក់​សំពាធ​បន្ថែមទៀត​មកលើ​រដ្ឋភិបាល​លោក​ហ៊ុន សែន ដើម្បី​ឲ្យមាន​ការដោះលែង​លោក​កឹម សុខា និង​ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​។​

​ក្នុង​សេចក្តីថ្លែងការណ៍ នាយក​អង្គការ Human Rights Watch ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​លោក Brad Adams បាន​បញ្ជាក់ថា អាជ្ញាធរ​កម្ពុជា​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ នូវ​ការឃុំខ្លួន​តាម​ទំនើងចិត្ត​បែបនេះ និង​ត្រូវតែ​ដោះលែង​លោក​កឹម សុខា​។ បើតាម​លោក Brad Adams ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រើប្រាស់​កលល្បិច​មិនសម​ស្រប​គ្រប់បែបយ៉ាង ដើម្បី​ពង្រឹង​ការគ្រប់គ្រង​បែប​ផ្តាច់ការ​ឯក​បក្ស និង​កម្ចាត់​បក្សប្រឆាំង ដែលមាន​ឥទ្ធិពល​​។​

​សូមបញ្ជាក់ថា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​កណ្តាលអធ្រាត្រ កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការចោទប្រកាន់ថា បាន​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ 

​បន្ទាប់ពី​ចាប់ខ្លួន លោក​កឹម សុខា ក៏​ត្រូវបាន​សមត្ថកិច្ច​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅឯ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម អស់​រយៈពេល​១២​ខែ ទើប​បញ្ជូនមក​ឃុំខ្លួន​នៅក្នុង​ផ្ទះ​វិញ នៅ​រាជធានី​ភ្នំពេញ រហូត​មកដល់ពេលនេះ ដោយ​ដាក់ឲ្យ​ស្ថិតក្រោម​វិធានកា​រតាមផ្លូវ​តុលាការ​មួយចំនួន ដូចជា​ហាមឃាត់​មិនឲ្យ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បរទេ​ស និង​មន្ដ្រី​បក្សប្រឆាំង​ជាដើម​៕

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត