វិធី​ផលិត​មេជី​ទឹក​ដើម្បី​ឱ្យ​ស្រូវ​លូតលាស់​ល្អ និង​ការពារ​ពី​សត្វល្អិត​ចង្រៃ​

07-04-2019 5:58 pm 574

​វត្ថុ​ធាតុ​ផ្សំ ៖
- ផ្លែឈើ​ទុំ​ពណ៌​លឿង (​ល្ហុង ចេក ល្ពៅ​) ចំនួន​៣​គីឡូក្រាម​
- ស្ករ​រងូ​១​គីឡូក្រាម​
- អង្ករ​ដំណើប​១​គីឡូក្រាម​
- ទឹកនោម​មនុស្ស​១០-២០​លីត្រ​

​សម្ភារ​ប្រើប្រាស់ និង​ការផលិត ៖
​សម្ភារ​ប្រើប្រាស់ រួមមាន ពាង កែវ ឬ​ក្រឡ ចានដែក ស្បៃ និង​កាំបិត ។​

​ដំណាក់កាល​ទី​មួយ​នៃ​ការផលិត​. យក​ផ្លែឈើ​ទាំងអស់​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ ច្របល់​ជាមួយ​ស្ករ​រងូ​ឱ្យ​សព្វ ដាក់​ក្នុង​ចានដែក រួច​ចាក់​ចូលទៅ​ក្នុង​កែវ បិទ​គម្រប​ឱ្យ​ជិត រក្សាទុក​ក្នុង​ម្លប់​ពី​១០​ទៅ​១៥​ថ្ងៃ ។ ក្នុង​មួយ​ថ្ងៃ ត្រូវ​បើក​គម្រប​ម្តង​រយៈពេល​៥​នាទី ។​

​ដំណាក់កាល​ទី​ពីរ​នៃ​ការផលិត​. យក​អង្ករដំណើប​មក​ដាំបាយ​ឱ្យ​ជ្រាយ ហើយ​ដួស​ដាក់​កញ្ច្រែង យក​ទៅ​សំដិល​ទឹកសន្សើម​រយៈពេល​ពី​៥-៧​ថ្ងៃ ។ យក​បាយដំណើប​នោះ មក​ច្របល់​ជាមួយ​ស្ករ​រងូ​ឱ្យ​សព្វ ដាក់ចូល​ក្នុង​កែវ​បិទ​គម្រប​ឱ្យ​ជិត​ពី​៧-១៥​ថ្ងៃ ។ ក្នុង​មួយ​ថ្ងៃ ត្រូវ​បើក​គម្រប​កែវ​ម្តង ធ្វើ​ដូច​ខាងលើ​ដើម្បី​ឱ្យ​ឆាប់​កាច់ ។ 

​បន្ទាប់​ពី​ទឹក​ជី​ដែល​ផលិត​ក្នុងដំណាក់កាល​ទាំង​ពីរ​កាច់​ហើយ យក​ទឹក​ជី​ទាំងនោះ មក​ច្រោះ​យក​កាក​ចេញ ហើយ​ចាក់​លាយ​បញ្ចូល​គ្នា រួច​ក្រឡុក​ឱ្យ​សព្វ​ដាក់​ក្នុង​កែវ ឬ​ក្រឡ បិទ​គ្រប​ឱ្យ​ជិត រក្សាទុក​ក្នុង​ម្លប់ ពី​៣-៥​ថ្ងៃ​ទើប​យក​ប្រើ ។​

​វិធី​ប្រើ ៖
​ដួស​យក​មេជី​ទឹក​១​កែវ ស្មើនឹង​១០០​មី​លី​លីត្រ រួច​ចាក់​ទឹកនោម​មនុស្ស​១​កែវ​បញ្ចូល​គ្នា បន្ទាប់មក ចាក់ទឹក​ធម្មតា​១៥​លីត្រ ក្រឡុក​ឱ្យ​សព្វ ទើប​អាច​យក​ទៅ​បាញ់​លើ​ដំណាំ​បាន ។ យើង​អាច​បាញ់​បាន​៣​ដង​ក្នុង​មួយជីវិត​ដំណាំ​ស្រូវ និង​បន្លែ ។​

​ដកស្រង់​ចេញពី​គេហទំព័រ សហគមន៍​សម្បូរ​សប្បាយ ៕

ព័ត៌មានផ្សេងទៀត