ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​គ្មាន​ថ្នាំ​ព្យាបាល​ទេ តែ​អាច​លុបបំបាត់​បើ​មាន​ការចូលរួម​ពី​គ្រប់ភាគី​

07-04-2019 5:09 pm 1505
  ស្តាប់
ស្តាប់ជាសំឡេង

​កាលពី​ពេល​ថ្មីៗ​នេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ជំងឺ​នេះ បានធ្វើឱ្យ​សត្វ​ជ្រូក​ប្រហែល​៤០០​ក្បាល​ស្លាប់ កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ។ មន្ត្រីជាន់ខ្ពស់​នៃ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការ​ផ្ទុះឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្ត​រតនគិរី​នេះ មិនមែន​មកពី​ការនាំ​ចូល​ជ្រូក​ពី​វៀតណាម​ទេ តែ តាម​ការសន្និដ្ឋាន​បឋម អាច​ដោយសារ​ក្រុម​ឈ្មួញ​វៀតណាម ដឹក​បន្លែ និង​សាច់​គ្រប់​ប្រភេទ​មក​លក់​ក្នុង​ខេត្ត​នេះ ទើប​ឆ្លង​ជំងឺ​ទៅ​សត្វ​ជ្រូក​នៅ​កម្ពុជា ។​ ​ជុំវិញ​ប្រធានបទ​នេះ យើង​មាន​កិច្ច​អន្តរាគមន៍ ដែល​រៀបចំ​ដោយ ទេព កោសល្យ ។ កិច្ច​អន្តរាគមន៍​នេះ នឹង​លើក​បង្ហាញ​បញ្ជាក់​ឱ្យ​កាន់តែ​លម្អិត អំពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​, ការ​ចម្លងជំងឺ​, រោគសញ្ញា ក៏ដូចជា ស្លាកស្នាម​ដើម្បី​សម្គាល់​ក្រោយ​សត្វ​ជ្រូក​ស្លាប់ ...

​មុន​នឹង​ឈាន​ចូល​ទៅ​លម្អិត យើង​ចង់​ដឹង​ថា តើ​អ្វី​ជា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​?

​ប៉េស្ត​ជ្រូក​អាហ្វ្រិក ជា​ជំងឺ​ធ្ងន់ធ្ងរ​បង្ក​ដោយ​វីរុស​លើ​ជ្រូក និង​អាច​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស នៅក្នុង​ហ្វូង​ជ្រូក​តាមរយៈ​ការចម្លង​ផ្ទាល់ ឬ​ដោយ​ប្រយោល ។ វីរុស អាច​រស់នៅ​បាន​យូរ​ក្នុង​ផលិតផល​សាច់​ជ្រូក​ដែល​មិន​បាន​ចម្អិន ដែល​ជួយ​ដល់​ការចម្លង​ទៅ​តំបន់​ថ្មី​ទៀត ។​

​ជំងឺ​នេះ អាច​កើតមាន​នៅ​លើ​សត្វ​ជ្រូក​ព្រៃ ហើយ​វដ្ត​នៃ​ការចម្លង​រវាង​សត្វ​ទាំងនេះ និង​ពពួក​ដង្កែ​ទន់ អាច​បង្ក​ជា​ភាព​សាំ​ញុំ​ា ឬ​ឈាន​ទៅ​ដល់​បង្អាក់​ការលុបបំបាត់​ជំងឺ ។ វីរុស​ប៉េស្ត​ជ្រូក​អាហ្វ្រិក បណ្តុះ​ចេញមក​ផ្សេងគ្នា ពី​ប្រភេទ​បង្ក​ជំងឺ​ធ្ងន់ធ្ងរ ដែល​អត្រា​ស្លាប់ ស្ទើរតែ​១០០%  ។ ការប្រែប្រួល​ក្នុង​ដំណើរ​ផលិតកម្ម និង​សកលភាវូបនីយកម្ម​ដែល​កើនឡើង បាន​បង្កើន​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​ទៅ​ក្នុង​តំបន់​ផ្សេងទៀត ។ 

​ហ្វូង​ជ្រូក​នៅ​ក្នុង​ប្រទេស​ម៉ា​ល់តា និង​សាធារណៈរ​ដ្ឋ​ដូ​មីនី​កាន ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ក្នុង​ពេល​ផ្ទុះ​ជំងឺ ។ នៅ​ប្រទេស​អេ​ស្ប៉ា​ញ និង​ព័រ​ទុយ​ហ្គាល់ ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​កើតមាន​នៅក្នុង​ឆ្នាំ​១៩៦០ ហើយ​ការលុបបំបាត់​ទាំងស្រុង បាន​ចំណាយពេល​លើសពី​៣០​ឆ្នាំ ។ ជំងឺ​នេះ ត្រូវបាន​នាំ​ចូល​ទៅ​តំបន់​ព្រំដែន​អាស៊ី​អឺរ៉ុប នៅ​ឆ្នាំ​២០០៧ ហើយ​បាន​ឆ្លង​រាលដាល​យ៉ាងខ្លាំង ក្នុងចំណោម​ជ្រូកព្រៃ និង​ជ្រូកស្រុក ។ វីរុស​នេះ បាន​ផ្ទុះ​នៅ​ប្រទេស​ចុង​ខាងលិច​បំផុត​នៃ​អឺរ៉ុប​ខាងកើត ហើយ​ត្រូវបាន​រកឃើញ​ក្នុង​ជ្រូកព្រៃ ក្នុង​ប្រទេស​អ៊ឺរ៉ង់ ។ យ៉ាងណាក៏ដោយ មិន​មាន​ភស្តុ​ង​តាង​ណាមួយ បង្ហាញថា វីរុស​ប៉េស្ត​ជ្រូក​អាហ្វ្រិក បង្ក​ជំងឺ​លើ​មនុស្ស​ទេ ។​

​តើ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ចម្លង​ពី​ជ្រូក​ឈឺ​ទៅ​ជ្រូក​ដែល​មិន​ឈឺ​ដោយ​ដូចម្តេច​?

​ប៉េស្ត​ជ្រូក​អាហ្វ្រិក អាច​ត្រូវបាន​ចម្លង​ដោយមាន ឬ​មិន​មាន​ដង្កែ​ជា​ភ្នាក់ងារ ។ បន្ទាប់​ពី​ការប៉ះពាល់​ផ្ទាល់​ជាមួយ​វីរុស​ប៉េស្ត​ជ្រូក​អាហ្វ្រិក វីរុស​ចូលទៅក្នុង​ខ្លួន​សត្វ​តាមរយៈ​ផ្លូវដង្ហើម​ខាង​លើ ។ វីរុស​នេះ ត្រូវ​បាន​ឃើញ​ក្នុង​ទឹក​រងៃ និង​ការ​ហៀរ​មក​ក្រៅ ដូចជា ទឹកភ្នែក​និង​ទឹកសំបោរ​នៃ​ជ្រូកស្រុក​ឈឺ ដោយ​មាន​កំហាប់​ខ្ពស់​ក្នុង​សារធាតុ​រាវ​ពី​ច្រមុះ ។​

​ដោយសារ​វីរុស​ប៉េស្ត​ជ្រូក​អាហ្វ្រិក អាច​រស់នៅ​បាន​យូរ​ក្នុង​ឈាម និង​ជាលិកា​បន្ទាប់​ពី​សត្វ​ងាប់ ដូច្នេះ ការចម្លង​អាច​កើត​មាន​តាមរយៈ​ការផ្តល់​កាកសំណល់​ចំណី ដែល​មាន​ជាលិកា​ពី​សត្វ​ឈឺ​មិន​បាន​ចម្អិន ។ របាយការណ៍​ខ្លះ បាន​លើកឡើង​ថា ការ​ស៊ី​សាច់ជ្រូក​ងាប់​ជា​អាហារ អាច​ជា​ប្រការ​សំខាន់​ក្នុង​ការចម្លង ។ លើសពីនេះ ការ​ប្រឡាក់ប្រឡូស​បរិស្ថាន​ខ្លាំង អាច​បង្ក​ការចម្លង ប្រសិន​ជា​មាន​ឈាម​ហូរ​នៅពេល​វះកាត់​សត្វ​ងាប់ ឬ​ខាំ​គ្នា ឬ​ប្រសិនជា​ជ្រូក​មាន​រាក​ឈាម ។​

​ការសិក្សា​មួយ​ចំនួន​បាន​រាយការណ៍​ថា រកឃើញ​វីរុស​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅក្នុង​ជាលិកា​ជ្រូក​ស្រុក រហូតដល់​ទៅ ៣-៦​ខែ ហើយ​ការបញ្ចេញ​វីរុស​មក​ក្រៅ​និង​ការចម្លង រហូតដល់​៧០​ថ្ងៃ ។ តែ​ការសិក្សា​ខ្លះ​បង្ហាញ​ថា ជ្រូក​មិនអាច​ចម្លង​វីរុស​ច្រើន​ជាង​មួយខែ​ទេ ។​

​ប៉េស្ត​ជ្រូក​អាហ្វ្រិក អាច​ឆ្លង​តាមរយៈ​សម្ភារៈ និង​បរិក្ខា​ដូចជា យានយន្ត​, ចំណី និង​ឧបករណ៍ ។ វីរុស​នេះ អាច​រស់នៅ​ក្នុង​លាមក​ទុក​ក្រោម​សីតុណ្ហភាព ក្នុង​បន្ទប់​បាន​២-៣​ថ្ងៃ និង​អាច​រស់នៅ​រហូតដល់​ទៅ​១១​ថ្ងៃ ដោយ​ទុក​នៅ​ក្នុង​កន្លែង​ងងឹត ។ 

​ការសិក្សា​មួយ​បានបង្ហាញ​ថា វីរុស​នៅក្នុង​ទឹកនោម នៅ​តែ​បង្ក​ការចម្លង​បានយូរ​ជាង​នៅក្នុង​លាមក ដោយ​អាច​រស់​បាន​៣​ថ្ងៃ​ក្រោម​សីតុណ្ហភាព​៣៧​អង្សា​សេ និង​១៤​ថ្ងៃ​ក្រោម​៤​អង្សា​សេ ។ វីរុស​អាច​រស់នៅ​ក្នុង​ឈាម រក្សាទុក​ក្នុង​ទឹកកក​បាន​រហូត​ដល់​មួយ​ឆ្នាំ​កន្លះ និង​១៤​ថ្ងៃ ក្រោម​៤​អង្សា​សេ ។ វា​អាច​រស់​បាន ១៥០​ថ្ងៃ​ក្នុង​សាច់​ជាប់​ឆ្អឹង​រក្សាទុក​ក្រោម​សីតុណ្ហភាព​៤​អង្សា​សេ​, ១៤០​ថ្ងៃ​ក្នុង​សាច់​ភ្លៅ​ប្រឡាក់​ស្ងួត និង​ជា​ច្រើន​ឆ្នាំ​ក្នុង​ផ្ទាំង​សាច់​បង្កក ។​

​ពពួក​សត្វល្អិត​ជញ្ជក់​ឈាម​ផ្សេងទៀត ដូចជា មូស និង​រុយ អាច​បង្ក​ការចម្លង​វីរុស​ប៉េស្ត​ជ្រូក​អាហ្វ្រិក ក្រោម​អំពើ​មេកា​និក ។ ពពួក​របោម អាច​ផ្ទុក​វីរុស​កម្រិត​ខ្ពស់ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​បឺត​ឈាម​ពី​ជ្រូក​ឈឺ ។​

​តើ​រី​វុ​ស​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ អាច​រំងាប់ ឬ​សម្លាប់​មេរោគ​បានដែរ​ទេ​?

​ថ្នាំ​រំងាប់​មេរោគ ភាគច្រើន​មិន​មាន​ប្រសិទ្ធភាព​សម្លាប់​វីរុស​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ ដូច្នេះ នៅពេល​ប្រើ​ថ្នាំ​រំងាប់​មេរោគ ត្រូវ​យក​តែ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​លើ​វីរុស ។ សាច់​ដែល​មិន​បាន​កែច្នៃ ត្រូវ​តែ​ដុត​កម្តៅ​យ៉ាងហោចណាស់​៣០​នាទី ក្រោម​សីតុណ្ហភាព​៧០​អង្សា​សេ ដើម្បី​បង្អាក់​សកម្មភាព​វីរុស​ប៉េស្ត​ជ្រូក​អាហ្វ្រិក ចំណែក​សេរ៉ូម និង​វត្ថុ​រាវ​ក្នុង​ខ្លួន កម្តៅ​៣០​នាទី​ក្រោម​សីតុណ្ហភាព​៦០​អង្សា​សេ អាច​គ្រប់គ្រាន់ ។ វីរុស​នេះ អាច​ត្រូវ​បង្អាក់​សកម្មភាព​នៅ​ក្រោម​ប៉េហាស​តូច​ជាង​៣,៩ ឬ​ធំ​ជាង​១១,៥ ។​

​អ្វី​ជា​រោគសញ្ញា របស់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​?

​មុន​នឹង​យើង​និយាយ​អំពី​រោគសញ្ញា ខ្ញុំ​ចង់​បង្ហាញ​អំពី​រយៈពេល​សំងំ​រោគ​ជាមុនសិន ។ រយៈពេល​សំងំ​រោគ មាន​នៅ​ចម្លោះ​ពី​៥​ទៅ​២១​ថ្ងៃ បន្ទាប់​ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជ្រូក​ឈឺ តែ​វា​អាច​តិចជាង​៥​ថ្ងៃ បន្ទាប់ពី​ត្រូវ​ដង្កែ​ខាំ ។ ចំពោះ​ជំងឺ​ស្រួចស្រាវ អាច​កើតមាន​ក្នុង​រយៈពេល​៣​ទៅ​៧​ថ្ងៃ ។​

​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក អាច​កើត​ក្នុង​សណ្ឋាន​ស្រួចស្រាវ​ខ្លាំង​, ស្រួចស្រាវ​, មិន​ស្រួចស្រាវ និង​រុំ​ា​រ៉ៃ ។ ចំពោះ​សត្វ​ខ្លះ អាច​នឹង​មាន​អង់ទីគ័រ ដោយ​មិន​មាន​រោគសញ្ញា ។​

​ការ​ងាប់​ភ្លាមៗ ត្រូវបាន​កំណត់ថា ជា​ទម្រង់​ស្រួចស្រាវ​ខ្លាំង ដោយ​មាន​ស្លាកស្នាម​តិចតួច អាច​ជា​សញ្ញា​ដំបូង​នៃ​ការចម្លង​នៅក្នុង​ហ្វូង ។ 

​ករណី​ស្រួចស្រាវ ត្រូវបាន​កំណត់​ដោយ​គ្រុនក្តៅ​, មិន​ស៊ី​ចំណី​, នៅ​ស្ងៀម​, ខ្សោយ​, ដេក​ដួល និង​មាន​កន្ទួល​ក្រហម ។ ជ្រូក​ខ្លះ មាន​ស្បែក​ជាំ​ផ្ទាំង​ស្វាយ ពិសេស​លើ​ត្រចៀក​, កន្ទុយ​, ជើង​ផ្នែក​ខាងក្រោម ឬ​ភ្លៅ ។ ជ្រូក​អាច​រាក​, ទល់​លាមក និង​ឈឺពោះ ។ អាការៈរាក អាចមាន​សំបោរ​លើកដំបូង បន្ទាប់មក មាន​លាយ​ឈាម ។ អាច​មាន​រោគសញ្ញា នៃ​ការ​ហូរឈាម​ក្នុង​សរីរាង្គ រួមបញ្ចូល​ទាំង​ការ​ហូរ​ឈាម​តាម​ច្រមុះ និង​ក្នុង​ស្បែក ។

សត្វ​ផើម តែងតែ​រលូត ក្នុង​ករណី​ខ្លះ ការ​លូត​កូន អាច​ជា​សញ្ញា​ដំបូង​នៃ​ការផ្ទុះ​ជំងឺ ។ ការស្លាប់ អាច​កើតមាន​នៅក្នុង​រយៈពេល​៧​ទៅ​១០​ថ្ងៃ ។​

​ករណី​មិន​ស្រួចស្រាវ បង្ក​ដោយ​ប្រភេទ​វីរុស​មិន​សាហាវ មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ទម្រង់​ស្រួចស្រាវ តែ​រោគសញ្ញា​មិនសូវ​ធ្ងន់ធ្ងរ​ទេ ។ ការ​រលូត​អាច​ជា​សញ្ញា​ដំបូង ។ គ្រុ​នក្តៅ​, ការថយចុះ​នៃ​គោ​លិកាស និង​ត្រុំ​បូ​ស៊ីត អាច​នឹង​មិន​សូវ​ធ្ងន់ធ្ងរ តែ ការ​ហូរ​ឈាម​ក្នុង​សរីរាង្គ អាច​កើតមាន​នៅពេល​ដែល​ត្រុំ​បូ​ស៊ីត​ថយចុះ ។ ជ្រូក​ដែល​ឈឺ ភាគច្រើន​ងាប់​ក្នុង​រយៈពេល​៣​ទៅ​៤​សប្តាហ៍ ។​

​ចំពោះ​ករណី​រុំ​ា​រ៉ៃ ជ្រូក​ដែល​ឈឺ អាច​មាន​គ្រុនក្តៅ​តិចតួច​ម្តងម្កាល​, ស្គម និង​មិន​លូតលាស់​ចំពោះ​សត្វ​ខ្លះ ។ ជ្រូក​ខ្លះ មាន​បញ្ហា​ផ្លូវដង្ហើម និង​ហើម​សន្លាក់ ។ ការ​ក្អកមាន​ជាទូទៅ ហើយ​មាន​រា​ក និង​ក្អួត​ម្តង​ម្កាល ។ ដំបៅ និង​ក្រហម​ស្បែក ឬ​ក្រ​ម៉​ស្បែក អាច​កើតមាន​នៅ​លើ​ដងខ្លួន និង​កន្លែង​ផ្សេង​ទៀត ដែល​នឹង​ក្លាយ​ជា​របួស ។ សត្វ​អាច​ស្លាប់​បាន​នៅ​ក្នុង​ទម្រង់​រុំ​ា​រ៉ៃ ។​

​អ្វី​ជា​ស្លាកស្នាម​របួស ក្រោយពេល​សត្វ​ស្លាប់ ?

​សាកសព​សត្វ ច្រើន​ស្ថិតក្នុង​ស្ថានភាព​ល្អ បើ​វា​ងាប់​ដោយ​សណ្ឋាន​ស្រួចស្រាវ ។ វា​អាច​មាន​ស្នាម​ជាំ​ខៀវ ឬ​ជាំ​ឈាម​នៅលើ​ស្បែក និង​សញ្ញា​រាក​ឈាម ឬ​ការ​ហូរឈាម​ផ្សេងទៀត​នៅ​សរីរាង្គ​ខាងក្នុង ។ ស្លាកស្នាម​ចំបង​នៅលើ​សរីរាង្គ​ខាងក្នុង ជាការ​ហូរឈាម ហើយ​កើត​មាន​ស្ទើរតែ​ដូចគ្នា​នៅលើ​លំពែង​, ក្រពេញ​ទឹករងៃ​, តម្រង​នោម និង​បេះដូង ។​

​សត្វ​ដែល​ឈឺ​ដោយ​ជំងឺ​រុំ​ា​រ៉ៃ សាកសព​មាន​សភាព​ស្គម ។ ស្លាកស្នាម​ផ្សេងទៀត​ដែល​អាច​កើតឡើង មានការ​ងាប់​កោសិកា​ស្បែក​នៅ​ចំណុច​ណាមួយ​, ដំបៅ​ស្បែក​, ក្លែប​សួត​, រលាក​សួត​, រលាក​ស្រោម​បេះដូង​, សួត​ជាប់​ស្អិត និង​ហើម​សន្លាក់ ។ កូន​ដែល​រលូត អាច​ហើមប៉ោង និង​មាន​ស្នាម​ជាំ​លើ​ថ្លើម ។ វា​មាន​ស្នាម​អុជ​តូចៗ ឬ​ជាំ​លើ​ស្បែក និង​សាច់ដុំ​បេះដូង ។ ស្នាម​អុជ​តូចៗ អាច​ឃើញ​មាន​នៅ​លើ​សុក ។​

​តើ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក យើង​អាច​ព្យាបាល​បាន​ទេ​?

​ពិតណាស់ មិន​មាន​ការព្យាបាល​សម្រាប់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្រៅពី​ផ្តល់​ការថែទាំ​ទ្រទ្រង់​ទេ អ្វី​ដែល​កសិករ​អ្នក​ចិញ្ចឹម​ជ្រូក​អាចធ្វើ​បាន គឺ​ការចូលរួម​បង្ការ​និង​ទប់ស្កាត់ ។​

​ត្រូវ​រាយការណ៍​អំពី​ជំងឺ បើសិន​ជា​បាន​ជួប ឬ​សង្ស័យ​ជំងឺ​នេះ ទៅ​ភ្នាក់ងារ​បសុពេទ្យ​មាន​សមត្ថកិច្ច ដែល​នៅ​ជិត​ជាបន្ទាន់ ឬ​ទូរស័ព្ទ​ទៅកាន់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ តាមរយៈ​លេខ ០១២ ២១ ៤៩ ៧០ ។ ត្រូវ​ពង្រឹង​ការអង្កេត​តាមដាន​ព័ត៌មាន​ពី​ប្រទេសជិតខាង ពិសេស​ប្រទេស​ដែល​មាន​ផលិតកម្ម​ជ្រូក​ធំៗ ។​

​បច្ចុប្បន្ន ជំងឺ​នេះ​មិន​មាន​វ៉ាក់សាំង​ទេ ដូច្នេះ ការអនុវត្ត​វិធាន​ជីវ​សុវត្ថិភាព​ឱ្យបាន​តឹងរ៉ឹង​នៅ​កន្លែង​ចិញ្ចឹម ដោយ​កម្រិត​កុំឱ្យ​មាន​ការធ្វើ​ទស្សនៈ​នៅ​កន្លែង​ចិញ្ចឹមសត្វ ។ សម្រាប់​បុគ្គលិក​ត្រូវ​ផ្លាស់ប្តូរ​សម្លៀកបំពាក់​, ស្បែកជើង មុន​ចូល​ធ្វើការ​ក្នុង​កសិដ្ឋាន និង​ចៀស​ដាច់ខាត​នូវ​ការប្រើប្រាស់​សាច់ជ្រូក ឬ​ផលិតផល​ដែល​មាន​ដើមកំណើត​ពី​ជ្រូក​សម្រាប់​ធ្វើជា​ចំណី​ឱ្យ​ជ្រូក ។​

​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ជា​ប្រភេទ​ជំងឺ​មួយ​ដែល​មាន​ការលំបាក​ក្នុង​ការលុបបំបាត់ ប្រសិន​បើ​ជំងឺ​នេះ បាន​ឆ្លង​ចូល​ក្នុង​ប្រទេស​ណាមួយ ដូច្នេះ ផលវិបាក​នឹងមាន​ខ្លាំង ហើយ​វា​ក៏​នឹង​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ផលិតកម្ម​ជ្រូក​របស់​ប្រទេស​នោះ​ទាំងមូល ។ ការចូលរួម​របស់​គ្រប់ភាគី ដែល​មាន​វិស័យ​ឯកជន​, រដ្ឋ និង​កសិករ​ទូទៅ ទើប​មាន​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់ និង​លុបបំបាត់​ជំងឺ​នេះ​បាន ៕

ព័ត៌មានផ្សេងទៀត