ភ្លើង​ឆេះ​ព្រៃ​​នៅ​កូរ៉េខាងត្បូង​​ទប់ស្កាត់បាន​​ស្ទើរ​ទាំងស្រុង​​ហើយ​

08-04-2019 9:37 am 412
ក្រុមពន្លត់អគ្គីភ័យ​កំពុង​អន្ដរាគមន៍នៅតំបន់រងគ្រោះ

​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស ស្ទើរតែ​ត្រូវបាន​ទប់ស្កាត់​ទាំងស្រុង​ហើយ​។ ភ្លើង​បានចាប់ផ្ដើម​ឆាបឆេះ​នៅក្នុង​ខេត្ដ​Gangwon កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​។ ដោយសារ​មាន​កម្លាំង​ខ្យល់​ខ្លាំង​និង​ស្ងួត​ផង ធ្វើឲ្យ​ភ្លើង​ឆេះ​រាលដាល​ខ្លាំង​ក្នុង​ទំហំ​ប្រមាណ​៥៣០​ហិច​តា បំផ្លាញ​ផ្ទះសម្បែង​ប្រជាជន​១៦២​ខ្នង​។ អគ្គីភ័យ​ឆេះ​ព្រៃ​នេះ​ក៏បាន​សម្លាប់​មនុស្ស​ម្នាក់ និង​បង្ខំ​ឲ្យ​ប្រជាជន​ជម្លៀស​ខ្លួន​ប្រមាណ​៤​ពាន់​នាក់​។ ក្រុមការងារ​គ្រប់គ្រង​គ្រោះមហន្ដរាយ​បាន​និយាយថា មាន​ទាហាន​និង​អ្នក​ពន្លត់អគ្គីភ័យ​ប្រមាណ​១២,០០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​ក្នុង​តំបន់​ដែល​ត្រូវ​ប្រកាសអាសន្ន​។ ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន បានកំណត់​តំបន់​ចំនួន​៥​ដែល​រង​ផលប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ ជា​តំបន់​រងគ្រោះ​ពិសេស​អាច​ទទួលបាន​ជំនួយ​សង្គ្រោះបន្ទាន់​៕

ព័ត៌មានផ្សេងទៀត